អន្តរជាតិ
លោក វីដូដូ តែងតាំងគូប្រជែងចាស់ ជារដ្ឋមន្ត្រីការពារជាតិ លោក ចូកូ វីដូដូ (ស្ដាំ) បានតែងតាំងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ (ឆ្វេង) ជារដ្ឋមន្ត្រីការពារជាតិថ្មី។ រូបភាព AFP
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី២៣ ខែតុលា បានបញ្ចេញសមាសភាពគណៈរដ្ឋមន្ត្រីថ្មីសម្រាប់ការដឹកនាំប្រទេសអាណត្តិទីពីរ។ អ្វីគួរឲ្យចាប់អារម្មណ៍ លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ អតីតគូប្រជែងតំណែងប្រធានាធិបតីពីរលើក ក៏មានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីរបស់លោក វីដូដូ ដែរ ខណៈអតីតរដ្ឋមន្ត្រីឧស្សាហកម្ម ត្រូវចាត់តាំងឲ្យដឹកនាំកិច្ចការសេដ្ឋកិច្ចរបស់បងធំអាស៊ានមួយនេះ។ មន្ត្រីសំខាន់ៗជាច្រើននៃរដ្ឋាភិបាលអាណត្តិទីមួយ បានបន្តការងារនៅអាណត្តិទីពីរនេះទៀត។
រក្សាសម្ព័ន្ធមិត្តចាស់ បន្ថែមមនុស្សថ្មី។ គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលស្បថចូលកាន់តំណែងអាណត្តិទីពីរកាលពីថ្ងៃទី២០ ខែតុលា រួមបញ្ចូលរដ្ឋមន្ត្រីចាស់ អ្នកនយោបាយជើងថ្មី អ្នកជំនាញ និងសូម្បីតែគូប្រជែងស្រួចស្រាវផងដែរ។ លោក វីដូដូ បានចំណាយពេលពីរថ្ងៃដើម្បីសម្ភាសបេក្ខជនទាំងអស់ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែតុលានេះ។
ជារឿងភ្ញាក់ផ្អើល លោក វីដូដូ បានតែងតាំងលោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ជារដ្ឋមន្ត្រីការពារជាតិថ្មី។ លោក សូប៊ីយ៉ាន់តូ ដែលជាអតីតមេទ័ពម្នាក់ ជាគូប្រជែងដ៏ខ្លាំងក្លារបស់លោក វីដូដូ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ និងឆ្នាំ២០១៩ នេះ ប៉ុន្តែរងបរាជ័យទាំងពីរលើក។ ជាមួយបទពិសោធក្នុងជួរកងទ័ពច្រើនឆ្នាំ ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ នឹងជួយលោក វីដូដូ ក្នុងការងារការពារជាតិ និងការរក្សាសន្តិសុខជាតិផងដែរ។ អតីតមេប៉ូលិសជាតិ Tito Karnavian នឹងកាន់តំណែងរដ្ឋមន្ត្រីមហាផ្ទៃ។
អំឡុងពេលប្រកាសឈ្មោះលោក សូប៊ីយ៉ាន់តូ ជាប្រមុខការពារជាតថ្មី លោក វីដូដូ បាននិយាយកោតសរសើរគូប្រជែងពីរដងរបស់ខ្លួន ថា៖ «ខ្ញុំមិនបាច់ប្រាប់គាត់ច្រើនពីការងារនេះឡើយ។ គាត់ដឹងច្រើនជាងខ្ញុំទៅទៀត។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
លើការងារសេដ្ឋកិច្ចវិញ Airlangga Hartarto ដែលជាអតីតរដ្ឋមន្ត្រីឧស្សាហកម្ម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ដែលទទួលភារកិច្ចគ្រប់គ្រងសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។ អ្នកស្រី Sri Mulyani Indrawati អតីតនាយិកាប្រតិបត្តិធនាគារពិភពលោក រក្សាតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល។ ចំណែកអ្នកស្រី Retno Marsudi នៅតែជារដ្ឋមន្ត្រីការបរទេសដូចគ្នា។ មហាសេដ្ឋីពាន់លាន និងស្ថាបនិកសេវាកម្មដឹកជញ្ជូន GoJek លោក Nadiem Makarim ជារដ្ឋមន្ត្រីវប្បធម៌ និងអប់រំ។
រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត គឺលោក វីដូដូ មិនបានបន្តតំណែងរដ្ឋមន្ត្រីកិច្ចការសមុទ្រ និងមច្ឆជាតិឲ្យអ្នកស្រី Susi Pudjiastuti ឡើយ។ អ្នកស្រី Susi នេះហើយដែលល្បីសុះសាយដោយសារការអង្គុយលើទូកជក់បារី មើលការកម្ទេចទូកនេសាទបរទេសដែលបំពានដែនទឹកឥណ្ឌូណេស៊ីខុសច្បាប់នោះ។ លោក Edhy Prabowo នឹងកាន់តំណែងនេះជំនួសវិញ ខណៈលោក Luhut Pandjaitan នឹងបន្តតំណែងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគដដែល។
សម្រាប់អាណត្តិទីពីរឆ្នាំ២០១៩-២០២៤ និងជាអាណត្តិចុងក្រោយផងនោះ លោក វីដូដូ នឹងផ្ដោតលើការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយឥណ្ឌូណេស៊ីទៅជាប្រទេសអ្នកមានមួយក្នុងចំណោមអ្នកមានទាំងប្រាំនៅឆ្នាំ២០៤៥ ខាងមុខ៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com