ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ជីទឹកនោមត្រាំជាមួយលាមកសត្វនិងដើមកន្ទ្រាំងខែត្រ អាចប្រើជំនួស«ជីអ៊ុយរ៉េ»បាន! រូបភាព Capture ពីឯកសារបទពិសោធជោគជ័យ ក្នុងការដាំម្នាស់ របស់កសិករគំរូ ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ខេត្តសៀមរាប, ឆ្នាំ២០១៣
×
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ សម្រាប់ការដាំម្នាស់ជាទូទៅ កសិករប្រើជីអ៊ុយរ៉េ, ជីលាមកសត្វ និងជី២០-២០-១៥ សម្រាប់ដាក់ក្នុងដំណាំ សម្រាប់បំប៉នដើម។ កសិករក៏អាច ប្រើជីទឹកនោមត្រាំជាមួយលាមកសត្វ និងដើមកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េ ក៏បាន។ កសិករអាចប្រើទឹកជី១ធុង ចំណុះ២០លីត្រ សម្រាប់ម្នាស់១០០ដើម។ នៅពេលដើមធំល្អត្រូវយកថ្មស្អុយលេខ១ លាយជាមួយទឹកក្នុងចំណុះមួយ ចាក់លើដំណាំម្នាស់នោះដោយទុករយៈពេល ៤ខែ២០ថ្ងៃ ទើបម្នាស់ទុំអាចកាច់យកលក់បាន។
ក្នុងការដាំដំណាំម្នាស់ កសិករត្រូវដាក់ជីទ្រាប់បាត ដាក់ជីលាមកសត្វ ប្រមាណ៣ការ៉ុង ឬ ៣០គីឡូក្រាម ពីលើចង្អូររងប្រវែង២០ម៉ែត្រ រួចកាប់ជ្រោយឲ្យបានសព្វមុនពេលដាំ។ ក្នុងរយៈពេលដាំដុះកសិករត្រូវប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥ ១ដង សម្រាប់បំប៉នដើមម្នាស់ឲ្យលូតលាស់ល្អ។
កសិករត្រូវសម្អាតស្មៅឲ្យបានស្អាតជាមុនសិន និងត្រូវដាក់ជី ក្រោយភ្លៀងធ្លាក់សម្រាប់រដូវវស្សា។ នៅរដូវប្រាំងកសិករត្រូវយកជីអ៊ុយរ៉េចំនួនកន្លះគីឡូក្រាម លាយទឹក១ធុង ចំណុះ២០លីត្រ សម្រាប់កូនម្នាស់ ១០០ដើម។ ការស្រោចជីនេះ កសិករត្រូវស្រោចតាមគល់ ដោយកុំឲ្យទឹកជីចូលក្នុងបណ្ដូលដើមម្នាស់ឲ្យសោះ។
បន្ថែមទៅទៀត ក្នុងដំណាក់កាលដាំ កសិករត្រូវដាក់ជីចំនួន៣លើក ដែលលើកទី១ ត្រូវដាក់ជីក្នុងរយៈពេល១ខែកន្លះ ក្រោយដាំ ប្រើជីអ៊ុយរ៉េ១គីឡូក្រាម សម្រាប់កូនម្នាស់២០០ដើម ហើយលើកទី២ត្រូវដាក់ជីក្នុងរយៈពេល២ខែក្រោយ លើកទី១ ប្រើជីអ៊ុយរ៉េ ម្ដងទៀត ១គីឡូក្រាម សម្រាប់កូនម្នាស់២០០ដើម និងលើកទី៣ ពេលម្នាស់ចាប់ផ្ដើមចេញផ្កា ប្រើជី២០-២០-១៥ ១គីឡូក្រាម សម្រាប់កូនម្នាស់២០០ដើម។
កសិករអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េក៏បាន។ យើងប្រើទឹកជី១ធុងចំណុះ២០លីត្រ សម្រាប់ម្នាស់១០០ដើម។ នៅពេល ដើមធំល្អដែលមានស្លឹកលើសពី២០ឡើងទៅ យកថ្មស្អុយលេខ១ ចំនួន៣ខាំលាយជាមួយទឹក១ ធុងចំណុះ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ។ ក្រោយចាក់ថ្មស្អុយរយៈពេល ៤ខែ២០ថ្ងៃ ទើបម្នាស់ទុំអាចកាច់យកលក់បាន៕
(សារព័ត៌មានថ្មីៗ ដកស្រង់ពីឯកសារបទពិសោធជោគជ័យ ក្នុងការដាំម្នាស់ របស់កសិករគំរូ ដែលរៀបចំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ ខេត្តសៀមរាប, ឆ្នាំ២០១៣)
© រក្សាសិទ្ធិដោយ thmeythmey.com