សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​ហាម​ប្រើ​ប្លា​ស្ទិ​ក​ធ្វើ​គម្រប​លើ​សៀវភៅ​សម្រាប់​សិស្ស​ថ្នាក់​បឋម និង​អនុវិទ្យាល័យ​
26, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 ​ដោយ​៖ ងួន សុ​ភាវ​ត្តី​
​មហា​យក្ស​ចិន នឹង​អនុវត្ត​បម្រាម​លើ​ការប្រើប្រាស់​គម្រប​ប្លា​ស្ទិ​កលើ​សៀវភៅ​របស់​សិស្ស​តូចៗ​។ នេះ​បើតាម​លិខិត​កត់សម្គាល់​មួយ​របស់​ក្រសួង​អប់រំ​ចិន​នៅ​ថ្ងៃទី​១០ ខែតុលា​កន្លងទៅ​។ បើតាម​ក្រសួង​អប់រំ​ចិន បម្រាម​នេះ នឹង​ជួយ​ការពារ​បរិស្ថាន​តាមរ​យៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការកាត់បន្ថយ​គ្រោះ​ថ្នាក់លើ​សុខភាព​ក្មេងៗ​ផង​។​


​ក្នុង​លិខិត​របស់​ក្រសួង​អប់រំ​ចិន នៅ​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ សិស្ស​ទាំងអស់​មិនត្រូវ​ប្រើប្រាស់​គម្រប​ប្លា​ស្ទិ​កលើ​សៀវភៅ​នោះទេ​។ វិធានការ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​គ្មាន​បា​ស្ទិ​ក​ចាប់ផ្ដើម​ពី​សាលារៀន ដែល​ស្របតាម​គោលនយោបាយ​របស់​ចិន​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ 
 
​ទាក់ទិន​នឹង​បម្រាម​នេះ ក្រសួង​អប់រំ​ចិន​បាន​ព្រមាន​ដែរ​ថា គម្រប​ប្លា​ស្ទិ​ក​មួយចំនួន​មាន​ផ្ទុក​សារធាតុ​formaldehyde និង​សារធាតុ benzene ដែល​សារធាតុ​ទាំងនេះ​អាចមាន​ការប៉ះពាល់​ដល់​សុខភាព​កុមារ និង​ការលូតលាស់​របស់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia​។ ក្រសួង​នេះ ក៏​ប្រាប់​ឲ្យ​ស្ថាប័ន​ត្រួតពិនិត្យ​ទីផ្សារ​ដែល​ពាក់ព័ន្ធ បង្កើន​ការត្រួតពិនិត្យ​ផលិតផល​ប្លា​ស្ទិ​ក​ដែលមាន​លក្ខណៈ​មិនត្រូវ​ស្តង់ដារ​ចូលទៅក្នុង​សាលារៀន និង​អាជីវក​រដែ​លលក់​ទៅ​ឲ្យ​សិស្ស​ផងដែរ​។​
 
​ចិន​ដែល​ជួប​បញ្ហា​បរិស្ថាន និង​ប្លា​ស្ទិ​ក​ធ្ងន់ធ្ងរ កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​គេ​ហៅថា​ការបំពុល​ពណ៌​ស​ពី​ប្លា​ស្ទិ​ក​។ កាលពីដើម​ឆ្នាំនេះ​ខេត្ត​កោះ​ហៃ​ណាន បានប្រកាស​ហាមឃាត់​ការផលិត​ការលក់​និង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​ម្តង​ទាំងស្រុង​នៅក្នុង​ឆ្នាំ ២០២៥ ។ ហៃ​ហាន​ជា​តំបន់​ទីមួយ​ចិន ដែល​ចាត់វិធានការ​បែបនេះ​។ តាម​ការប៉ាន់ស្មាន​រប​ស់​រដ្ឋាភិបាល​ខេត្ត​នេះ ប្លា​ស្ទិ​ក​ប្រហែល ១២០,០០០ តោន ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ឆ្នាំ​។ 
 
​ទន្ទឹមគ្នា​នោះ រដ្ឋាភិបាល​ចិន ក៏​កំពុងធ្វើការ​លើ​វិធានការ​ថ្មី​ក្នុង​គោលបំណង​រឹតត្បិត​ការប្រើប្រាស់​ការ​វេច​ខ្ចប់​ប្លា​ស្ទិ​កដោយ​ក្រុមហ៊ុន​នាំ​សំបុត្រ និង​ក្រុមហ៊ុន​ចែកចាយ​ចំណីអាហារ​ដែលជា​មូលហេតុ​ធំ​បំផុត​នៃ​ការកើនឡើង​នូវ​សំណល់​ប្លា​ស្ទិ​ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ចិន ក៏បាន​ហាមឃាត់​ការ​នាំចូល​កាកសំណល់​ប្លា​ស្ទិ​ក​ផងដែរ ដែល​បណ្តាលឱ្យ​សំរាម​រាប់លាន​តោន​ត្រូវបាន​នាំទៅ​ប្រទេស​ដែល​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com