ជាតិ
សង្គមជាតិ
សមត្ថកិច្ចខេត្តកំពង់ធំ បង្ក្រាបបានគ្រឿងញៀនដល់ទៅ៩៣គីឡូក្រាម
× សមត្ថកិច្ចខេត្តកំពង់ធំ បានបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរឹបអូសគ្រឿងញៀន៩៣កញ្ចប់ មានទម្ងន់៩៣គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ការបង្ក្រាបនេះ គឺមានចំនួន២លើក។ លើកទី១ សមត្ថកិច្ចជំនាញ បង្ក្រាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចអាហាដ្ឋាន រស់ សុខុម ស្ថិតក្នុងភូមិសំណាក ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ដោយដកហូតគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICE ចំនួន៤០កញ្ចប់ មានទម្ងន់៤០គីឡូក្រាម និងរថយន្ត២គ្រឿង រួមទាំងឃាត់ជនសង្ស័យ៤នាក់ (ជនជាតិថៃម្នាក់)។
ជនសង្ស័យទាំង៤នាក់នោះ គឺ ឈ្មោះ គង់ វណ្ណៈ អាយុ៤០ឆ្នាំ រស់នៅខេត្តបាត់ដំបង ឈ្មោះ សុខ ប៊ុនសិរិឆ័យ អាយុ៤២ឆ្នាំ រស់នៅខេត្តបាត់ដំបង ឈ្មោះ លី តឹក អាយុ៥៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និង ឈ្មោះ សាក់ ស៊ាងសង អាយុ៣២ឆ្នាំ ជនជាតិថៃ រស់នៅប្រទេសថៃ។
លើកទី២ សមត្ថកិច្ច បានចុះទៅឆែកឆេរនៅទីតាំងមួយកន្លែងទៀត ស្ថិតក្នុងភូមិក្រសាំង ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែតុលា ដោយបានរកឃើញគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICE ចំនួន៥៣កញ្ចប់ មានទម្ងន់៥៣គីឡូក្រាមបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com