ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​ស្វាយចន្ទី​»​អាច​ដាំ​បាន​ស្ទើរ​គ្រប់​តំបន់ តែ​ត្រូវ​ដឹង​លក្ខណៈ​ជីវសាស្ត្រ​របស់​វា ទើបបាន​ទិន្នផល​ខ្ពស់​
23, Oct 2019 , 2:06 pm        
រូបភាព
​រូបភាព Capture ពី​សៀវភៅ​ស្ដីពី​«​ដំណាំ​ស្វាយចន្ទី​» ដែល​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​, ២០១៦
​រូបភាព Capture ពី​សៀវភៅ​ស្ដីពី​«​ដំណាំ​ស្វាយចន្ទី​» ដែល​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​, ២០១៦
​ដោយ​៖ ផាត ដា​ណេ​
ភ្នំពេញ​៖ គ្រាប់ស្វាយចន្ទី ឋិត​នៅ​ខាងក្រៅ​ផ្លែ ហើយ​លក្ខណៈ​របស់​មាន​រូបរាង​ដូច​គ្រាប់សណ្ដែក ឬ​រាង​ដូច​តម្រង់​នោម បែងចែក​កូទីលេដុង​ជា​ពីរ​ស្មើគ្នា​។ ពេល​ក្ដិ​ប​មាន​ពណ៌​ស៊ី​ជម្ពូ បន្ទាប់មក​មាន​ពណ៌​បៃតង នៅពេល​លូតលាស់​ធំធាត់​ដល់​កម្រិត វា​ប្រែជា​ពណ៌​ប្រ​ផះ​និង​ពណ៌​ត្នោត​ចាស់​។ ដំណាំ​ស្វាយចន្ទី អាច​ដាំ​បាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ពុំមែន​ជា​កន្លែង​លិច​ទឹក តែ​កសិករ​ត្រូវ​ដឹង​ពី​លក្ខណៈ​ជីវសាស្ត្រ​របស់​ស្វាយចន្ទី ទើបបាន​ទទួលបាន​ទិន្នផល​ច្រើន​។​

 
​ស្វាយចន្ទី​ជា​ប្រភេទ​ដំណាំ​យក​ផ្លែ​និង​គ្រាប់​។ ដំណាំ​នេះ មិនមែន​មានតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ គឺ​មាននៅ​តំបន់​ត្រូ​ពិ​ក​ជាច្រើន​បាន​ដាំ​ដំណាំ​នេះ ហើយ​គេ​បានធ្វើការ​អភិវឌ្ឍ​ដំណាំ​នេះ​ផងដែរ ព្រោះ​បច្ចុប្បន្ន​សេចក្ដីត្រូវការ​លើ​ផលិតផល​នៃ​ដំណាំ​ស្វាយចន្ទី កំពុងតែ​កើនឡើង​ជា​លំដាប់​។ ហេតុ​ដូច្នេះហើយ បានជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ផែនការ​ជំរុញ​ឲ្យ​កសិករ​ខិតខំ​ដាំ​ដំណាំ​នេះ ឲ្យ​បាន​ច្រើន​ជា​អតិបរមា ដើម្បី​បម្រើ​សេចក្ដីត្រូវការ​ហូបចុក​នៅក្នុង​ប្រទេស និង​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ថែមទៀត ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​
 
​ប្រភេទ​ដំណាំ​ស្វាយចន្ទី គេ​ដាំ​តាម​តំបន់​ខ្ពង់រាប​និង​វាលទំនាប ដែល​ពុំ​លិច​ទឹក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ៦៦.៥១៣​ហិច​តា (​ស្ថិតិ​កសិកម្ម​ឆ្នាំ​២០០៩)​។ ស្វាយចន្ទី​ត្រូវការ​សីតុណ្ហភាព​ថេរ គឺ​មិន​ត្រជាក់​ពេក មិន​ក្ដៅ​ពេក​។ សីតុណ្ហភាព​ខ្ពស់បំផុត ៣៤​អង្សា​សេ និង​សីតុណ្ហភាព​ទាប​បំផុត ១៨​អង្សា​សេ ប៉ុន្តែ​សីតុណ្ហភាព​ល្អ​បំផុត​ចន្លោះ​ពី ២៤-២៨​អង្សា​សេ​។ ប្រសិនបើ សីតុណ្ហភាព​មិន​ខ្ពស់ជាង ២០​អង្សា​សេ​ទេ ស្វាយចន្ទី​ពិបាក​លូតលាស់ ហេតុដូច្នេះ សីតុណ្ហភាព​ល្អ​បំផុត​ប្រចាំឆ្នាំ​គឺ ២៧​អង្សា​សេ​។​
 
​ការដាំដុះ​ស្វាយចន្ទី ទទួលបាន​ជោគជ័យ​អាស្រ័យ​លើ​ការទទួលបាន​ទឹកភ្លៀង​៥​ខែ និង​លទ្ធភាព​នៃ​ការ​ស្រូបទឹក​ទុក​របស់​ដី​បានល្អ​។ ស្វាយចន្ទី​អាច​ដាំ​បាន​នៅ​តំបន់​ដែលមាន​ភ្លៀង​ធ្លាក់​ពី ៥០០-៤.០០០​ម​.​ម ក្នុង​មួយឆ្នាំ​។ តំបន់​ដែលមាន​ភ្លៀង​ធ្លាក់​តិច ៥០០​ម​.​ម និង​តំបន់​ដែលមាន​ទឹកភ្លៀង​ច្រើនជាង ៣.០០០-៤.០០០​ម​.​ម ពេញ​មួយឆ្នាំ មិនអាច​ដាំ​ស្វាយចន្ទី​បានទេ​។ សា្វ​យ​ចន្ទី​មិនសូវ​ត្រូវការ​ទឹក​៤-៥​ខែ គឺ​នៅ​ដំណាក់កាល​ចេញ​ត្រួយ និង​ចេញ​ផ្លែ​។​
 
​ស្វាយចន្ទី​ធន់​ទ្រាំ​នឹង​តំបន់ ដែលមាន​សំណើម​បរិយាកាស​ទាប ហើយ​មាន​រយៈពេល​វែង​ផងដែរ​។ បើ​មាន​សំណើម​ខ្ពស់ជាង ៨០​ភាគរយ ក្នុងកំឡុងពេល​ចេញ​ផ្កា និង​ចាប់​ផ្ដើមចេញ​ផ្លែ គឹ​ជ‌ះ​‌​ឥទ្ធិពល​មិនល្អ​ដល់​បរិមាណ និង​គុណភាព​ទិន្នផល​ស្វាយចន្ទី​។ ម្យ៉ាងវិញទៀត ខ្យល់​ខ្លាំង​ក៏​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផ្កា និង​ផ្លែ តែ​ខ្យល់​ក៏​ជា​អ្នកដើរតួ​ក្នុង​ការនាំ​លំអងផ្កា​ផងដែរ​។ ដូចនេះ ខ្យល់​ដែល​ល្អ​បំផុត​ដល់​ស្វាយចន្ទី​គឺ​ពី ២-៧​ម៉ែត្រ​ក្នុង​មួយ​វិនាទី ឬ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ បន្ថែមទៀត​នោះ ស្វាយចន្ទី​ជា​ដំណាំ​ត្រូវការ​ពន្លឺព្រះអាទិត្យ និង​មិន​ត្រូវការ​ម្លប់​ច្រើន​ទេ​។ តម្រូវការ​ពន្លឺ​ទាប​បំផុត​ពី ២.០០០-២.៤០០​ម៉ោង​ក្នុង​១​ឆ្នាំ តែ​ក្នុង​ដំណាំ​កាល​ចេញ​ផ្កា និង​ផ្លែ​ស្វាយចន្ទី​ត្រូវការ​ពន្លឺ ១.២៨៥​ម៉ោង (​ខែវិច្ឆិកា​-​មិនា​)​។​
 
(​សារព័ត៌មាន​ថ្ម‌ីៗ ដកស្រង់​ពី​សៀវភៅ​ស្ដីពី​«​ដំណាំ​ស្វាយចន្ទី​» ដែល​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បោះពុម្ពផ្សាយ​ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ២០១៦)
 

© រក្សាសិទ្ធិដោយ thmeythmey.com