ជាតិ
សំរាម និង​សំបុក​ពីងពាង​ទាញ​ទម្លាក់​សោភណភាព​រាជធានី​ភ្នំពេញ​
23, Oct 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រៅពី​ការ​សារ​ទរ​ចំពោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ និង​អគារ​ពាណិជ្ជកម្ម​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​មានការ​ត្អូញត្អែរ​ចំពោះ​បញ្ហា​មួយចំនួនទៀត​ដូចជា សំរាម ខ្សែភ្លើង ខ្សែ​កា​ប្លិ៍ និង​បណ្ដាញ​ខ្សែ​គមនាគមន៍​ផ្សេងៗ​ទៀត ដែល​គ្មាន​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជាដើម​។ បញ្ហា​ទាំងពីរ​នេះ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព សោភ័ណភាព​ទីក្រុង និង​ការភ័យខ្លាច​ដល់​អ្នកធ្វើ​ដំណើរ​នៅតាម​ដងផ្លូវ​សាធារណៈ​មួយចំនួន​ផងដែរ​។​



​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​រិះគន់ថា​៖«​ឈ្ងោក​មុខ​ឃើញ​សំរាម ងើយ​ឡើងលើ​ឃើញ​សំបុក​ពីងពាង​»​។​បើ​គេ​ដើរ​ឈ្ងោក​មុខ​នៅតាម​ដង​វិថី​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​គេ​ឱ្យ​ឈ្មោះថា​«​ទីក្រុង​គុជ​»​នោះ គេ​តែង​សង្កេតឃើញ​មាន​សំរាម​ជាច្រើន​នៅ​រាយប៉ាយ​គ្មាន​សណ្តាប់ធ្នាប់ និង​បាន​ជះក្លិន​អសោច​យ៉ាងខ្លាំង​ទៅលើ​ដងផ្លូវ​សាធារណៈ​។​

​ជាក់ស្តែង គេ​តែង​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​តែង​យកដៃ​ខ្ទប់​ច្រមុះ ឬ​មាត់ ខណៈពេលដែល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​មាត់​លូទឹកស្អុយ​បឹងត្របែក ព្រោះ​សំរាម​ដែល​ហ៊ុំព័ទ្ធ​ទីនោះ​ជះក្លិន​ស្អុយ​ខ្លាំង​។ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​លូទឹកស្អុយ​កំពុង​រងគ្រោះ​ខ្លាំងជាងគេ ជាពិសេស​កុមារ​តែម្តង​។ កុមារ​ដែល​រស់នៅ​ក្បែរ​មាត់​លូទឹកស្អុយ​ភាគច្រើន​តែង​ឈឺ​ជាប្រចាំ ព្រោះ​ពួកគេ​ស្រូបយក​បរិយាកាស​អាប់អួ​រាល់ថ្ងៃ​។ ជាងនេះទៅទៀត ពួកគេ​តែង​យក​ទឹកលូ​ស្អុយ​នោះ​ធ្វើជា​កន្លែង​ហែល​លេង​កម្សាន្ត​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​។​

​បើ​គេ​ងើយ​ទៅ​មើល​នៅតាម​បង្គោល​ភ្លើង​វិញ គេ​ឃើញ​ខ្សែភ្លើង​ចង​ចាក់​ស្រែះ​ប្រៀបបាន​នឹង​សំបុក​ពីងពាង​។ ក្រៅពីនោះ បង្គោល​ភ្លើង​ខ្លះទៀត​ចាស់​ទ្រុឌទ្រោម​ស្ទើរតែ​ជិត​បាក់​ទៅហើយ​។ បង្គោល​ភ្លើង​ខ្លះទៀត​តូច​ហើយ​ត្រូវ​ទប់​ទ្រ​ទម្ងន់​ខ្សែភ្លើង​ជាច្រើន​គីឡូក្រាម​ដែល​អ្នកបច្ចេកទេស​ចង​គរ​គ្នា​ជាច្រើន​។ មិនតែប៉ុណ្ណោះ​គេ​តែង​សង្កេតឃើញ​ខ្សែភ្លើង​ខ្លះ​ដាច់​ធ្លាក់​សំយាក​ទាំង​នៅតាម​បង្គោល​ភ្លើង ឬ​ខ្សែភ្លើង​ដែល​ចង​កាត់​ផ្លូវ​ជាដើម​។​

​លោក សុ​ភ័​ក្រ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា ខ្សែភ្លើង​នៅតាម​បណ្តោយ​ផ្លូវ​ពី​ផ្ទះ​របស់លោក​ទៅ​កន្លែងធ្វើការ​នៅ​ម្តុំ​លូទឹកស្អុយ​ចង​ខ្វាត់ខ្វែង​ប្រៀបបាន​នឹង​សំបុក​ពីងពាង​។ លោក​បន្ថែមថា​រាល់ពេល​លោក​ឈប់​ម៉ូតូ​នៅ​ស្តុ​ប​ម្តងៗ លោក​តែង​ងើយ​មើល​លើ​ញឹកញាប់​ព្រោះ​ខ្លាច​ខ្សែភ្លើង​ដាច់​ធ្លាក់​មកលើ​។ យុវជន​វ័យ​ប្រមាណ​ជា ២៨​ឆ្នាំ​រូបនេះ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ទៀតថា​៖«​ខ្ញុំ​ខ្លាច​ជាងគេ​គឺ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ ប្រសិនបើ​មាន​ថ្ងៃ​ណាមួយ​ចៃដន្យ​ភ្លៀង​ទឹក​លិច ហើយ​បង្គោល​ភ្លើង​ដែល​ចាស់​ទ្រុឌទ្រោម​ទាំងនោះ​បាក់​ធ្លាក់​មកលើ​ដងផ្លូវ ច្បាស់​ជា​ឆក់​ស្លាប់​មនុស្ស​ជាច្រើន​មិន​ខាន​»​។​

​លោក សុ​ភ័​ក្រ បាន​សម្តែង​មតិ​ទៀតថា អាជ្ញាធរ ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​បញ្ហា​ទាំង​នេះឡើយ ដើម្បី​ចៀសវាង​មាន​គ្រោះថ្នាក់​ធំ ដូច​ឧបទ្ទវហេតុ​ធំៗ​កាលពីពេល​កន្លងមក​។ ម្យ៉ាងវិញទៀត​ដើម្បី​ចៀសវាង​ពាក្យដោះសារ ដូច​ពាក្យ​ដែល​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​តែង​ចំអក​ថា​៖«​បណ្តាលមកពី​កំហុស​បច្ចេកទេស​» ឬ​ពាក្យ​មួយ​ទៀតថា​៖«​គោ​ដាច់​ទើប​ធ្វើ​របង​»៕


Tag:
 សំរាម​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com