ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​នី ព្រមាន​ជនបរទេស​ដែល​អមដំណើរ​អតីត​បក្សប្រឆាំង​ចូល​ស្រុក​
24, Oct 2019 , 10:40 pm        
រូបភាព
លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រប្រតិកម្ម​តបទៅនឹងជនបរទេសដែលប្រកាសអមដំណើរលោក សម រង្ស៊ី មកកម្ពុជា ដែលក្នុងនោះមានតំណាងរាស្ត្រ​អូស្ត្រាលី​ ​លោក Mark Butler និង​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ទីក្រុង​ហុងកុង លោកស្រី អេ​មី​លី ឡៅ
លោក ហ៊ុន ម៉ានី អ្នក​តំណាងរាស្ត្រប្រតិកម្ម​តបទៅនឹងជនបរទេសដែលប្រកាសអមដំណើរលោក សម រង្ស៊ី មកកម្ពុជា ដែលក្នុងនោះមានតំណាងរាស្ត្រ​អូស្ត្រាលី​ ​លោក Mark Butler និង​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ទីក្រុង​ហុងកុង លោកស្រី អេ​មី​លី ឡៅ
អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ា​នី បានបង្ហាញ​ប្រតិកម្ម​តប​នឹង​បំណង​របស់​ជនបរទេស​ណាមួយ​ដែល​គាំទ្រ និង​អមដំណើរ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រដ្ឋាភិបាល​ចោទប្រកាន់ថា​មាន​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​។​



អត្ថបទទាក់ទង


​ប្រតិកម្ម​ជា​សំណេរ​របស់លោក ហ៊ុន ម៉ា​នី ដែលជា​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ផង​នោះ បាន​កើតឡើង​បន្ទាប់ពី​មាន​សេចក្តីថ្លែងការណ៍​នានា​ពី​ជនបរទេស​ដែល​ប្រកាស​គាំទ្រ​ការវិលត្រឡប់​របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បរទេស​ដែល​ត្រូវបាន​ចោទ​ពីបទ​ឧបឃាត​។​

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់នា​យប់​ថ្ងៃទី​២៤​ខែតុលា​នេះ​ថា លោក​ថា កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ​មួយ មិនអាច​ត្រូវបាន​រំលោភ​ដោយ​ប្រទេស ឬ​ជនបរទេស​ណាមួយ​ឡើយ​។

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​ការ​អន្តរា​គន៍​ជា​អន្តរជាតិ​ណាមួយ អាចធ្វើ​ទៅបាន វៀរលែងតែ​មានការ​អនុញ្ញាត ឬ​ការឯកភាព​ជា​ផ្លូវការ​ពីរ​ដ្ឋ​អធិបតេយ្យ​នោះ​។ ក្នុងន័យនេះ អំពើ​ទាំងឡាយ​ដែល​គ្មាន​ការស្នើសុំ ឬ​ការឯកភាព ពី​រដ្ឋាភិបាល​ស្របច្បាប់​នៃ​រដ្ឋ​នោះ នឹងត្រូវ​បានចាត់ទុក​ជាការ​រំលោភបំពាន​ដែល​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​អធិបតេយ្យ​នោះ​ជាដាច់ខាត​។​»​។

​ទំនងជា​ចង់​ផ្តោតទៅលើ​ការ​ការប្រកាស​ចូលមក​ក្នុងប្រទេស​របស់​ក្រុម​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​នោះ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​បន្ថែមថា​៖«​មកដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បុគ្គល​ណាក៏ដោយ​ត្រូវគោរព​ច្បាប់​របស់​កម្ពុជា​ក្នុងឋានៈ​ជា​រដ្ឋ​អធិបតេយ្យ មិន​ចំពោះ​ថា បុគ្គល​នោះ​ជា​ខ្មែរ ឬ​ជនបរទេស​នោះទេ​។​»​។​
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​ឃើញ​មាន​តំណាងរាស្ត្រ​អូស្ត្រាលី​ម្នាក់ គឺ​លោក Mark Butler និង​សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ទីក្រុង​ហុងកុង លោកស្រី អេ​មី​លី ឡៅ (Emily Lau) ដែល​បានធ្វើ​សេចក្តីថ្លែងការណ៍​គាំទ្រ​ដំណើរ​ចូល​ស្រុក​របស់​ក្រុម​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ក្បត់ជាតិ​។​

​លោកស្រី Emily Lau សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ទីក្រុង​ហុងកុង ថត​វីដេអូ ហើយ​ប្រកាសថា​លោកស្រី​នឹង​អមដំណើរ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតផង​។ រីឯ​លោក Mark Butler ដែលជា​អ្នកតំណាងរាស្ត្រ​របស់​អូស្ត្រាលី​មកពី​គណបក្ស​ពលករ ក៏បាន​ប្រកាស​ជំហរ​គាំទ្រ​ចលនា​ម្រាមដៃ​៩​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។


© រក្សាសិទ្ធិដោយ thmeythmey.com