ជាតិ
រវល់​តែ​ខំរៀន​ជំនាញ និង​ភាសាបរទេស អត់​សូវ​តាមដាន​ប្រវត្តិសាស្ត្រ​ឡើយ​!
23, Oct 2019 , 9:19 pm        
រូបភាព
ទិដ្ឋភាពទូទៅ​នា​ជំនួប​កិច្ច​ព្រម​ព្រៀងសន្តិភាព​ក្រុងប៉ារីស កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១។ រូបថត AFP
ទិដ្ឋភាពទូទៅ​នា​ជំនួប​កិច្ច​ព្រម​ព្រៀងសន្តិភាព​ក្រុងប៉ារីស កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១។ រូបថត AFP
​ការបកស្រាយ​ប្រវត្តិសាស្ត្រ និង​ការផ្តល់​តម្លៃ​ខុសៗ​គ្នា បានធ្វើ​ឲ្យ​យុវជន​មួយចំនួន មិន​យកចិត្តទុកដាក់​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​លើ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​។ យុវជន​ដែល​មិនសូវ​ចាប់អារម្មណ៍​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ បាន​ពន្យល់​ហេតុផល​ប្រហាក់ប្រហែលគ្នា មកកាន់​សារព័ត៌មាន​ថ្មីៗ ជាពិសេស​ការយល់ឃើញ​របស់​ពួកគេ​ទាក់ទង​នឹង​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​។​



«​តើ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស មានន័យ​បែបណា​?»​។ សុ​ពេជ្រ ដែល​រៀន​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម បាន​ឆ្លើយ​ទាំង​ញញឹម ប៉ុន្តែ​មិនអាច​ពន្យល់បាន​ក្បោះក្បាយ​ឡើយ​។ «​ខ្ញុំ​មិនបាន​ដឹង​ច្បាស់​នោះទេ ព្រោះ​កាល​ពេល​រៀន ខ្ញុំ​អាន​មិន​យល់​ពី​ភាសា​ការទូត ហើយក៏​មិនបាន​ព្យាយាម​ស្វែងយល់​បន្តទៀត​»​។

​យុវជន​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា បច្ចុប្បន្ន គេ​មមាញឹក​រៀន​ជំនាញ និង​ភាសាបរទេស ហេតុដូច្នេះ​ទើប​មិនសូវ​ដឹង​រឿង​ប្រវត្តិសាស្ត្រ​កាលពីមុន​។ ទោះបីជា​យ៉ាងណាក៏ដោយ សុ​ពេជ្រ  បានដឹងថា សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស គឺជា​ការ​រំលឹក​នៃ​ជំនួប​រវាង​អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​សម្តេច ហ៊ុន សែន​។​

​មិន​ខុសគ្នា​នោះឡើយ យុវជន មេសា ដែល​ទើប​ចូលរួម​ជំនាញ​ផ្នែក​ច្បាប់ អះអាងថា​ខ្លួន​ដឹង​មិន​ច្បាស់​នោះទេ ប៉ុន្តែ​ទិវា​២៣​តុលា​នេះ គឺ​រំលឹក​ដល់​ការជួបគ្នា​ដើម្បី​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​។ និស្សិត សុខ​ហេង​, វង​សិទ្ធិ​, វីរៈ ក៏បាន​ត្រឹមតែ​បន្ទរ​ផងដែរ​ថា កិច្ចព្រមព្រៀង​នោះ ត្រូវបាន​រៀបចំឡើង​នៅ​ក្រុងប៉ារីស​។​

​ទោះបីជា​យ៉ាងណាក៏ដោយ និស្សិត​ឆ្នាំ​ទី​៣​ឈ្មោះ ប៊ុនហេង បានផ្តល់​ចម្លើយ​ក្បោះក្បាយ​ប​ន្ថិ​ច មកកាន់​សារព័ត៌មាន​ថ្មីៗ ។ សុខ​ហេង ថា ជំនួប​កាលពី​២៨​ឆ្នាំមុន ជាដើម​ចម​ដែល​នាំ​ឲ្យ​មានការ​បញ្ចប់​ជម្លោះ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ប៉ុន្តែ​មិនទាន់​ពេញលេញ​នោះឡើយ​។

«​កិច្ច​ព្រម​ព្រៀម​សន្តិភាព​នេះ ហើយ​ដែល​នាំ​ឲ្យ​មានការ​បោះឆ្នោត​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣​។ បារាំង និង​ឥណ្ឌូណេស៊ី ដើរតួ​សំខាន់​ខ្លាំងណាស់​ក្នុងប្រទេស​ដែល​ហត្ថលេខី​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ប៊ុនហេង និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ឆ្នាំ​ទី​៣ ហើយ​ប្រាប់ថា លោក បានដឹង​ពី​សន្ធិសញ្ញា​នេះ ដោ​យ​សារមើល​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

Tag:
 កិច្ច​ព្រម​ព្រៀម​សន្តិភាព​ទីក្រុង​ប៉ារីស​
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com