ជាតិ
សេដ្ឋកិច្ច
ផ្លែស្វាយ នឹងត្រូវនាំចេញទៅចិនលើកដំបូង ខណៈអង្ករ និងផ្លែចេក ត្រូវនាំចេញកាន់តែច្រើន រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
× ភ្នំពេញ៖ ក្រសួងកសិកម្មរបស់កម្ពុជា អះអាងថា ភាគីចិនកំពុងពន្លឿនការពិនិត្យលក្ខខណ្ឌបច្ចេកទេស ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មថ្មីទៀត និងពង្រីកការនាំចេញដែលមានស្រាប់ពីកម្ពុជាទៅទីផ្សារចិន។ ការអះអាងដូចនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ដែលដឹកនាំដោយលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាមន្ត្រីបច្ចេកទេសរបស់ចិន នៅទីក្រុងប៉េកាំង នៅថ្ងៃទី២១ខែតុលា ក្នុងគោលដៅជំរុញឲ្យកម្ពុជាអាចឆ្លងផុតលក្ខខណ្ឌបច្ចេកទេសរបស់ចិន ដើម្បីនាំចេញ។
ផលិតផល៥មុខ ត្រូវប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរៀបរាប់ពីលទ្ធផលដែលកើតចេញពីកិច្ចប្រជុំខាងលើនេះ។ ទី១ គឺអង្ករ។ ភាគីចិនបានឯកភាពពន្លឿនការពិនិត្យឯកសាររបស់កម្ពុជា ពាក់ព័ន្ធនឹងការសម្រេចទៅលើបញ្ជីឈ្មោះរោងម៉ាស៊ីនកិនស្រូវ ដែលអាចនាំចេញអង្ករទៅចិន។ នេះជាការពិនិត្យសម្រេចលើកទី២ បន្ទាប់ពីការសម្រេចលើកទី១កន្លងមក បានផ្ដល់សិទ្ធិឲ្យក្រុមចំនួន២៦។
គួរបញ្ជាក់ថា ចិនបានពង្រីកទំហំកូតាឲ្យកម្ពុជានាំចេញអង្ករ ជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០២០ កូតានេះមានទៅដល់៤០ម៉ឺនតោន។ ហើយការអនុម័តបញ្ជីឈ្មោះក្រុមហ៊ុននាំចេញអង្ករទៅចិន ជាលើកទី២នេះខាងមុខនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យកម្ពុជាអាចនាំចេញសម្រេចតាមកូតា៤០ម៉ឺនតោននោះ។
ផលិតផលទី២ គឺផ្លែស្វាយ។ ភាគីចិនបានពិនិត្យឯកសារវិភាគហានិភ័យសមាសភាពចង្រៃ ហើយនឹងបញ្ជូនមន្ត្រីជំនាញដើម្បីវាយតម្លៃបញ្ចប់ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ។ ប្រកាសព័ត៌មានខាងលើបញ្ជាក់ថា ភាគីទាំងពីរគ្រោងចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ទៅចិននាដើមឆ្នាំ២០២០។
ទី៣ ភាគីទាំងពីរនឹងរៀបចំដំណើរការនីតិវិធីលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងភូតគាមអនាម័យលើផលិតផលទឹកមាត់ត្រចៀកកាំ និងម្រេច ក្នុងពេលតែមួយ។ ទី៤. ផ្លែមៀន។ ភាគីចិនកំពុងពិនិត្យឯកសារកម្ពុជាដែលស្នើសុំនាំចេញផ្លែមៀនទៅចិន ហើយគ្រោងនឹងបញ្ជូនមន្ត្រីជំនាញមកវាយតម្លៃលក្ខខណ្ឌបច្ចេកទេសចំពោះការនាំចេញផលិតផលនេះ។
ទី៥ គឺផ្លែចេកអំបូងលឿង។ ចិនបានសម្រេចជាគោលការណ៍ឲ្យកសិកដ្ឋានដំណាំចេកអំបូងលឿងកម្ពុជាចំនួន៤បន្ថែមទៀតនាំចេញទៅចិន ខណៈបច្ចុប្បន្នកសិកដ្ឋានចំនួន៥កំពុងនាំចេញចេកអំបូងលឿងនេះទៅកាន់ប្រទេសនេះ៕
Tag:
ស្វាយ
អង្ករ
ចេកអំបូងលឿង
© រក្សាសិទ្ធិដោយ thmeythmey.com