អន្តរជាតិ
ត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ អាចនឹងចុះហត្ថលេខាក្នុងខែវិច្ឆិកាខាងមុខ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
× សេចក្តីព្រៀងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងដំណើរការនីតិវិធី ហើយភាគីទាំងពីរសង្ឃឹមថា ខ្លួនអាចនឹងចុះហត្ថលេខានៅខែក្រោយ។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែតុលា។
«យើងនឹងអាច ចុះហត្ថលេខាលើឯកសារពាណិជ្ជកម្មពេញលេញមួយជាមួយចិនក្នុងដំណាក់កាលទី១»។ នេះជាសម្តីរបស់ប្រធានាបតី ដូណាល់ ត្រាំ ដែលបង្ហាញពីជំហរសុទិដ្ឋិនិយមបំផុតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននៅសេតវិមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រាប់លោក ត្រាំ ពាក់ព័ន្ធទៅនឹងដំណើរការនីតិវិធីនៃកិច្ចព្រមព្រៀង អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថា គោលដៅរបស់អាមេរិក គឺសម្រេចកិច្ចព្រមព្រៀងជាមួយចិននៅឯកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ។ ប៉ុន្តែមកទល់ពេលនេះ នៅមានចំណុចមួយចំនួនទៀតនៅក្នុងកិច្ចព្រមព្រៀង ត្រូវបង្ហើយ។
បើទោះបីជាព័ត៌មានលម្អិតមិនទាន់គ្រប់គ្រាន់ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងតូចមួយរវាងអាមេរិក និងចិន នឹងត្រូវបានធ្វើឡើង។ កិច្ចព្រមព្រៀងទាំងនោះ គឺរួមមាន ការទិញផលិតផលកសិកម្មអាមេរិកពីភាគីចិន កម្មសិទ្ធិបញ្ញា សេវាហិរញ្ញវត្ថុ និងការដោះដូររូបិយវត្ថុជាដើម។
ពាក់ព័ន្ធទៅនឹងសង្គ្រាមពាណិជ្ជកម្មក្នុងរយៈពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីមានការចរចាលើកិច្ចព្រមព្រៀងដំណាក់កាលមួយមក ចិនហាក់ដូចជាបន្ធូបន្ថយ និងធ្វើសម្បទានច្រើនជាមុន។ ជាក់ស្តែង លោកត្រាំបាននិយាយថា ភាគីចិន បានចាប់ផ្តើមទិញផលិតផលអាមេរិកហើយ។ បន្ថែមពីលើនេះ នាវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» អនុរដ្ឋមន្ត្រីការបរទេសចិន Le Yucheng បានបង្ហាញកាយវិការវិជ្ជមានជាខ្លាំង។ លោកអនុរដ្ឋមន្ត្រី បានលើកឡើងថា៖ «ទំនាក់ទំនងចិន និងអាមេរិក ផ្អែកទៅលើការសម្របសម្រួល សហប្រតិបត្តិការ និងស្ថិរភាព»។
សូមបញ្ជាក់ថា ភាគីចិន និងអាមេរិក រំពឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ នឹងត្រូវបានចុះហត្ថលេខា ដោយលោកដូណាល់ ត្រាំ និងលោក ស៊ី ជិនភីង នាកិច្ចប្រជុំក្រៅផ្លូវការមួយនៅឯវេទិកាសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសស៊ីលី៕
Tag:
ចិន
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com