អន្តរជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនអស់តំណែង ព្រោះឲ្យលុយពលរដ្ឋ១៨៥ដុល្លារអំឡុងពេលបោះឆ្នោត លោករដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន អ៊ីស៊ូ ស៊ូហ្កាវ៉ារ៉ា (Isshu Sugawara) ប្រភពរូប៖ AFP
× រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនថ្មី បានដាក់ពាក្យសុំលាលែងតំណែង ក្រោយរងការចោទប្រកាន់ពាក់ព័ន្ធល្មើសច្បាប់បោះឆ្នោត ដោយផ្តល់លុយ និងអំណោយដល់អ្នកបោះឆ្នោត។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បញ្ជាក់បែបនេះនៅថ្ងៃសុក្រ ទី២៥ ខែតុលា។
លោក អ៊ីស៊ូ ស៊ូហ្កាវ៉ារ៉ា (Isshu Sugawara) រងថ្មបាក់ក្រោយទស្សនាវដ្តីក្នុងស្រុកជប៉ុនមួយ បានចុះផ្សាយថា លោករងការសង្ស័យថាបរិច្ចាគលុយ២ម៉ឺនយ៉េន (១៨៥ដុល្លារ) ដល់គ្រួសារមួយដែលបាត់បង់សមាជិកគ្រួសារខ្លួនក្នុងមណ្ឌលបោះឆ្នោតលោក។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo លោករដ្ឋមន្ត្រីរូបនេះក៏ត្រូវបានរាយការណ៍ថា បានផ្តល់កាដូដល់អ្នកបោះឆ្នោតផ្សេងទៀត ដែលក្នុងនោះមាន ផ្លែឪឡឹកថ្លៃ និងសូម្បីតែក្តាម។ ការរាប់បញ្ចូលនេះ ទោះបីតូចក៏ដោយ អាចជាការបំពានច្បាប់បោះឆ្នោតការិយាល័យសាធារណៈរបស់ជប៉ុន។
លោកនាយករដ្ឋមន្ត្រី អាបេ បញ្ជាក់ឲ្យដឹងថា លោក ស៊ូហ្កាវ៉ារ៉ា បានដាក់ពាក្យសុំលាលែងពីតំណែងក្រោយជំនួបប្រជុំគណៈរដ្ឋមន្ត្រីមួយ ហើយលោក បានទទួលយកសំណើនេះ។ លោក មានប្រសាសន៍បែបនេះ៖«ខ្ញុំព្រមទទួលខុសត្រូវក្នុងការតែងតាំងបុគ្គលរូបនេះ។ ខ្ញុំសុំទោសយ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុន។
បើតាមលោក អាបេ លោក ស៊ូហ្កាវ៉ារ៉ា នឹងត្រូវជំនួសដោយលោក ហ៊ីរ៉ូស៊ី កាជីម៉ាយ៉ា (Hiroshi Kajimaya) ដែលជាធ្លាប់ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍសហគមន៍នៅទីជនបទជប៉ុន។ ប្រាប់អ្នកសារព័ត៌មាន នៅអគារសភាជប៉ុន នាក្រុងតូក្យូ នៅថ្ងៃ ២៥ តុលា លោក ស៊ូហ្កាវ៉ារ៉ា និយាយដូច្នេះ៖« «វាមិនមែនជាចេតនារបស់ខ្ញុំដែលថាការជជែកដេញដោលតំណាងរាស្ត្រជាប់គាំង (ដោយសារតែរឿងអាស្រូវ)»។
សូមបញ្ជាក់ថា លោក ស៊ូហ្កាវ៉ារ៉ា ទើបត្រូវបានតែងតាំងជារដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន ក្នុងការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្មីៗនេះ ប៉ុន្តែពុំកាន់តួនាទីសំខាន់ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើយ។ កិច្ចការចរចានេះ ជាបន្ទុករបស់អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Toshimitsu Motegi ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីការបរទេស៕
Tag:
ជប៉ុន
រដ្ឋមន្ត្រីពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com