ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបងាយៗ ប្រើប្រាស់ “តែបៃតង” កម្ចាត់មុនឆាប់រហ័ស
× តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី និងការពារកោសិកាស្បែក។ តែបៃតងក៏ជួយរក្សាសុខភាពស្បែកល្អប្រសើរ និងទប់ស្កាត់រោគសញ្ញានៃភាពចាស់តាមវ័យផងដែរ។ អ្វីដែលសំខាន់ទៀតនោះ គឺតែបៃតងជាប្រភពនៃសារធាតុ catechins ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងកម្ចាត់បាក់តេរីល្អសម្រាប់ព្យាបាលមុន។
ហើយថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់តែបៃតងព្យាបាលមុន ៖
១. ទទួលទានតែបៃតង
អ្នកអាចទទួលទានតែបៃតងយ៉ាងហោចណាស់ពី ៤ ទៅ ៥ ពែងក្នុងមួយថ្ងៃជាប្រចាំ។ ដើម្បីជាការប្រសើរចូរជ្រើសរើសតែបៃតងដែលគ្មានជាតិកាហ្វេអ៊ីន។ តែបៃតងជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ polyphenols សារធាតុ epigallocatechin-3-gallate ដែលជួយរារាំងអ័រម៉ូន testosterone ពីការបំលែងទៅជា DHT ទប់ស្កាត់បញ្ហាមុនអ័រម៉ូន។
២. កម្ចាត់មុនដោយលាងសម្អាតមុខជាមួយតែបៃតង
អ្វីដែលអ្នកត្រូវការ៖ ហ្វូមលាងសម្អាតមុខ, តែបៃតង, ផលិតផលផ្ដល់សំណើមដល់ស្បែក, ដបមានក្បាលបាញ់ ឬដបស្ព្រៃយ៍ និងកន្សែងស្អាត។
អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែបៃតង ១ ពែង រួចទុកឱ្យចុះត្រជាក់បន្តិច។ បន្ទាប់មកចាក់តែបៃតងចូលក្នុងដបស្ព្រៃយ៍។ លាងសម្អាតមុខជាមួយហ្វូមលាងមុខ រួចផ្ដិតថ្នមៗដល់ស្ងួត សឹមបាញ់ទឹកតែបៃតងលើមុខ ហើយទុកឱ្យស្ងួត។ លាងសម្អាតមុខជាមួយទឹកត្រជាក់ ហើយជូតសម្អាតមុខ និងលាបផលិតផលផ្ដល់សំណើមជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងជាប្រចាំ។
៣. តែបៃតងនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវការ ៖ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ, តែបៃតង ១ កញ្ចប់តូច, ទឹកក្ដៅ និងហ្វូមលាងសម្អាតមុខ។
អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែក្នុងទឹកក្ដៅសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រង់យកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com