លោក វី​ដូ​ដូ តែងតាំង​គូប្រជែង​ចាស់ ជា​រដ្ឋមន្ត្រី​ការពារជាតិ
អន្តរជាតិ
លោក វី​ដូ​ដូ តែងតាំង​គូប្រជែង​ចាស់ ជា​រដ្ឋមន្ត្រី​ការពារជាតិ
23, Oct 2019 , 10:49 am        
រូបភាព
លោក ចូកូ វី​ដូ​ដូ (ស្ដាំ) បានតែងតាំង​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ (ឆ្វេង) ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​។ រូបភាព AFP
លោក ចូកូ វី​ដូ​ដូ (ស្ដាំ) បានតែងតាំង​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ (ឆ្វេង) ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​។ រូបភាព AFP
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃទី​២៣ ខែតុលា បាន​បញ្ចេញ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​សម្រាប់​ការដឹកនាំ​ប្រទេស​អាណត្តិ​ទី​ពីរ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ អតីត​គូប្រជែង​តំណែង​ប្រធានាធិបតី​ពីរលើក ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋមន្ត្រី​របស់លោក វី​ដូ​ដូ ដែរ ខណៈ​អតីតរដ្ឋមន្ត្រី​ឧស្សាហកម្ម ត្រូវ​ចាត់តាំង​ឲ្យ​ដឹកនាំ​កិច្ចការ​សេដ្ឋកិច្ច​របស់​បងធំ​អាស៊ាន​មួយ​នេះ​។ មន្ត្រី​សំខាន់ៗ​ជាច្រើន​នៃ​រដ្ឋាភិបាល​អាណត្តិ​ទីមួយ បាន​បន្តការងារ​នៅ​អាណត្តិ​ទី​ពីរ​នេះ​ទៀត​។​



អត្ថបទទាក់ទង

​រក្សា​សម្ព័ន្ធមិត្ត​ចាស់ បន្ថែម​មនុស្ស​ថ្មី​។ គណៈរដ្ឋមន្ត្រី​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ដែល​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​កាលពី​ថ្ងៃទី​២០ ខែតុលា រួមបញ្ចូល​រដ្ឋមន្ត្រី​ចាស់ អ្នកនយោបាយ​ជើង​ថ្មី អ្នកជំនាញ និង​សូម្បីតែ​គូប្រជែង​ស្រួចស្រាវ​ផងដែរ​។ លោក វី​ដូ​ដូ បាន​ចំណាយពេល​ពីរ​ថ្ងៃ​ដើម្បី​សម្ភាស​បេក្ខជន​ទាំងអស់ មុននឹង​សម្រេចចិត្ត​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ ខែតុលា​នេះ​។​

​ជា​រឿង​ភ្ញាក់ផ្អើល លោក វី​ដូ​ដូ បានតែងតាំង​លោក ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​។ លោក សូ​ប៊ីយ៉ា​ន់​តូ ដែលជា​អតីត​មេទ័ព​ម្នាក់ ជា​គូប្រជែង​ដ៏​ខ្លាំងក្លា​របស់លោក វី​ដូ​ដូ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៩ នេះ ប៉ុន្តែ​រង​បរាជ័យ​ទាំង​ពីរលើក​។ ជាមួយ​បទពិសោធ​ក្នុង​ជួរ​កងទ័ព​ច្រើន​ឆ្នាំ ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍​រូបនេះ នឹង​ជួយ​លោក វី​ដូ​ដូ ក្នុង​ការងារ​ការពារ​ជាតិ និង​ការរក្សាសន្តិសុខ​ជាតិ​ផងដែរ​។ អតីត​មេ​ប៉ូលិស​ជាតិ Tito Karnavian នឹង​កាន់តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​។

​អំឡុងពេល​ប្រកាស​ឈ្មោះ​លោក សូ​ប៊ីយ៉ា​ន់​តូ ជា​ប្រមុខ​ការពារ​ជាត​ថ្មី លោក វី​ដូ​ដូ បាន​និយាយ​កោតសរសើរ​គូប្រជែង​ពីរដង​របស់ខ្លួន ថា​៖ «​ខ្ញុំ​មិនបាច់​ប្រាប់​គាត់​ច្រើន​ពី​ការងារ​នេះឡើយ​។ គាត់​ដឹង​ច្រើនជាង​ខ្ញុំ​ទៅទៀត​។​» នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​លើ​ការងារ​សេដ្ឋកិច្ច​វិញ Airlangga Hartarto ដែលជា​អតីតរដ្ឋមន្ត្រី​ឧស្សាហកម្ម ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច ដែល​ទទួល​ភារកិច្ច​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​។ អ្នកស្រី Sri Mulyani Indrawati អតីត​នាយិកា​ប្រតិបត្តិ​ធនាគារពិភពលោក រក្សា​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដដែល​។ ចំ​ណែ​កអ្នកស្រី Retno Marsudi នៅតែ​ជា​រដ្ឋមន្ត្រីការបរទេស​ដូចគ្នា​។ មហាសេដ្ឋី​ពាន់​លាន និង​ស្ថាបនិក​សេវាកម្ម​ដឹកជញ្ជូន GoJek លោក Nadiem Makarim ជា​រដ្ឋមន្ត្រី​វប្បធម៌ និង​អប់រំ​។​

​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​លោក វី​ដូ​ដូ មិនបាន​បន្ត​តំណែង​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ និង​មច្ឆជាតិ​ឲ្យ​អ្នកស្រី Susi Pudjiastuti ឡើយ​។ អ្នកស្រី Susi នេះហើយ​ដែល​ល្បី​សុះសាយ​ដោយសារ​ការ​អង្គុយ​លើ​ទូក​ជក់បារី មើល​ការកម្ទេច​ទូក​នេសាទ​បរទេស​ដែល​បំពាន​ដែនទឹក​ឥណ្ឌូណេស៊ី​ខុសច្បាប់​នោះ​។ លោក Edhy Prabowo នឹង​កាន់តំណែង​នេះ​ជំនួស​វិញ ខណៈ​លោក Luhut Pandjaitan នឹង​បន្ត​តំណែង​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ដដែល​។

​សម្រាប់​អាណត្តិ​ទី​ពីរ​ឆ្នាំ​២០១៩-២០២៤ និង​ជា​អាណត្តិ​ចុងក្រោយ​ផង​នោះ លោក វី​ដូ​ដូ នឹង​ផ្ដោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ប្រែក្លាយ​ឥណ្ឌូណេស៊ី​ទៅជា​ប្រទេស​អ្នកមាន​មួយ​ក្នុងចំណោម​អ្នកមាន​ទាំង​ប្រាំ​នៅ​ឆ្នាំ​២០៤៥ ខាងមុខ​៕

Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  ប្រា​បូ​វ៉ូ សូ​ប៊ីយ៉ា​ន់​តូ
© រក្សាសិទ្ធិដោយ thmeythmey.com