ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​បក្សប្រឆាំង ចោទ​រដ្ឋាភិបាល​ថា «​ចង់​បំបាត់​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​»
23, Oct 2019 , 6:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ដោយ: ថ្មីៗ
«...​រដ្ឋាភិបាល​កម្ពុជា មាន​ចេតនា​បំបាត់ចោល​ទាំងស្រុង​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយបាន​សម្រេច​លុបចោល​នូវ​ទិវា​រម្លឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា​»​។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​ដូច្នេះ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចេញពី​ក្រៅប្រទេស​មក នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ ចំ​ថ្ងៃ​រម្លឹក​ខួប​២៨​ឆ្នាំ​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​



​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ឈប់សម្រាក ដើម្បី​អបអរសាទរ​និង​រម្លឹក​ដល់​ថ្ងៃ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ ចាប់ពីឆ្នាំ២០២០ទៅ​ នឹងមិនមានថ្ងៃឈប់សម្រាក សម្រាប់ទិវារម្លឹកខួបនៃការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទៀតទេ។ 

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បកស្រាយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មានតម្លៃ​និង​អាច​យកមក​អនុវត្តបាន តែ​នៅ​ក្នុងសម័យ​អន្តរកាល ដែលអាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (​អ៊ុនតាក់​) ចូលមក​ជួយ​រៀបចំ​ការបោះឆ្នោត​ប៉ុណ្ណោះ​។ លោក បញ្ជាក់ថា ក្រោយ​អ៊ុនតាក់​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​និង​រដ្ឋាភិបាល តាំងពី​ឆ្នាំ​១៩៩៣ រួចមក កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​ត្រូវអស់​សុពលភាព​ពី​ពេល​នោះមក​។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ពន្យល់ថាថា​៖«​ច្បាប់កំពូល​របស់​ប្រទេស គឺ​រដ្ឋធម្មនុញ្ញ ឯ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​យើង​អស់​តម្លៃ​អនុវត្ត​ហើយ​។ វា គ្រាន់តែ​ជា​ស្មារតី ដែល​យើង​យក​វា​ទៅ​រក្សាទុក ក្នុង​ន័យធៀប គឺ​រក្សាទុក​ក្នុង​សារមន្ទីរ​ឯកសារ អត់​មាន​សម្រាប់​យកមកអនុវត្ត​ទេ​...​។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បានបញ្ចប់​ដោយ​ខ្លួនវា មិនមាន​អ្នកណា​បញ្ចប់​វា​ទេ​។ វា ចប់​តាំងពី​អ៊ុនតាក់ ចេញពី​កម្ពុជា ចាប់តាំងពី​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ថ្មី​...»​។   

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​តួអង្គ​ចូលរួម​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន ខ្ពស់ជាង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា​៖«...​តម្លៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្អីៗ ចុះ​រដ្ឋធម្មនុញ្ញ​ខ្មែរ វា​ទៅណា​បាត់​វា​។ ពេលវេលា​នេះ ត្រូវអនុវត្ត​តាម​ក្រប​ខ័​ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​...»​។

​ប្រមុខ​រដ្ឋាភិបាល អះអាងថា បើ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ត្រូវ​ដោះលែង​លោក ខៀវ សំផន និង ត្រូវ​រំលាយ​តុលាការ​ខ្មែរក្រហម​ចោល ពីព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំបាន​តម្រូវ​ឲ្យ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នោះទេ ហើយក៏​មិនបាន​ចែង​ពី​ការបង្កើត​តុលាការ​ខ្មែរក្រហម​ដែរ​។  

​អតីត​គណបក្សប្រឆាំង នៅ​រិះគន់​រដ្ឋាភិបាល​ជាច្រើន​ទៀត ពី​រឿង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ អតីត​គណបក្ស សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​រំលាយចោល​ទាំងស្រុង ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ និង ការបោះឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨...»​។

​សេចក្តីថ្លែងការណ៍ បន្តថា ការរំលាយ​អតីត​គណបក្សប្រឆាំង​និង​ការបោះឆ្នោត​ឆ្នាំ​២០១៨ បា​នស​ន្ស​ល់​ទុក​នូវ​ការបែកបាក់​ជាតិ ការរំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ការ​បំបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​គ្រប់បែបយ៉ាង ហើយ​នាំ​កម្ពុជា​ទៅរក​របប​ដឹកនាំ​ឯក​បក្ស​ជាថ្មី​ម្តងទៀត ដូច​អតីតកាល ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

​អតីត​គណបក្សប្រឆាំង បន្ថែមថា ២៨​ឆ្នាំ​មកនេះ ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិនត្រូវ​បាន​គោរព​និង​អនុវត្តបាន​ពេញលេញ​ឡើយ ហើយ​គោលការណ៍​គ្រឹះ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា សិទ្ធិមនុស្ស ជាដើម ត្រូវបាន​ជាន់ឈ្លី​និង​រំលោភបំពាន​ដោយ​រដ្ឋាភិបាល​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ម្នាក់​ទៀត គឺ​លោក សុខ ឥសាន ឆ្លើយតប​ថា តាំងពី​ទំព័រ​ទីមួយ រហូតដល់​ទំព័រ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិនបាន​ហាមឃាត់​មិន​ឲ្យ​រំលាយ​អតីត​គណបក្សប្រឆាំង ដែល​ល្មើសច្បាប់​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការលើកឡើង​របស់គាត់ អត់​ត្រឹមត្រូវ​។ វា អត់​មានចែង​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​»​។

​លោក ទទួលស្គាល់ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស តម្រូវ​ឲ្យ​អនុវត្ត​ឲ្យ​អនុវត្តតាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។ លោក និយាយថា​៖«​បើ​នីតិរដ្ឋ អ្នកប្រព្រឹត្ត​ខុសច្បាប់ ត្រូវ​ទទួលទោស​តា​ច្បាប់​»។ លោក បន្ថែមថា​៖«​អតីត​គណបក្សប្រឆាំង មិនមែន​តំណាង​ឲ្យ​ពហុបក្ស​ទេ​។ អត់​ពី​គាត់​មួយ ឃើញ​បាន​១៩​បក្ស​មកទៀត​។ មិនអាច​ដូច​គាត់​និយាយថា អត់​ពី​គាត់​ទៅ គឺថា​អ្ន​ណា ក៏​ងាប់​អស់​ដែរ​ទេ​...»​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល អតីត​គណបក្សប្រឆាំង អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិភាក្សាគ្នា​ជាបន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន និង ដើម្បី​នាំ​កម្ពុជា​វិល​មករក​គន្លង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​វិញ​។

​លោក សុខ ឥសាន ចំអក​ឲ្យ​ដូច្នេះ​ថា​៖«​ជាតិ​ក្រោយ​ក៏​វា​អត់​មាន​អាហ្នឹង​ដែរ​...​។ នៅពេលណា​មានការ​ឈ្លានពាន​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យភាព​និង​អធិបតេយ្យភាព​កម្ពុជា គឺ​បណ្តា​ប្រទេស​ហត្ថលេខី​ហ្នឹង អាច​កោះប្រជុំ​...​។ ឥ​ឡុ​វ​នេះ មាន​អ្នកណា​មក​ឈ្លានពាន​កម្ពុជា​? វា​អត់​មាន​ទេ អ៊ីចឹង កុំ​សង្ឃឹមថា មានការ​កោះប្រជុំ​...»​។​

​ប្រទេស​ទាំង​១៨ ដែល​ចូលរួម​ធ្វើជា​ហត្ថលេខី​ជាមួយ​ភាគី​កម្ពុជា ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ អូស្ត្រាលី ព្រុយ​ណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ សហភាពសូវៀត អង់គ្លេស អាមេរិក វៀតណាម និង យូ​ហ្គោ​ស្លា​វី​៕


Tag:
 CNRP
  កិច្ចព្រមព្រៀង​ប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com