កីឡាអន្តរជាតិ
អន្តរជាតិ
De La Hoya រង​បណ្តឹង​ហិង្សា​ផ្លូវភេទ តែ​លោ​កថា​នេះ​ជាការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួន​ប៉ុណ្ណោះ​
24, Oct 2019 , 10:19 am        
រូបភាព
Oscar De La Hoya អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ពិភពលោក ៦​ស្ថាប័ន ត្រូវ​ចោទប្រកាន់​ពីបទ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ម្នាក់​នៅផ្ទះ​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៧​។ យ៉ាងណា អ្នក​ផ្គូផ្គង​កីឡាប្រដាល់​សកល​ដ៏​ល្បីល្បាញ​រូបនេះ តប​ថា​នេះ​ជា​បណ្តឹង​ក្លែងបន្លំ ដោយមាន​គោលដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួន​ប៉ុណ្ណោះ​។​



​ឯកសារ​របស់​តុលាការ​បានបង្ហាញ​ថា Oscar វ័យ​៤៦​ឆ្នាំ ប្រឈម​នឹង​ពាក្យបណ្តឹង​ក្នុង​បទ​ចោទ​បៀតបៀន​ផ្លូវភេទ អំពើ​ហឹ​ង្សា​ផ្លូវភេទ ប្រមាទ និង​ការធ្វើ​ទុក្ខទោស​ផ្លូវ​អារម្មណ៍​យ៉ាងខ្លាំង​។​

​ស្ត្រី​ដែល​នៅ​ពីក្រោយ​ការចោទប្រកាន់​នេះ​មាន​អាយុ​៣១​ឆ្នាំ ហើយ​នាង​ក៏​ធ្លាប់មាន​ទំនាក់ទំនង​ផ្លូវភេទ​ដោយ​មានការ​ព្រមព្រៀងគ្នា​ផង​ជាមួយ De La Hoya កាលពី​ឆ្នាំ​២០១៧ នោះដែរ​។​
​អ្នកនាំពាក្យ​របស់ De La Hoya អះអាងថា​ការចោទប្រកាន់​នេះ​គឺ​មិន​ពិត​ទាំងស្រុង​ឡើយ ខណៈ​ពាក្យបណ្តឹង​ខាងលើ​ត្រូវបានធ្វើ​ឡើងទៅ​តុលាការស៊ីវិល ហើយ​ស្ត្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​គ្រាន់តែ​ចង់បាន​សំណង​ខូចខាត​ជា​ប្រាក់​ពី De La Hoya ប៉ុណ្ណោះ​។​



​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់ Golden Boy Promotions ដែលជា​ក្រុមហ៊ុន​ផ្គូផ្គង​កីឡាប្រដាល់​ដ៏​ល្បីឈ្មោះ​របស់ De La Hoya បណ្តឹង​របស់​ស្ត្រី​ខាងលើ​គឺ​មិន​សម​ហេតុផល​ឡើយ​។ «Oscar ជា​អ្នកជំនួញ​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​ដោយបាន​ដឹកនាំ​ក្រុមហ៊ុន​កីឡា និង​ការកម្សាន្ត​ឈានមុខ​គេ​មួយ​នៅ​អាមេរិក ដូច្នេះ​នេះ​ជា​គោលដៅ​ចំបង​ក្នុងការ​ប្តឹងផ្តល់​របស់​ស្ត្រី​នោះ​។ យើង​បដិសេធ​ដាច់ខាត សម្រាប់​ការចោទប្រកាន់​ទាំងនេះ ហើយ​រង់ចាំ​ការការពារ​កេរ្តិ៍ឈ្មោះ​របស់ Oscar»​។​

​ខ្លឹមសារ​ដែល​សរសេរ​ក្នុង​លិខិត​ចោទប្រកាន់​ដែល​បានដាក់​ទៅ​តុលាការ​ជាន់ខ្ពស់​នៃ​រដ្ឋ California បាន​ចោទ​បុរស​សញ្ជាតិ​អាមេរិកាំង​កាត់​ម៉ិ​ក​ស៊ិ​ក De La Hoya ថា​បាន​អញ្ជើញ​ស្ត្រី​នោះ​ទៅផ្ទះ​របស់ខ្លួន​នៅ​ក្រុង Pasadena សម្រាប់​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​។​

​ក្នុង​ពាក្យបណ្តឹង​បញ្ជាក់ទៀតថា​ស្ត្រី​រូបនោះ​ពិតជា​បានរួម​ភេទ​ដោយ​ការព្រមព្រៀង​គ្នា​មែន ប៉ុន្តែ​អាកប្បកិរិយា​របស់ Hoya គឺ «​បង្ខំ​» នៅពេល​នាង​បដិសេធ​ពី​សកម្មភាព​ផ្លូវភេទ​នោះ​។ ស្ត្រី​រូបនេះ​បាន​រង​ទុក្ខ រហូត​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ការ​ថប់​បារម្ភ និង​រោគសញ្ញា​ផ្សេងៗ​ទៀត​រហូតដល់​សព្វថ្ងៃ​។​

De La Hoya ដែល​បង្កើត​ក្រុមហ៊ុន Golden Boy នៅ​ឆ្នាំ​២០០២ បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​ប្រដាល់​នៅ​ឆ្នាំ ២០០៩ ពោលគឺ​ក្រោយ​ចាញ់​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ដោយ​បោះបង់​ការប្រកួត​ត្រឹម​ទឹក​ទី​៨ នា​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០០៨៕

Tag:
 Oscar De La Hoya
  Golden Boy
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com