ភូមិត្រាច ខេត្តកំពង់ស្ពឺ ៖ បើចោលកន្ទុយភ្នែកក្រឡេកមើលបន្តិច ភូមិត្រាច ហាក់ដូចជាភូមិខ្មែរដ៏សាមញ្ញធម្មតាមួយកន្លែងរបស់ទីជនបទប្រទេសកម្ពុជា។ ក៏ប៉ុន្តែការពិត ភូមិដែលមានប្រជាជនរស់នៅត្រឹមតែប្រមាណ៥៧០នាក់នេះ ពោរពេញដោយសកម្មភាពសេដ្ឋកិច្ចយ៉ាងរស់រវើក។
ភូមិត្រាច ស្ថិតនៅចម្ងាយប្រមាណប្រាំគីឡូម៉ែត្រ ប៉ែកខាងលិច ក្រុងច្បារមន របស់ខេត្តកំពង់ស្ពឺ។ ប្រជាពលរដ្ឋស្ទើរតែទាំងអស់ក្នុងចំណោមពលរដ្ឋសរុបចំនួន១១៥គ្រួសារក្នុងភូមិ រស់នៅដោយពឹងអាស្រ័យនឹងប្រភពចំណូលពីការបម្រើការងារក្នុងរោងចក្រនិងអាជីវកម្មលក់ចំណីអាហារ សម្រាប់កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនិងនៅតាមតំបន់ផ្សេងទៀត។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។
អ្នកស្រី គ្រិច ធន ពលរដ្ឋភូមិត្រាច ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។ កូនប្រុសស្រីទាំង៤នាក់ របស់អ្នកស្រី សុទ្ធតែជាកម្មករកម្មការនី រោងចក្រកាត់ដេរ ខណៈអ្នកស្រីផ្ទាល់ ជាអ្នកលក់អាហារ នៅមុខរោងចក្រក្បែរភូមិ។ (អូន ឆេងប៉រ/VOA)
អង្គុយមុខផ្ទះ សង់ពីឈើ ខ្ពស់ផុតពីដី អ្នកស្រី គ្រិច ធន ជាឧទាហរណ៍មួយនៅក្នុងនោះ។ តាមរយៈចរន្តសេដ្ឋកិច្ច និងចំណូលហិរញ្ញវត្ថុបែបថ្មី ខុសប្លែកពីការងារស្រែចម្ការជាប្រពៃណី អ្នកស្រី ពោលដោយញញឹមនៅពេលដែលកូនៗរបស់អ្នកស្រី កំពុងអង្គុយបរិភោគអាហារថ្ងៃត្រង់ជាមួយអ្នកជិតខាង ដែលជាកម្មករ កម្មការិនី រស់នៅក្នុងភូមិជាមួយគ្នា។
«ប៉ុន្មានឆ្នាំហើយ ឃើញគេប្លែក ប្លែកអ៊ីចឹង គេរកបានទៅ គេធ្វើផ្ទះ ធ្វើរបង អីចឹងទៅណា ... អត់មានប្លែកអីទៀតទេ មានតែក្មេងផឹក ក្មេងអីហ្នឹង»។
ភូមិត្រាច ហ៊ុមព័ទ្ធទៅដោយវាលស្រែខៀវស្រងាត់ នារដូវវស្សា និងមានដើមត្នោតដុះច្រូងច្រាងជុំវិញភូមិ។
តាមរយៈការបោះទុនវិនិយោគលើរោងចក្រកាត់ដេរ នៅក្បែរភូមិនេះ កូនៗទាំង៤របស់អ្នកស្រី គ្រិច ធន មានការងារធ្វើ និងចំណូលទៀងទាត់ជារៀងរាល់ខែ។
«សំខាន់ដែរហ្នឹងអ្ហា សម្រាប់ខ្ញុំផង កូនខ្ញុំផង ក៏សំខាន់ដែរ បើអត់រោងចក្របានអី។ អត់មានអីរក ចាស៎ ដល់អ៊ីចឹងទៅ បើអត់រោងចក្រទៅ យើងបានអីចាយ ទិញម្ហូប ទិញអី ព្រោះរស់រាល់ថ្ងៃដើម្បីតែលុយ។ ទាល់តែយើងមានលុយបានរស់កើត»។
១០ឆ្នាំមុន ពេលដែលរោងចក្រកាត់ដេរសំលៀកបំពាក់ និងកាបូបយួរ បានពង្រីកវិសាលភាពរបស់ខ្លួន មកកាន់ភាគខាងលិចរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងទីបំផុតរោងចក្រមួយចំនួនបានមកដល់ភូមិត្រាច។
អ្នកស្រី ផាន់ សោភា អ្នកលក់ម្ហូបអាហារ ឱ្យកម្មកររោងចក្រ ជាង១០ឆ្នាំមកហើយ។ (អូន ឆេងប៉រ/VOA)
អ្នកស្រី ផាន់ សោភា ក្នុងវ័យ៣៧ឆ្នាំ បានចាប់ប្រកបរបរលក់បាយ លក់ត្រីចៀន លក់ប្រហិត ជាកញ្ចប់ៗ លក់ជូនកម្មករកម្មការិនីដែលបម្រើការនៅរោងចក្រទាំងនោះ។
«សំខាន់ដែរហ្នឹងអ្ហា បើលក់តែនៅនឹងមុខរោងចក្រហ្នឹង បើអត់កម្មកររោងចក្រ ក៏យើងមិនដឹងទៅលក់នៅឯណា លក់ក្នុងផ្សារអត់សូវដាច់ទេ ដាច់បានតិច។ បើយើងទៅលក់នៅមុខរោងចក្រ វាដាច់បានច្រើន»។
បច្ចុប្បន្ននេះ ការលក់ម្ហូបឱ្យកម្មកររោងចក្រផ្ដល់ជាចំណូលប្រចាំថ្ងៃដល់អ្នកស្រី ផាន់ សោភា ប្រមាណពី១០ដុល្លារ ទៅ១៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
លោក ស្វាយ តែម ជាមេភូមិត្រាច។ ភរិយារបស់លោកគឺអ្នកស្រី គង់ ស៊ីណា ជាអ្នកលក់ម្ហូបអាហារជូនកម្មកររោងចក្រម្នាក់ផងដែរ។ ក្នុងមួយថ្ងៃអ្នកស្រីរកចំណូលបានពី១០ដុល្លារ ទៅ១៥ដុល្លារពីរបរមួយនេះ។ ប៉ុន្តែ អ្នកស្រីត្រូវក្រោកពីព្រលឹមម៉ោង២រៀបភ្លឺរាល់ថ្ងៃ ដើម្បីចម្អិន និងរៀបចំម្ហូបយកទៅលក់។
បើទោះជារោងចក្រកាត់ដេរសំលៀកបំពាក់បានផ្ដល់ការងារនិងឱកាសសេដ្ឋកិច្ចដល់អ្នកភូមិត្រាច ភាគច្រើន ក៏ពួកគេមិនបានដឹងអំពីផលប៉ះពាល់ដល់រោងចក្រកាត់ដេរទាំងនោះ ប្រសិនបើសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជា«អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ EBA នោះ។
អ្នកស្រី គង់ ស៊ីណា ភរិយាលោក ស្វាយ តែម មេភូមិត្រាច រៀបចំចម្អិនម្ហូប ត្រៀមយកទៅលក់ ប្ដូរយកកម្រៃ។ (អូន ឆេងប៉រ/VOA)
អ្នកស្រី គង់ ស៊ីណា ភរិយាលោកប្រធានភូមិត្រាចសារភាពដូច្នេះ៖
«ដឹងតែលក់តែម្ដង គេធ្វើអីធ្វើអី មិនដឹងទេ យើងដឹងតែលក់។ មានកម្មករច្រើនទៅយើងលក់ដាច់ទៅ»។
សហភាពអឺរ៉ុប បានបញ្ចប់ការសិក្សារយៈពេលប្រាំមួយខែលើលទ្ធភាពនៃការព្យួរ EBA ដល់កម្ពុជា កាលពីខែសីហា បន្ទាប់ពីសហភាពអឺរ៉ុបមើលឃើញថាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនៅកម្ពុជាបានធ្លាក់ចុះ។ អឺរ៉ុបបានទាមទារឲ្យកម្ពុជាធ្វើឲ្យប្រសើរលើបញ្ហាទាំងនេះដើម្បីអាចរក្សា EBA បាន។ EBA ផ្ដល់ផលចំណេញដល់កម្ពុជាយ៉ាងតិច៦០០លានដុល្លារក្នុងមួយឆ្នាំ។
ក្រុមមន្ត្រីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC បានព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីអាចរក្សា EBA បាន។
សហភាពអឺរ៉ុបនឹងជូនដំណឹងពីលទ្ធផលនៃការវាយតម្លៃរបស់ខ្លួននៅខែវិច្ឆិកា ខាងមុខ មុននឹងធ្វើសេចក្ដីសម្រេចជាចុងក្រោយនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្លាប់បានព្រមានថាការព្យួរការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមកម្មករយ៉ាងតិចជាង៧០ម៉ឺននាក់ និងក្រុមគ្រួសាររបស់ពួកគេប្រមាណបីលាននាក់នៅទូទាំងប្រទេសកម្ពុជា។
ភូមិត្រាច ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អាចជាឧទាហរណ៍មួយនៃផលប៉ះពាល់នេះ នៅពេលដែលរោងចក្រកាត់ដេរសំលៀកបំពាក់ និងរោងចក្រផលិតស្បែកជើង បានស្រូបយកកម្លាំងយុវជនជាច្រើនក្នុងភូមិនេះ។ ម្យ៉ាងវិញទៀត ឪពុកម្ដាយរបស់ពួកគេបានបង្កើតមុខរបរចម្អិនអាហារលក់សម្រាប់ផ្គត់ផ្គង់ដល់ក្រុមកម្មករ ដែលជាផ្នែកមួយទៀតនៃចរន្តសេដ្ឋកិច្ចក្នុងភូមិ៕