កីឡាអន្តរជាតិ
អន្តរជាតិ
ធ្វើ​ប្រធាន​ក្រុម Man Utd លើកដំបូង Maguire ភ្លេច​រង់ចាំ​បោះ​កាក់​មុន​ប្រកួត​
25, Oct 2019 , 10:57 am        
រូបភាព
​ជា​រឿង​គួរ​អស់សំណើច​ដែរ បន្ទាប់ពី Harry Maguire ភ្លេចខ្លួន​ទៅ​ចូល​រួមការ​ចាប់ដៃ និង​បោះ​កាក់​ជាមួយ​អាជ្ញាកណ្តាល​ដើម្បី​រើស​ទី​មុន​ការប្រកួត​។ ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោក​រូបនេះ ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​ជា​លើកដំបូង​សម្រាប់ Manchester United ក្នុងជំនួប​ជាមួយ Partizan Beograd នៃ​ក្របខណ្ឌ UEFA Europa League នៅ​យប់​ថ្ងៃទី​២៥ ខែតុលា​។​



Maguire វ័យ​២៦​ឆ្នាំ ដែលជា​ខ្សែ​កា​ពារ​មានតម្លៃ​ខ្លួន​១០៩​លាន​ដុល្លារ​អាមេរិក បាន​ភ្លេច​ពី​ភារកិច្ច​របស់ខ្លួន​ជា​ប្រធាន​ក្រុម​ទាំងស្រុង​តែម្តង ក្រោយ​ដើរចូល​ទីលាន​និង​ថតរូប​១១​នាក់​រួច​។ មុន​ចាប់ផ្តើម​ការប្រកួត ក្នុងនាម​ជា​ប្រធាន​ក្រុមកីឡា​បាល់ទាត់ គឺ​ត្រូវ ផ្លាស់ប្តូរ​ទង់​អនុស្សាវរីយ​ទៅវិញទៅមក​ជាមួយ​ប្រធាន​ក្រុម​របស់​គូប្រជែង រួមទាំង​ចាប់ដៃ​ជាមួយ​អាជ្ញាកណ្តាល​ទាំងបី​រូប និង​បោះ​កាក់​រើស​ទី និង​ដើម្បី​កែ​បាល់​ប្រកួត​ផង​។​

​ផ្ទុយទៅវិញ សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បែ​ជា​ត្រូវ​អាជ្ញាកណ្តាល​ស្រែកហៅ​ម្តង​ជា​ពីរដង​ដើម្បី​មក​ធ្វើ​ការងារ​ទាំងអស់នេះ​។​

​ដោយ​ការ​ភ្លេច​ពី​ងារ​របស់ខ្លួន​ក្នុងនាម​ជា​ប្រធាន​ក្រុម​នេះ Maguire ក៏បាន​បង្ហោះ​លើ Twitter របស់ខ្លួន​ក្រោយ​ចប់​ការប្រកួត​ដែល Man Utd ឈ្នះ Partizan ១-០ ថា រូបគេ​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម​ម្តង​ដែរ តែ​យូរណាស់​មកហើយ​ដោយ​ភ្ជាប់​ជាមួយ​រូប Sticker អស់សំណើច​ខ្លួនឯង​ទៀតផង​។​

​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​បិសាច​ក្រហម ធ្វើបាន​ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Anthony Martial​។ Man Utd ទទួលបាន​៧​ពិន្ទុ​ពី​ការប្រកួត​៣​លើក ឈរ​កំពូល​តារាង​ពូ​ល L តាម​ពីក្រោយ​ដោយ AZ Alkmaar មាន​៥​ពិន្ទុ Partizan Beograd ៤​ពិន្ទុ និង FC Astana គ្មាន​ពិន្ទុ​រាប់​៕

Tag:
 Harry Maguire
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com