ជាតិ
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ពីស្ថានភាពជំងឺអ្នកសារព័ត៌មានលោក សំរិទ្ធ ឯកសុវណ្ណ លោក សំរិទ្ធ ឯកសុវណ្ណ នាពេលចូលរួមជំនួបប្រចាំឆ្នាំរវាងសម្តេច ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននៅកោះពេជ្យ។ រូបថត ហ្វេសប៊ុកលោកផ្ទាល់
× ភ្នំពេញ៖ ស្ថានភាពជំងឺមេរោគក្នុងគ្រាប់ឈាមរបស់ លោក សំរិទ្ធ ឯកសុវណ្ណ នាយករងព័ត៌មានប្រចាំទូរស្សន៍CNC មិនទាន់ធូរស្បើយនៅឡើយ ប៉ុន្តែក៏មិនមានការវិវត្តអាក្រក់ទៅមុខទៀតដែរ។ នេះបើតាមការអះអាងរបស់ ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)។ លោក សំរិទ្ធ ឯកសុវណ្ណ ដែលជាសមាជិកលេខាធិការដ្ឋាននៃ ស.ស.ស.ក ផងដែរនោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងបាងកក តាំងពីថ្ងៃទី១១ ខែតុលា មកម្ល៉េះ។
«ស្ថានភាពជំងឺលោក សំរិទ្ធ ឯកសុវណ្ណ ពេលនេះ គឺមិនមានលក្ខណៈអាក្រក់ តែក៏មិនទាន់ថមថយនោះដែរ។ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភធំនោះ គឺការចំណាយខ្ពស់ លើថ្លៃសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជនក្នុងប្រទេសថៃ»។ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មាន ThmeyThmey។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបន្ថែមថា គ្រួសារលោក សំរិទ្ធ ឯកសុវណ្ណ ត្រូវការចំណាយរហូតដល់ទៅ២០០០ដុល្លារអាមេរិកឯណោះក្នុងមួយថ្ងៃសម្រាប់សេវាព្យាបាល ព្រោះទាមទារចំបាច់លើការប្រើប្រភេទថ្នាំអង់ទីប៊ីយូទិក (Antibiotics) ដើម្បីប្រឆាំងមេរោគក្នុងឈាម។
គិតត្រឹមថ្ងៃទី២៤ ខែតុលា នេះ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា ស.ស.ស.ក ក៏ដូចជារូបលោកផ្ទាល់ ទទួលបានថវិកាជាបន្តបន្ទាប់ពីសប្បុរសជន។ បន្ថែមពីលើនេះ សម្តេច ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភចំនួន១ម៉ឺនដុល្លារអាមេរិកផងដែរ។លោកអះអាងថា នឹងបន្តសកម្មភាពអំពាវនាវរកប្រាក់ដើម្បីជូនគ្រួសារអ្នកជំងឺបន្ថែមទៀត៕
លោក ហ៊ុយ វណ្ណៈ (ស្តាំ) ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោក សំរិទ្ធ ឯកសុវណ្ណ ដែលជាសមាជិកលេខាធិការដ្ឋាន។ រូបថត ហ្វេសប៊ុកលោក សំរិទ្ធ ឯកសុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com