កំណាព្យ
ជាតិ
សន្តិភាព​!
23, Oct 2019 , 12:29 pm        
រូបភាព
ដោយ:
បទ ផ្កាឈូក​រីក​



-​សន្តិភាព ថ្លៃ​ជាង​ពេជ្រ មហាថ្លៃ​
​សន្តិភាព បាន​សព្វថ្ងៃ ដោយ​លំបាក​
​សន្តិភាព នាំ​ជាតិខ្មែរ ផុត​តោកយ៉ាក​
​សន្តិភាព នាំ​យើង​ចាក ផុត​ភិតភ័យ​។​

-​ខ្មែរ​បាន​រស់ ក្រោយ​បែកបាក់ ធ្លាក់​ដុនដាប​
​ខ្មែរ​បាន​រស់ ក្រោយ​ក្រិស​ក្រាប គ្រោះ​រីងរៃ​
​ខ្មែរ​បាន​រស់ ខ្ពស់​មុខមាត់ មិន​បំភ្លៃ​
​ខ្មែរ​បាន​រស់ គួរ​លកលៃ លើកតម្កើង​។​

-​ទុក​គំនុំ ផ្គំ​គំនិត គិត​ជួយ​ជាតិ​
​ទុក​គំនុំ កុំ​រក​ស្នៀត បៀត​បំ​ប៉ើង​
​ទុក​គំនុំ ខ្មែរ​ក្រៅ​ក្នុង ស្រុង​ស្រុះ​ឡើង​
​ទុក​គំនុំ គំ​រើសអើង ព្រោះ​ខុស​បក្ស​។​

-​ពេល​បាត់​ជាតិ ញាតិ​បែកបាក់ បក្ស​ក៏​អត់​
​ពេល​បាត់​ជាតិ  ច្បាស់​កំសត់ ដួល​ដេក​ដាក់​
​ពេល​បាត់​ជាតិ ខ្មែរ​បាត់ឈ្មោះ នោះ​គ្រោះថ្នាក់​
​ពេល​បាត់​ជាតិ អ្នក​ធ្លាប់​ចាក់ ជាក់​លែង​ជួប​៕

© រក្សាសិទ្ធិដោយ thmeythmey.com