ជាតិ
កម្ពុជា​និង​កូរ៉េខាងត្បូង​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ក្នុង​ខែវិច្ឆិកា​
22, Oct 2019 , 3:31 pm        
រូបភាព
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់
​សេ​អ៊ូ​ល​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កូរ៉េ និង​អាស៊ាន​មេគង្គ​នា​ចុងខែ​វិច្ឆិកា​ក្រោយនេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ក្រៅពី​ជំនួប​កំពូល​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​គ្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ហើយ​ភាគី​ទាំងពីរ​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយចំនួន​ផងដែរ​។ សម្តេច ហ៊ុន សែន ក៏​គ្រោង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅក្នុង​ប្រទេស​កូរ៉េ​ផងដែរ​។​



​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​គ្រោង​ចូលរួម​ក្នុងជំនួប​កំពូល​ខួប​៣០​ឆ្នាំ​នៃ​កិច្ចសន្ទនា​អាស៊ាន​-​កូរ៉េ និង​មេគង្គ​កូរ៉េ នៅ​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ក្រោយនេះ​ក្នុង​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េ លោក ឡុង ឌី​ម៉​ង់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រៅពី​ដំណើរការ​កិច្ចប្រជុំ​កំពូល​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន និង​លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ក៏មាន​គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ដើម្បី​ជជែក​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ​។​

​នៅពេលនេះ ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួងការបរទេស​កម្ពុ​ជា​កំពុង​រៀបចំ​ឯកសារ​មួយចំនួន​ដើម្បី​ដាក់ជូន​មេដឹកនាំ​ទាំងពីរ​ពិនិត្យ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ឯកអគ្គរាជទូត ដោយបាន​បន្ត​យ៉ាង​ដូច្នេះ​៖«​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួលបាន​មកដល់ពេលនេះ មាន​ឯកសារ​មួយចំនួន ដែល​កូរ៉េ​បានស្នើ​សុំ ហើយក​ម្ព​ជា​ក៏​ស្នើសុំ ដែល​ភាគី​ទាំងពីរ នឹង​ឯកភាពគ្នា​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ​សម្រេច និង​អាចមាន​ការចុះហត្ថលេខា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នោះ ។ ឯកសារ​ខ្លះ​នឹង​ផ្តល់​ផលប្រយោជន៍​ជំរុញ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​»​។​

​បើតាម​ការអះអាង​រប​ស់លោក ឡុង ឌី​ម៉​ង់ ដដែល តម្លៃ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ មាន​ទំហំ​១០០០​លាន​ដុល្លារ​ហើយ គ្រាន់តែ​ថា​ជញ្ជីងពាណិជ្ជកម្ម​នេះ​នៅ​មិនទាន់មាន​តុល្យភាព​។​

«​កម្ពុជា​នាំចូល​មក​សាធារណរដ្ឋ​កូរ៉េ​ប្រហែល​៣០​ភាគរយ ដែលមាន​តម្លៃ​ប្រហែល​៣០០​លាន​ដុល្លារ​។ រីឯ​កូរ៉េ​បាន​នាំ​ចូលមក​កម្ពុជា​ប្រមាណ​៧០​ភាគរយ​ដែលមាន​ដូចជា​យានយន្ត គ្រឿងចក្រ​កសិកម្ម គ្រឿង​អេឡិចត្រូនិក និង​គ្រឿងឧបភោគ​បរិភោគ​ជាដើម​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េ មុននឹង​លោក​បន្ថែមថា ប្រទេស​ទាំងពីរ​បានគ្រោង​បង្កើន​ទំហំ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឱ្យបាន​ដល់​១៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥៕

Tag:
 អាស៊ាន​-​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com