ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ជំរុញ​ឲ្យ​ធ្វើ​ចំណត​ក្រោម​ដី​បន្ថែម ដើម្បី​ដោះស្រាយ​ការស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ
23, Oct 2019 , 7:19 pm        
រូបភាព
រថយន្ត និងម៉ូតូ​គ្រប់ប្រភេទ កំពុង​ធ្វើដំណើរ​នៅ​តាម​ដង​ផ្លូវក្នុង​រាជធានីភ្នំពេញ
រថយន្ត និងម៉ូតូ​គ្រប់ប្រភេទ កំពុង​ធ្វើដំណើរ​នៅ​តាម​ដង​ផ្លូវក្នុង​រាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អ្នកវិនិយោគ​ក្នុង​វិស័យ​ឯកជន​នានា សាងសង់​ចំណតរថយន្ត​ក្រោម​ដី ដើម្បី​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​។



​សម្តេច ហ៊ុន សែន បាន​លើកឡើងថា បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា ជា​បញ្ហា​ចម្បង​ទី​២ បន្ទាប់ពី​បញ្ហា​កកស្ទះ​សំរាម ដែល​បញ្ហា​ទាំងពីរ​នេះ រាជរដ្ឋាភិបាល​កំពុង​តែ​រក​ដំណោះស្រាយ​។ «​ដូចដែល​យើង​បានឃើញ​ស្រាប់​រាល់ថ្ងៃ​គឺមាន​រថយន្ត​តូចធំ​ចត​ពាសវាល​ពាសកាល​គ្មាន​សណ្តាប់ធ្នាប់​លើ​ចិញ្ចើមថ្នល់ និង​លើផ្លូវ​សម្រាប់​សាធារណជន​ដើរ​ឆ្លងកាត់ ឬ​លើផ្លូវ​ថ្នល់​សម្រាប់​រថយន្ត​បើកបរ ដែល​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន​។

​តាម​ការលើកឡើង​រប​ស់ស​ម្តេច ហ៊ុន សែន ការសាងសង់​ចំណតរថយន្ត​ក្រោម​ដី អាចជួយ​ដោះស្រាយ​កង្វះខាត​ចំណតរថយន្ត និង​សណ្តាប់ធ្នាប់​ចរាចរណ៍ ព្រមទាំង​ជួយ​បង្កើន​សោភ័ណភាព​ទីក្រុង​។ សម្តេច​បញ្ជាក់ថា  ការសាងសង់​ចំណតរថយន្ត​ក្រោម​ដី  ត្រូវ​សាងសង់​ពីក្រោម​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ តែ​មិនត្រូវ​សាងសង់​ប៉ះពាល់​ដល់ទី​តាំង​ព្រះបរមរាជវាំង​ឡើយ​។ សម្តេច​ថ្លែង​ដូច្នេះ​ថា​៖«​ចំពោះ​ការសាងសង់​វិញ គឺត្រូវធ្វើ​ប្រកបដោយ​គុណភាព និង​បច្ចេកទេស​ខ្ពស់ ជាមួយនឹង​ការទទួលខុសត្រូវ​ខ្ពស់​លើ​សុវត្ថិ​ភាពជា​ចម្បង​»​។​

​សូមបញ្ជាក់ថា ចំណតរថយន្ត​ក្រោម​ដី ដែល​កំពុងតែ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​គឺមាន​២​កន្លែង ហើយ​៣​កន្លែង​ទៀត​កំពុងតែ​ស្ថិតក្នុង​ការសាងសង់​។ ចំពោះ​ចំណតរថយន្ត​ក្រោម​ដី​របស់​ឯកជន​ដែល​កំពុងតែ​ដំណើរការ​មាន Overseas Cambodia Investment Corporation (OCIC) ដែលមាន​ទីតាំង​ក្រោម​សួន​ចន្លោះ​អគារ​វឌ្ឍនៈ និង​អគារ​កាណាឌីយ៉ា​។ ចំណតរថយន្ត​ក្រោម​ដី​នេះ មាន​ទំហំ ៨,៧០៤ ម៉ែត្រការ៉េ មាន​ពីរ​ជាន់ និង​អាច​ផ្ទុក​រថយន្ត​ជាង ៣០០​គ្រឿង​។

​កន្លែង​មួយទៀត គឺ​ចំណតរថយន្ត​ក្រោម​ដី​ណាហ្គា​វើ​ល​។ ចំណែក​ចំណតរថយន្ត​ក្រោម​ដី​នៅ​ក្រុមហ៊ុន​វឌ្ឍនៈ និង​ចំណតរថយន្ត​ក្រោម​សួន ទល់មុខ​សណ្ឋាគារ​សាន់វ៉េ​ភ្នំពេញ ក៏​កំពុងតែ​ស្ថិតក្នុង​ដំណើរការ​សាងសង់​ផងដែរ​៕

Tag:
 ចំណត​
  រថយន្ត​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com