កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​នឹង​ទទួល​សិទ្ធិ​រៀប Club World Cup 2021 ដែល​រកប្រាក់​ចំណេញ​ច្រើន​ដល់ FIFA
23, Oct 2019 , 9:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) គ្រោង​ផ្តល់​សិទ្ធិ​ឲ្យ​ចិន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់ Club World Cup ស្តង់ដា​ថ្មី​ដោយមាន​២៤​ក្រុម​ចូលរួម ដែល​នឹង​រៀបចំឡើង​នៅ​ឆ្នាំ ២០២១​។ Club World Cup នេះ​នឹងមាន​ក្លិប​ធំៗ​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ច្រើន ហើយ​ពិសេស នឹង​ផ្តល់ប្រាក់​សន្ធឹក​សម្រាប់ FIFA ទៀតផង​។



​ការសម្រេច​ប្រគល់​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​មួយ​នេះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​២៥ ខែតុលា ក្នុង​ក្រុង​សៀង​ហៃ ពោលគឺ​នៅក្នុង​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​គ្រប់គ្រង​របស់ FIFA នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រចាំត្រីមាស​របស់ខ្លួន​។ នេះ​បើ​យោងតាម​មន្ត្រី​កីឡាបាល់ទាត់​មួយចំនួន​ដែល​ស្ថិតក្នុង​កិច្ចប្រជុំ​នោះ ដោយ​បញ្ជាក់ថា​មិនមាន​ប្រទេស​ផ្សេងទៀត​រត់ការ​ដេញថ្លៃ​ឡើយ​។

​កាសែត The New York Times ក៏បាន​ចេញផ្សាយ​ដែរ​ថា ចិន​ទំនងជា​នឹង​ទទួលបាន​សិទ្ធិ​ដើម្បី​រៀបចំ​ការប្រកួត​ពានរ​ង្វាន់ Club World Cup នេះ​នៅ​ឆ្នាំ ២០២១​។​



​យ៉ាងណាក៏ដោយ បើ​ទោះ​គ្មាន​ប្រទេស​ផ្សេង​ចូលរួម​ដេញថ្លៃ​ក្តី ប៉ុន្តែ​ក្រុមមន្ត្រី​កីឡាបាល់ទាត់​ពី​តំបន់​អឺរ៉ុប​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការពង្រីក​ការប្រកួត​នេះ​។ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) រួមទាំង​សមាគម​ក្លិប​កីឡាបាល់ទាត់​អឺរ៉ុប ដែល​តំណាង​ឲ្យ​ក្លិប​ជាង ២០០ អះអាងថា​ពួកគេ​នឹងធ្វើ​ពហិការ​គំនិត​នេះ​។​

​ស្តង់ដា​ថ្មី​នៅ Club World Cup នឹង​ផ្លាស់ប្តូរ​ទម្រង់​ពី​ការប្រកួត​មួយឆ្នាំ​ម្តង មាន​៨​ក្រុម​ចូលរួម ទៅជា​ប្រកួត​៤​ឆ្នាំ​ម្តង ហើយ​មាន ២៤​ក្រុម​ចូលរួម ដោយ​ក្នុងនោះ​មាន​ក្រុម​ពី​អឺរ៉ុប​យ៉ាងតិច​៨​។​

​តាមពិតទៅ​ការផ្លាស់ប្តូរ​នេះ គឺ​ខុស​ឆ្ងាយ​ពី​គំនិត​ដើម​របស់​ប្រធាន FIFA លោក Gianni Infantino ដែលមាន​ការគាំទ្រ​ពី​សំណាក់​សម្ព័ន្ធ​អន្តរជាតិ​រួមទាំង​ក្រុមហ៊ុន​ជប៉ុន SoftBank​។ ប៉ុន្តែ​យ៉ាងណា គម្រោង​ថ្មី​នេះ​នឹង​ធានាថា​អាច​រកចំណូលបាន​ដល់​ទៅ ២៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​កម្ម​វិធី Club World Cup ដែល​ពង្រីក​ដល់​ទៅ​២៤​ក្រុម​។​

​អ្នក​ដែល​ជិតស្និទ្ធ​ក្នុង​កិច្ចប្រជុំ​របស់ FIFA នៅ​ក្រុង​សៀង​ហៃ បង្ហើប​ថា​ការពិចារណា​ពាណិជ្ជកម្ម​សម្រាប់​ការប្រកួត​ក្របខណ្ឌ​ក្លិប​ក្នុង​ស្តង់ដា​ថ្មី​នេះ នឹងត្រូវ​សម្រេច​នៅពេល​ក្រោយ​ទោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ក្លាយជា​ប្រភព​ចំណូល​ដ៏​ច្រើនសន្ធឹក​សម្រាប់​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក ដែល​ពឹងផ្អែក​តែ​លើ​ចំណូល​ពី​ការប្រកួត World Cup នោះ​៕

Tag:
 ​ចិន​
  Club World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com