ជាតិ
សម្ដេច ស ខេង ជំ​រុញឱ្យ​ប៉ូលិស​ចរាចរណ៍ ហ៊ាន​ចាប់​អ្នកធំ​ប្រព្រឹត្ត​ខុសច្បាប់​
25, Oct 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ទោះបីជា​មានបុណ្យ​សក្តិ និង​តួនាទី​ធំ​ប៉ុណ្ណា ក៏ត្រូវ​ប្រឈមមុខ​ច្បាប់​ដែរ ឱ្យតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ចរាចរណ៍​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជំរុញ​ឱ្យ​មន្ត្រីប៉ូលិស​ចរាចរណ៍​ទាំងអស់ ហ៊ាន​ចាប់​អ្នកធំ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​។​



​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា អ្នកធំ មានបុណ្យ​សក្តិ និង​អំណាច​ណាក៏ដោយ ក៏ត្រូវ​មានទោស​ដែរ បើសិនជា​មិន​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (២០១៩-២០២៣) ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ព្រឹក​ថ្ងៃទី​២៤ តុលា​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​លោក​ឯង​(​អ្នកធំ​) ល្មើសច្បាប់​កាលណា គឺ​ខុស​កាល​ហ្នឹង ខុស​កាន់​ធ្ងន់​ទៀត​។ មិនមែន​យក​សក្តិ​ហ្នឹង​ទៅ​បំពាន​ច្បាប់​ឯណា​កើត បើ​ច្បាប់​គេ​ធ្វើ​មក​សម្រាប់តែ​ទាំងអស់គ្នា​ហ្នឹង​»​។




​ក្រៅពី​រឿង​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ ករណី​ចត​រថយន្ត​នៅលើ​ផ្លូវ​សាធារណៈ ឬ​ផ្លូវ​ថ្មើរជើង​របស់​ពលរដ្ឋ​នេះ ក៏​សមត្ថកិច្ច និង​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់​សម្ដេច ស ខេង​៕

Tag:
 ស ខេង​
  ប៉ូលិស​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com