ជាតិ
សេដ្ឋកិច្ច
ប្រាក់បៀវត្សដែលត្រូវយកពន្ធ គ្រោងនឹងគិតចាប់ពី ១លាន៣សែនរៀលនៅឆ្នាំ២០២០
× ភ្នំពេញ៖ ការយកពន្ធលើប្រាក់បៀវត្ស នឹងត្រូវបន្ធូរបន្តិចទៀត ចាប់ពីឆ្នាំ២០២០ ។ ប្រាក់បៀវត្សអប្បបរមាជាប់ពន្ធ ដែលសព្វថ្ងៃ គឺ១លាន២សែនរៀល គ្រោងនឹងត្រូវដំឡើងដល់១លាន៣សែនរៀល។ នេះបើតាមការថ្លែងរបស់ប្រមុខរដ្ឋាភិបាល ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៥ ខែតុលា។
នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានលើកឡើងថា ការដំឡើងកម្រិតនៃការយកពន្ធលើប្រាក់បៀវត្សនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិត ដែលទទួលបានប្រាក់បៀវត្សទាបបំផុត (អប្បបរមា) ឱ្យរួចផុតកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ខណៈដែល ប្រាក់បៀវត្សរបស់មន្រី្តរាជការ ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា ការអនុវត្តជាក់ស្ដែង មូលដ្ឋានគិតពន្ធនេះនឹងកាន់តែតូច ដែលឈានដល់ការរួចផុតកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស សម្រាប់អ្នកមានបន្ទុកគ្រួសារ។ ចាប់ពីឆ្នាំ២០១៧មក រដ្ឋាភិបាលបានសម្រេចកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ ចំពោះកូនក្នុងបន្ទុក និងសហព័ន្ធជាមេផ្ទះ ក្នុងម្នាក់ៗ ១៥ម៉ឺនរៀលក្នុងមួយខែ (កែសម្រួលពី៧៥០០០រៀល)។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២០ ប្រាក់បៀវត្សអប្បបរមារបស់មន្រី្តរាជការ គ្រោងនឹងត្រូវដំឡើងបន្ថែមទៀត។ ក្នុងនោះ គ្រូបង្រៀន និងគ្រូពេទ្យនឹងទទួលបាន១,២៧២,៥០០រៀល, មន្ត្រីរាជការស៊ីវិលនឹងកើនដល់១,១៧២,៥០០រៀល, មន្ត្រីនគរបាល បានជាង១លាន២សែនរៀល និងមន្ត្រីយោធានឹងទទួលប្រាក់បៀវត្ស១,១៨១,៥០០រៀល។
សូមបញ្ជាក់ថា កម្ពុជាបានធ្វើវិសោធនកម្មច្បាប់ ទាក់ទងនឹងប្រាក់បៀវត្សអប្បបរមា ដែលត្រូវជាប់ពន្ធ ចំនួន៣លើករួចមកហើយ នាពេលកន្លងមក។ លើកទីមួយ ចំនួនប្រាក់បៀវត្សរួចពន្ធ ៥០ម៉ឺន ត្រូវបានកែ៨០ម៉ឺនរៀលរួចពន្ធនៅឆ្នាំ២០១៥, លើកទីពីរដំឡើងដល់១លានរៀលនៅក្នុងឆ្នាំ២០១៧ និងលើកទីបីត្រូវដំឡើងដល់១លាន២សែនរៀលក្នុងឆ្នាំ២០១៨។
Tag:
ប្រាក់ខែ
មន្ត្រីរាជការ ពន្ធលើប្រាក់បៀវត្ស
© រក្សាសិទ្ធិដោយ thmeythmey.com