ជាតិ
សង្គមជាតិ
«អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ» ជាពាក្យស្លោកក្នុងទិវាហូបអំបុក ៩ វិច្ឆិកា
× ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងទ័ពផង ដើម្បីប្រារព្វទិវាហូបអំបុករួមគ្នា ក្រោមពាក្យស្លោកថា«អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ»។ ពាក្យស្លោកនេះ ត្រូវបានសម្តេចលើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបៀលប្រាយនៅថ្ងៃទី២២ ខែតុលា។
បើតាមសម្តេច ហ៊ុន សែន ការប្រកាសយកថ្ងៃ៩វិច្ឆិកា ជាថ្ងៃហូបអំបុករួមគ្នាសម្រាប់ពលរដ្ឋនៅកម្ពុជា អាចនឹងធ្វើឲ្យផលិតផលខ្មែរមានការឡើងថ្លៃ។ «ព្រោះអំបុក វាត្រូវការស្រូវ យកមកបុក បានទៅជាអំបុក ស្រូវក៏ឡើងថ្លៃ អំបុកក៏ឡើងថ្លៃ ដូងក៏ឡើងថ្លៃ ចេកក៏ឡើងថ្លៃ ស្ករផែនក៏ឡើងថ្លៃ»។ នេះជាការបញ្ជាក់របស់សម្ដេច។
សម្ដេច ហ៊ុន សែន កំណត់យកថ្ងៃទី៩ វិច្ឆិកា ហូបអំបុកជុំគ្នានេះ គឺជាថ្ងៃដែលមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងសមាជិក ដែលកំពុងរស់នៅក្រៅប្រទេស ប្រកាសត្រឡប់ចូលស្រុកវិញ។ ហើយវាក៏ជាកម្មវិធីជួបជុំគ្នាទូទាំងប្រទេសលើកទី២ បន្ទាប់ពីការទទួលទាននំបញ្ចុក កាលពីថ្ងៃទី៩ មិថុនាកន្លងមកដែរ។ «លើកនេះខ្ញុំអត់ភ័យទេ។ កាល(ហូប)នំបញ្ចុកខ្ញុំភ័យណាស់ មូលហេតុអីដែលភ័យ ស្រាប់តែលេងៗ កន្លែងណាមួយពុលងាប់ បួនប្រាំនាក់ ចុកក្អួតអីទៅ រាករូស អីទៅ ។ តែបើអំបុក ប្រហែលជាអត់អីទេ ច្បាស់ជាស្រួលហើយ»។ នេះជាការបញ្ជាក់របសលោកនាយករដ្ឋមន្ត្រី។
ជាមួយគ្នាផងដែរ សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរត្រៀមរៀបចំទីតាំងចំនួន៩០០កន្លែង សម្រាប់ទទួលទានអំបុក និងអកអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកា៕
Tag:
សម្តេច ហ៊ុន សែន
អំបុក
ពាក្យស្លោក
© រក្សាសិទ្ធិដោយ thmeythmey.com