ជាតិ
ផ្លូវការ៖ រដ្ឋ​ដក​ហូតសិទ្ធិស៊ីនទ្រីលើការ​​ប្រមូល​សំរាម​ក្រោយ​ប្រតិបត្តិការ​១៧​ឆ្នាំនៅ​ភ្នំពេញ​
25, Oct 2019 , 8:48 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីបញ្ហាសំរាម​នាកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃសុក្រនេះ។ រូបថត SPM
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីបញ្ហាសំរាម​នាកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃសុក្រនេះ។ រូបថត SPM
ដោយ: ថ្មីៗ
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​កិច្ច​ប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ប្រកាស​ពី​ការ​ដក​ហូត​សិទ្ធិ​ផ្លូវ​ការ​របស់ក្រុមហ៊ុនស៊ីនទ្រី លើ​ការ​ប្រមូល​សំរាម​ក្នុង​រាជ​ធានីភ្នំពេញ។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា កន្លងមក។



សម្តេចបាន​លើក​ឡើងថា ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ទទួលបាន​សិទ្ធិ​ប្រមូល​សំរាម​នៅ​រាជធានីភ្នំពេញ តាំងពី​ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​២០០២ មកនោះ មិន​បាន​បំពេញ​កាតាព្វ​កិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ត្រឹមត្រូវតាម​ការរីកចម្រើន​របស់រាជ​ធានីភ្នំពេញ​នោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បាន​អះអាងថា ក្រុមហ៊ុនស៊ីនទ្រី ទទួលបាន​ការប៉ះប៉ូវ​យ៉ាង​សម​ស្រប និងយុត្តិធម៌ ទាំង​ធនធាន​រូបវន្ត និង​បុគ្គលិក ដោយ​អ្វី​ៗ​ទាំងអស់​នឹង​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​អង្គ​ភាពស្វ័យត​មួយ​របស់​រដ្ឋ ជាបណ្តោះអាសន្ន។

សម្តេចបានអះអាងថា រដ្ឋាភិបាល​នឹង​រៀបចំ​ការ​ដេញ​ថ្លៃ​ប្រកបដោយតម្លាភាព ដោយ​រក​ក្រុមហ៊ុនយ៉ាង​តិច​ចំនួន​៤ដើម្បី​ដេញ​ថ្លៃ​ប្រមូលសំរាម​តាម​តំបន់​ក្នុង​រាជ​ធានីភ្នំពេញ​ រួមទាំង​ក្រុមហ៊ុនស៊ីនទ្រីផងដែរ។

ទាក់ទង​នឹង​ការ​ដក​ថ្លៃ​សំរាម​ចេញពីវិក្កយបត្រអគ្គិសនី សម្តេច​បាន​បញ្ជាក់ថា ជាការសម្រេច​ដើម្បី​ផ្តល់យុត្តិធម៌​សម្រាប់ពលរដ្ឋក្រីក្រ ហើយសម្តេច​ស្នើ​ឲ្យ​បណ្តា​ខេត្តទាំងអស់ដែល​ប្រើ​ប្រាស់​ប្រព័ន្ធបែបនេះ ឲ្យចាប់អនុវត្ត​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ​២០២០ ទៅ៕

អត្ថបទទាក់ទង


Tag:
 សំរាម
 ​ស៊ីនទ្រី
© រក្សាសិទ្ធិដោយ thmeythmey.com