ជាតិ
នយោបាយជាតិ
លោក អេង ឆៃអ៊ាង ថា កំពុងនៅជិតកម្ពុជា រៀបចំកិច្ចការសម្រាប់មាតុភូមិនិវត្ត លោក អេង ឆៃអ៊ាង និង អ្នកស្រី មូរ សុខហួរ (អង្គុយ) ត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនសំខាន់ ក្នុងការរៀបចំដំណើរមាតុភូមិនិវត្តរបស់អ្នកប្រឆាំង
× លោក អេង ឆៃអ៊ាង ជាមនុស្សសំខាន់ម្នាក់របស់ក្រុមប្រឆាំង ក្នុងការរៀបចំមាតុភូមិនិវត្ត ប្រាប់ថា លោក កំពុងស្ថិតក្នុងប្រទេស ដែលនៅជិតកម្ពុជា ហើយលោក កំពុងធ្វើកិច្ចការសម្រាប់ការវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែតុលា លោក អេង ឆៃអ៊ាង ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងដឹកនាំធ្វើ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលនៅក្បែរប្រទេសកម្ពុជា...»។ ប៉ុន្តែ លោក ពុំបានបញ្ជាក់ឡើយថា លោក នៅប្រទេសណាមួយ។ លោក បន្ថែមថា ចំពោះកិច្ចការមួយចំនួន ត្រូវរក្សាការសម្ងាត់ ដោយពុំអាចផ្សព្វផ្សាយបាននោះទេ។
មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឆាំងរូបនេះ អះអាងថា ពលករខ្មែរនៅថៃ អាចមានដល់រាប់ម៉ឺននាក់ ដែលនឹងរួមដំណើរជាមួយលោក សម រង្ស៊ី វិលមកកម្ពុជាវិញ។ លោក សង្កត់ធ្ងន់ថា៖«ដូចប្រធានស្តីទី សម រង្ស៊ី បានប្រកាសហើយ គឺយើងចង់ធ្វើដំណើរឆ្លងកាត់ព្រំដែនថៃ ចូលកម្ពុជា។ នេះ ជាផែនការគោលរបស់យើង ដូច្នេះអត់មានស្អីដែលផ្លាស់ប្តូរទេ។ យើងកំពុងធ្វើកិច្ចការនេះរាល់ថ្ងៃ ទាំងការទូត ទាំងការរៀបចំ ទាំងការចាត់ចែងហ្នឹង...»។
យ៉ាងណាក៏ដោយ ថ្មីៗនេះ អ្នកស្រី មូរ សុខហួរ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានគណៈកម្មការរៀបចំមាតុភូមិនិវត្ត បានមកដល់ម៉ាឡេស៊ី ហើយបម្រុងនឹងហោះចេញពីម៉ាឡេស៊ី ចូលមកទឹកដីថៃ តែត្រូវនគរបាលអន្តោប្រវេសន៍ថៃប្រចាំនៅព្រលានយន្តហោះ ហាមឃាត់។ លោក អេង ឆៃអ៊ាង បកស្រាយបែបនេះថា៖«...ការដែលថៃមិនឲ្យអ្នកស្រី មូរ សុខហួរ ចូល មិនមែនអចិន្ត្រៃយ៍ទេ គឺមួយរយៈពេល។ យើង ជឿជាក់ថា វា នឹងអាចមានការប្រែប្រួល...»។
ទាំងលោក សម រង្ស៊ី ទាំងមន្ត្រីសំខាន់ៗរបស់លោក សុទ្ធតែប្រកាសដូចគ្នាថា គម្រោងវិលត្រឡប់របស់ពួកលោក នឹងមិនប្រែប្រួលឡើយ ខណៈ រដ្ឋាភិបាល ប្រកាសចាប់ពួកលោក ពេលមកដល់កម្ពុជា។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ប្រមុខរដ្ឋាភិបាល ព្រមានដូច្នេះថា៖«សមត្ថកិច្ចនិងកម្លាំងគ្រប់ប្រភេទ ទទួលបទបញ្ជារួចជាស្រេចហើយ...»៕
Tag:
អេង ឆៃអ៊ាង
សម រង្ស៊ី
មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com