កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal, Wolves សុទ្ធតែ​ឈ្នះ​ដោយ​វាយបក ឯ Man Utd បាន​៣​ពិន្ទុ​ដោយ​ប៉េ​ណា​ល់​ទី​
25, Oct 2019 , 1:42 pm        
រូបភាព
២​គ្រាប់ ដោយ​ការទា​ត់បាល់​ពិន័យ (Free-kick) របស់​ខ្សែបម្រើ Nicolas Pepe នៅ​ចុង​ម៉ោង បាន​ជួយ Arsenal វាយបក​យកឈ្នះ Vitoria de Guimaraes ដោយ​លទ្ធផល ៣-២ វិញ នា​ការប្រកួត Europa League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F​។​



​នា​កីឡាដ្ឋាន Emirates ខ្សែបម្រើ Marcus Edwards បា​នរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​ភ្ញៀវ Guimaraes មុន​នៅ​៨​នាទី​ដំបូង​នៃ​វគ្គ​ទី​១ មុនពេល​ខ្សែប្រយុទ្ធ​វ័យក្មេង Gabriel Martinelli ស៊ុត​តាម​ស្មើ​ឲ្យ Arsenal វិញ​នៅ​នាទី​៣២​។ យ៉ាងណាក៏ដោយ នៅ​៤​នាទី​បន្ទាប់ ខ្សែប្រយុទ្ធ Bruno Duarte បាន​ជួយ Guimaraes នាំមុខ​សាជាថ្មី​ដោយ​លទ្ធផល ២-១​។​



​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការ​ដល់​នាទី​៨០ កីឡាករ​ថ្លៃ​បំផុត​របស់​កាំភ្លើង​ធំ Pepe ដែល​ទើប​ប្តូរ​ចូល​ជំនួស Andre Almeida នៅ​នាទី​៦៤​នោះ បាន​ជួយ​រក​គ្រាប់​តាម​ស្មើ​វិញ​ដោយ​ការទា​ត់បាល់​ពិន័យ (free-kick)​។ មិន​ត្រឹមតែ​រក​គ្រាប់​បាល់​តាម​ស្មើ​ឡើយ តែ​អតីត​កីឡាករ Lille វ័យ​២៤​ឆ្នាំ​រូបនេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ថែមទៀត ដោយ​ប្រើ​ជំនាញ​ទាត់ free-kick របស់គេ​ជា​លើក​ទី​២ នៅ​នាទី​៩០ ដើម្បី​សម្រេច​គ្រាប់​ជ័យជម្នះ​ឲ្យ Arsenal យកឈ្នះ Guimaraes ៣-២ វិញ​។​

​តាមរយៈ​ជ័យជម្នះ​នេះ Arsenal នៅតែ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ពូ​ល F ដោយ​ទ​ទួ​បាន​៩​ពិន្ទុ​ពេញ​ពី​ការប្រកួត​៣​លើក​។ Eintracht Frankfurt មាន​៦​ពិន្ទុ នៅ​លេខ​រៀង​ទី​២ តាម​ពីក្រោយ​ដោយ Standard Liege មាន​៣​ពិន្ទុ និង Vitoria de Guimaraes គ្មាន​ពិន្ទុ​រាប់​។​    ​

​ដោយឡែក Wolverhampton Wanderers ក៏​មិនធម្មតា​ដែរ បើ​ទោះ​បង្ហាញខ្លួន​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​នេះ​ជា​លើកដំបូង​ក្តី​។ ក្រុម​ពី​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ​បានទទួល​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Slovan Bratislava ក្នុង​លទ្ធផល ២-១ ដោយ​ការ​វាយបក​ផងដែរ​។​

១​គ្រាប់​របស់​ម្ចាស់ផ្ទះ​សម្រេចបាន​ដោយ​កីឡាករ Andraz Sporar នៅ​នាទី​១១ ហើយ​គ្រាប់​បាល់​វាយបក​របស់ Wolves ធ្វើបាន​ដោយ​ខ្សែបម្រើ Romain Saiss និង​ខ្សែប្រយុទ្ធ Raul Jimenez​។

Wolves ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង​ពូ​ល K មាន​៦​ពិន្ទុ ខណៈ SC Braga នៅ​កំពូល​តារាង​មាន​៧​ពិន្ទុ ក្រោយ​ឈ្នះ Besiktas ២-១​។ Bratislava ឈរ​ខេ​៣ មាន​៤​ពិន្ទុ រីឯ Besiktas នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។​



​ចំណែក​ម្ចាស់​ជើងឯក​រដូវ​កាល ២០១៧-១៨ Man Utd ក៏​ទទួលបាន​៣​ពិន្ទុ​ដែរ ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Partizan Beograd ១-០​។ ខ្សែប្រយុទ្ធ Anthony Martial ជា​អ្នកសម្រេច​ទី​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៤៣ សម្រាប់​ជ័យជម្នះ​ក្រៅ​ដី​នេះ​។ Man Utd ឈរ​កំពូល​តារាង​ពូ​ល L មាន​៧​ពិន្ទុ​ពី​ការប្រកួត​៣​លើក តាម​ពីក្រោយ​ដោយ AZ Alkmaar​    ​ដែលមាន​៥​ពិន្ទុ បន្ទាប់ពី​ពួកគេ​ឈ្នះ FC Astana ដល់​ទៅ ៦-០​។ Partizan Beograd នៅ​លេខ​៣ មាន​៤​ពិន្ទុ ខណៈ FC Astana នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​នៅឡើយ​៕

​ខាងក្រោម​នេះ​ជា​លទ្ធផល​គូ​ដទៃ​នៃ​ការប្រកួត​សន្សំ​ពិន្ទុ នៃ​ពានរង្វាន់ Europa Leageu រដូវ​កាល ២០១៩-២០៖




Tag:
 UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com