ជាតិ
សង្គមជាតិ
មន្ត្រី​៖ បុរស​ដែល​ស្លាប់​ក្រោយ​អាជ្ញាធរ​រុះរើ​ផ្ទះ គឺ​ដោយសារ​ខ្យល់គ​ហើយ​លង់ទឹក មិនមែន​ធ្វើអត្តឃាត​ទេ
24, Oct 2019 , 8:19 pm        
រូបភាព
សាកសព ជនរងគ្រោះ លោក ឡិង រិន (រូបភាពពីលោក ឃៀង ភារម្យ)
សាកសព ជនរងគ្រោះ លោក ឡិង រិន (រូបភាពពីលោក ឃៀង ភារម្យ)
​បុរស​ម្នាក់​ដែល​ស្លាប់​ក្រោយ​អាជ្ញាធរ​ចុះ​រុះរើ​ផ្ទះ ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ស្លាប់​ដោយសារ​លង់ទឹក ដែល​បណ្ដាលមកពី​ខ្យល់គ ខណៈ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ ផ្សព្វផ្សាយ​ថា បុរស​រូបនេះ ធ្វើអត្តឃាត ដោយសារ​ឈឺចិត្ត​នឹង​អាជ្ញាធរ​រុះរើ​ផ្ទះសម្បែង​របស់ខ្លួន​។



​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​អះអាងថា ជនរងគ្រោះ​បាន​លង់ទឹក​ស្លាប់ មិនមែន​ធ្វើអត្តឃាត​ឡើយ​។ លោក​បញ្ជាក់ថា​៖«​បុរស​ដែល​ស្លាប់​គឺ​ខ្យល់គ​ហើយ​ធ្លាក់ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់ ហើយ​ផ្ទះ​ដែល​អាជ្ញាធរ​ចុះ​រុះរើ គឺ​សំណង់​អនាធិបតេយ្យ​»​។ 

​អ្នកនាំពាក្យ​រូបនេះ បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់​ជនរងគ្រោះ គឺ​អ្នកស្រី សុខ ធី អាយុ​៤៧​ឆ្នាំ ជនជាតិ​វៀតណាម និយាយថា មុនពេល​កើតហេតុ នៅ​ម៉ោង​១​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ជនរងគ្រោះ​មិន​ស្រួលខ្លួន ឲ្យ​ជួយ​កោសខ្យល់​។ បន្ទាប់មក ជនរងគ្រោះ​បាន​ទៅ​ដោះ​រនង​ដាក់​ត្រី  និង​ជួសជុល​ម៉ាស៊ីន​ទូក​រហូត​ម៉ោង​៣​ទៀបភ្លឺ ហើយ​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ ក៏​ទៅ​មើល​សន្ទូច​ដាក់​ត្រី លុះ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី ទើប​ប្រទះឃើញ​លង់ទឹក​ស្លាប់​។

​ជនរងគ្រោះ​ឈ្មោះ ឡឹង រិ​ន អាយុ​៣៤​ឆ្នាំ បាន​លង់ទឹក​ស្លាប់​នៅ​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែតុលា​។ ជនរងគ្រោះ​រូបនេះ រស់នៅ​ភូមិ​ស្មាច់​ដែន ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com