ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ពន្ធដារ ស្នើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី ដើម្បី​កុំ​ឲ្យ​បាត់​ប្រយោជន៍​ណាមួយ
22, Oct 2019 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​ពន្ធដារ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចុះ​ផ្ដល់​សេវា​ដល់ទី​តាំង​សម្រាប់​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ នៅតាម​បណ្ដា​ខណ្ឌ​នានា​ជា​បន្តបន្ទាប់ ក្នុង​រាជធានី​ភ្នំពេញ​។


​នៅ​ថ្ងៃទី​២១​ខែតុលា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានប្រកាសថា ការចុះបញ្ជី និង​ធ្វើ​បចុប្បន្នភាព​អចលនទ្រព្យ បន្ត​ទៅដល់​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់ពី​បញ្ចប់​កិច្ចការ​នេះ​នៅ​ខណ្ឌចំការមន បឹង​កេងកង ទួលគោក ដូនពេញ និខ​ណ្ឌ​៧​មករា​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ក៏​កំពុង​អនុវត្ត​កិច្ចការ​នេះ​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ ហើយ​ចុះ​អនុវត្ត​ឲ្យ​គ្រប់​ខណ្ឌ​ទាំងអស់​។​

​បន្ទាប់ពី​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​រួចរាល់ ម្ចាស់​អចលនទ្រព្យ​នឹង​ងាយស្រួល​បង់ពន្ធ ដោយ​គ្រាន់តែ​ប្រើប្រាស់​បណ្ណ​សម្គាល់​ការបង់​ពន្ធ​អចលនទ្រព្យ ដើម្បី​បង់ពន្ធ​នៅតាម​ធនាគារ​ជា​ដៃគូ​។

«​ចំពោះ​ការខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច ឬ​មិន​សហការ​ជាមួយ​ក្រុមការងារ​ដែល​បាន​ចុះ​ផ្ដល់​សេវា​ដល់ទី​តាំង អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹងមិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ប្រយោជន៍​ណាមួយ ជាពិសេស​នៅពេល​ម្ចាស់​អចលនទ្រព្យ​ធ្វើការ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​»​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ព្រមាន​បែបនេះ​ទៅដល់​អ្នក​ដែល​មិន​សហការ​ក្នុងការ​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com