ជាតិ
លោក អា​បេ ទូលថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ថា ជប៉ុន​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា ក្រោម​ការ​ពួតដៃ​នៃ​ប្រជាជន​
23, Oct 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុក Royal Du Cambodge៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះរាជជំនួបលោក ស្ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២
រូបពីហ្វេសប៊ុក Royal Du Cambodge៖ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះរាជជំនួបលោក ស្ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២
​ភ្នំពេញ​៖ ជប៉ុន​នឹង​បន្ត​គាំទ្រ​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​កម្ពុជា ក្រោម​ការ​ពួតដៃ​នៃ​ប្រជាជន​ខ្លួន​។ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ស៊ី​ន​ហ្សូ អា​បេ លើកឡើង​បែបនេះ នៅពេល​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​២២ តុលា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​



​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ បានទូល​ថ្វាយ​សម្ដេចព្រះ​នរោត្តម សីហមុនី ថា ជប៉ុន​តែងតែ​នៅ​ជាមួយ​កម្ពុជា​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ជានិច្ច​។ តាមរយៈ​វេ​ប​សាយ​ក្រសួងការបរទេស​ជប៉ុន ដែល​បាន​ស្រង់​សម្តី​លោក អា​បេ ក្នុងពេល​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ជប៉ុន​និង​ប្រទេស​កម្ពុជា​បានធ្វើការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ចាប់តាំងពី​ឆ្នាំ ២០១៣​។  ជប៉ុន​បន្ត​គាំទ្រ​ពេញទំហឹង​លើ​ការអភិវឌ្ឍ​កាន់តែខ្លាំង​ថែមទៀត​របស់​កម្ពុជា​ក្រោម​ការ​ពួតដៃ​នៃ​ប្រជាជន​របស់ខ្លួន​»​។​

​មានបន្ទូល​តប​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន ព្រះមហាក្សត្រ សម្ដេចព្រះ​នរោត្តម សីហមុនី បាន​មានបន្ទូល​កោតសរសើរ​ជប៉ុន ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា​កន្លងមក ។ «​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​ជប៉ុន​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ហើយ​អបអរសាទរ​ចំពោះ​ចំណងមិត្តភាព​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​កំពុង​ឈានទៅ​មុខ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​»​។ នេះ​ជា​ព្រះរាជបន្ទូល​ព្រះមហាក្សត្រ ។​

​បច្ចុប្បន្ន​ជប៉ុន បាន​គាំទ្រ​ដល់​ការអភិរក្ស​ប្រាសាទ​អង្គរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ហើយ​ជប៉ុន នឹង​បន្ត​ការផ្លាស់ប្តូរ​វប្បធម៌ ,​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន ជាពិសេស​ពង្រឹង​កិច្ចសហការ​ទ្វេរ​ភាគី​ថែមទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​។​

​ចាប់តាំងពី​ឆ្នាំ ២០១៣ មក វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ បាន​ក្លាយជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ រួមគ្នា​លើកកម្ពស់​ចំណង​ការទូត​នេះ យ៉ាងសកម្ម​នៅ​គ្រប់​កម្រិត​គ្រប់​វិស័យ ព្រមទាំង​បានប្រែក្លាយ​ទៅជា​ផលប្រយោជន៍​ជាក់ស្តែង​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៨ ជប៉ុន បានផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ចំនួន​២,៨​ពាន់​លាន​ដុល្លារ ស្មើនឹង​ប្រមាណ​១៥​ភាគរយ នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់ សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម​សីហនុ បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ នៅ​ខែមីនា​ឆ្នាំ ១៩៥៣ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​ព្រះអង្គ ដើម្បី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​។​

​នៅ​ឆ្នាំ ១៩៥៤ ប្រទេស​កម្ពុជា​បាន​លះបង់​សិទ្ធិ ក្នុងការ​ស្នើសុំ​សំណង​សម្រាប់​ការខូចខាត​ដែល​បណ្តាលមកពី​ប្រទេស​ជប៉ុន ក្នុង​សង្គ្រាមលោកលើកទី ២ ។ ហើយ​នៅ​ឆ្នាំ ១៩៥៥ ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​និង​ជប៉ុន ក៏បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ទៀតផង​៕

Tag:
 ព្រះមហាក្សត្រ​
  ស្សិន​ហ្ស៊ូ អា​បេ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com