ជាតិ
ខួប​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​៖ សម្ដេច ហ៊ុន សែន លើក​ពី​តម្លៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ផ្ទុយ​ពី​ទស្សន​NGO
23, Oct 2019 , 3:58 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានចេញ​សារ​លើ​ហ្វេ​ស​ប៊ុ​ក អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ២៨ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១) ហើយ​ឆ្លៀត​ឱ្យ​តម្លៃ​លើ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ខ្លួន​។ សម្រាប់​សង្គម​ស៊ីវិល កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មានតម្លៃ​ខ្លាំងណាស់ សម្រាប់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​។​



​មេដឹកនាំ​កម្ពុជា បាន​រៀបរាប់​ពី​ដំណើរការ​ជួបគ្នា​វាង​សម្ដេច និង​ព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ​នរោត្តម សីហនុ មុននឹង​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដោយមាន​ការចូលរួម​ចរចា​ពី​មេដឹកនាំ​ខ្មែរ​៤​ភាគី រួមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៃ​បណ្ដា​អង្គទូត​ពី​ប្រទេស​ចំនួន​១៩ ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​បើតាម​សម្ដេច ហ៊ុន សែន ដ្បិត​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្តី ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​មាន​សង្គ្រាមស៊ីវិល រហូតដល់​ឆ្នាំ​១៩៩៨ ទើប​បញ្ចប់​។ មេដឹកនាំ​កម្ពុជា ដែល​កាន់អំណាច​៤០​ឆ្នាំ​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ទោះបី​មាន​កិច្ចព្រមព្រៀង សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។ ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់ សម្តេច ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ ១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូតមក​ដល់​សព្វថ្ងៃ​»​។​

​លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​បាន​នាំ​សុខសន្តិភាព​ដល់​ប្រទេស​កម្ពុជា បើ​គ្មាន​កិច្ចព្រមព្រៀង​នេះ​ទេ កម្ពុជា​ក៏​មិនអាច​បញ្ចប់សង្គ្រាម​បានដែរ​។ នៅពេល​សួរថា តើ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រដ្ឋាភិបាល ពិតជា​សំខាន់​ជាង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​? លោក វ៉ន ពៅ បាន​ឆ្លើយតប​វិញ​ថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល គឺជា​ធាតុ​ផ្សំ​បញ្ចូល​គ្នា​ជាមួយនឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​យល់​ទាស់​នូវ​អ្វីដែល​សម្ដេច ហ៊ុន សែន សរសេរ​លើ​បណ្ដាញ​សង្គម​របស់លោក​នោះ វា​ជាការ​ត្រឹមត្រូវ​ហើយ (​ទាល់​)​តែមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ គឺ​បន្ថែម​គោលនយោបាយ​របស់​សម្ដេច គឺ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​ហ្នឹងហើយ ដែលនាំឱ្យ​ប្រទេសជាតិ​ទៅរក​ការអភិវឌ្ឍ រីកចម្រើន​…​។ វា​ជា​ខ្សែបណ្ដោយ​តែមួយ ដែល​យើង​មិនអាច​បដិសេធចោល​ខាង​ណា​បានទេ យើង​មិនអាច​បដិសេធ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​យើង​ក៏​មិនអាច​បដិសេធ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ទេ វា​គឺជា​ធាតុ​ផ្សំ​ទាំងអស់​ហ្នឹងឯង​»​។​

​សម្រាប់​លោក សន ជ័យ វិញ គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មិន​ត្រឹមតែ​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​ទេ ប៉ុន្តែ​វា​ជា​ចក្ខុវិស័យ​នាំឱ្យ​កម្ពុជា​ឆ្ពោះទៅកាន់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា តាម​រូបភាព​នៃ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​រូបនេះ (ANSA) បាន​និយាយ​ដូច្នេះ​ថា​៖«​ងាក​ត្រឡប់​ទៅ​ប្រសាសន៍​សម្ដេច ហ៊ុន សែន វិញ ក្រៅពី​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ហ្នឹង ខ្ញុំ​គិតថា​តួនាទី​របស់​សហគម​អន្តរជាតិ ដែល​គេ​ជួ​យមក​កម្ពុជា​នៅក្នុង​រូបភាព​មួយ ដែល​ស្របទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គឺជា​ចំណុច​បំពេញបន្ថែម​ដើម្បីឱ្យ​កម្ពុជា​មានមុខ​មាន​មាត់​នៅ​ឆាក​អន្តរជាតិ ក៏ដូចជា​ការប្រឹងប្រែង​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ​។ ដូច្នេះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​វា​ជា​ឥទ្ធិពល​(​មកលើ​កម្ពុជា​) ហើយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ក៏​ជួយ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ដែរ​…​។​

​ខ្លឹមសារ​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​(២៣ តុលា ១៩៩១) បានដាក់​ប​ញ្ជូ​ល​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​អស់ហើយ ដូច្នេះ​មិនចាំបាច់​ត្រូវគោរព​ទៀត​ទេ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​បែបនេះ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ កាលពី​ថ្ងៃទី​២២ តុលា​នេះ​។​

​បន្ថែម​ពីនេះ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ខ្លឹមសារ​នៅក្នុង​កិច្ច​ព្រៀម​ទីក្រុង​ប៉ារីស មិនបាន​ចែង​ពី​ចំណុច​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ឡើយ ។​ដូច្នេះ បើ​ឱ្យ​តម្លៃ​លើ​កិច្ច​ព្រម​ពៀង​នេះ គឺ​ស្មើ​ឱ្យ​តម្លៃ​លើ​ពួក​ខ្មែរក្រហម​។​

អត្ថបទទាក់ទង

​ដ្បិត​សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ​ក្តី ប៉ុន្តែ​សង្គម​ស៊ីវិល នៅតែ​យល់ថា ការអនុវត្ត​ច្បាប់​របស់​កម្ពុជា មិនទាន់​ស្របតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឡើយ​។ ត្រង់ចំណុច​នេះ​លោក សន ជ័យ បាន​និយាយថា ខ្លឹមសារ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស វា​មាន​អត្ថន័យ​ធំ​ទូលាយ និង​ផ្ដល់​ផលប្រយោជន៍​ដល់​កម្ពុ​ជាច្រើន ជាង​អ្វីដែល​រដ្ឋាភិបាល​ស្រង់​យក​ចំណុច​ខ្លះៗ ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ជាតិ​។

«​ក្រៅពី​តែ​ខ្លឹមសារ​យើង​មួយចំនួន​មើលឃើញ​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​យក​គោលការណ៍​រួម​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដាក់បញ្ចូល​។ ប៉ុន្តែ​ក្រៅពីនោះ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស វា​មាន​អត្ថន័យ​ទូលំទូលាយ​ជាង​ច្បាប់​មួយ ដែលមាន​វិសាលភាព​តែ​ក្នុង​កម្រិត​ប្រទេសជាតិ​។ ដូច្នេះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស វា​ជា​រូបភាព​បែប​សាកល​មួយ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​មកលើ​ការអភិវឌ្ឍ​រយៈពេល​យូរអង្វែង​របស់​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​អង្គការ​គណនេយ្យភាព​ស​ង្គ​ម ដែល​បាន​បន្ថែមថា ការផ្ដល់​ជំនួយ​លើ​ការអភិវឌ្ឍ ការលើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ពី​សំណាក់​សហគម​អន្តរជាតិ​កន្លងមក គឺ​វា​សុទ្ធតែ​ស្ថិតនៅក្នុង​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ តុលា​នេះ សមាគម​និង អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ចំនួន​១៣​ស្ថាប័ន ក៏បាន​ប្រារព្ធ​ទិវា​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្រោម​ប្រធានបទ «​យើង​ត្រូវការ​សន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​»​។ ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​កម្ពុជា​។​

២៨ ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ សម្តេចព្រះ​នរោត្តម សីហនុ ព្រះបិតា​ជាតិខ្មែរ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​ដែល​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ សម្តេច ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ។ ការចរចា​គ្រានោះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)​។ ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង​សម្ដេចព្រះ​នរោត្តម សីហនុ និង​សម្ដេច ហ៊ុន សែន លើក​ទី ២ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​រដ្ឋាភិបាល​៕

Tag:
 ហ៊ុន សែន​
  កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​
  ២៣ តុលា
© រក្សាសិទ្ធិដោយ thmeythmey.com