ជាតិ
សេដ្ឋកិច្ច
ប្រាក់បៀវត្ស​ដែល​ត្រូវ​យកពន្ធ គ្រោង​នឹង​គិត​ចាប់ពី ១​លាន​៣​សែន​រៀល​នៅ​ឆ្នាំ​២០២០
25, Oct 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ការយក​ពន្ធលើប្រាក់បៀវត្ស នឹងត្រូវ​បន្ធូរ​បន្តិចទៀត ចាប់ពី​ឆ្នាំ​២០២០ ។ ប្រាក់បៀវត្ស​អប្បបរមា​ជាប់ពន្ធ ដែល​សព្វថ្ងៃ គឺ​១​លាន​២​សែន​រៀល  គ្រោង​នឹងត្រូវ​ដំឡើង​ដល់​១​លាន​៣​សែន​រៀល​។  នេះ​បើតាម​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា​។​



​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ការដំឡើង​កម្រិត​នៃ​ការយក​ពន្ធលើប្រាក់បៀវត្ស​នេះ គឺធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ និង​កម្មករនិយោជិត ដែល​ទទួលបាន​ប្រាក់បៀវត្ស​ទាប​បំផុត (​អប្បបរមា​) ឱ្យ​រួចផុត​កាតព្វកិច្ច​បង់​ពន្ធលើប្រាក់បៀវត្ស ខណៈដែល ប្រាក់បៀវត្ស​របស់​ម​ន្រី្ត​រាជការ ត្រូវបាន​ដំឡើង​ជា​រៀងរាល់ឆ្នាំ​។

​គួរ​បញ្ជាក់ថា ការអនុវត្ត​ជាក់ស្ដែង មូលដ្ឋាន​គិត​ពន្ធ​នេះ​នឹង​កាន់តែ​តូច ដែល​ឈានដល់​ការ​រួចផុត​កាតព្វកិច្ច​បង់​ពន្ធលើប្រាក់បៀវត្ស សម្រាប់​អ្នកមាន​បន្ទុកគ្រួសារ​។ ចាប់ពី​ឆ្នាំ​២០១៧​មក រដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករនិយោជិត ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ  ចំពោះ​កូន​ក្នុងបន្ទុក និង​សហព័ន្ធ​ជា​មេផ្ទះ ក្នុង​ម្នាក់ៗ ១៥​ម៉ឺន​រៀល​ក្នុង​មួយខែ (​កែសម្រួល​ពី​៧៥០០០​រៀល​)​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា នៅ​ខែមេសា ឆ្នាំ​២០២០ ប្រាក់បៀវត្ស​អប្បបរមា​របស់​ម​ន្រី្ត​រាជការ គ្រោង​នឹងត្រូវ​ដំឡើង​បន្ថែមទៀត​។ ក្នុងនោះ គ្រូបង្រៀន និង​គ្រូពេទ្យ​នឹង​ទទួលបាន​១,២៧២,៥០០​រៀល​,  មន្ត្រីរាជការ​ស៊ីវិល​នឹង​កើន​ដល់​១,១៧២,៥០០​រៀល​, មន្ត្រីនគរបាល បាន​ជាង​១​លាន​២​សែន​រៀល និង​មន្ត្រី​យោធា​នឹង​ទទួល​ប្រាក់បៀវត្ស​១,១៨១,៥០០​រៀល​។

​សូមបញ្ជាក់ថា កម្ពុជា​បានធ្វើ​វិសោធនកម្ម​ច្បាប់ ទាក់ទង​នឹង​ប្រាក់បៀវត្ស​អប្បបរមា ដែល​ត្រូវ​ជាប់ពន្ធ ចំនួន​៣​លើក​រួចមកហើយ នាពេល​កន្លងមក​។ លើកទីមួយ ចំនួន​ប្រាក់បៀវត្ស​រួច​ពន្ធ ៥០​ម៉ឺន ត្រូវបាន​កែ​៨០​ម៉ឺន​រៀល​រួច​ពន្ធ​នៅ​ឆ្នាំ​២០១៥, លើក​ទី​ពីរ​ដំឡើង​ដល់​១​លាន​រៀល​នៅក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​បី​ត្រូវ​ដំឡើង​ដល់​១​លាន​២​សែន​រៀល​ក្នុង​ឆ្នាំ​២០១៨​។


Tag:
 ប្រាក់ខែ​
  មន្ត្រីរាជការ ពន្ធលើប្រាក់បៀវត្ស​
© រក្សាសិទ្ធិដោយ thmeythmey.com