សៀមរាប៖ កម្មវិធីអាហារូបត្ថម្ភនិងអនាម័យរបស់គម្រោង ណូរីស បានរួមចំណែកក្នុងការផ្សព្វផ្សាយនិងអប់រំឱ្យស្ដ្រីមានផ្ទៃពោះទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ ក៏ដូចជាចេះធ្វើអនាម័យ ដើម្បីរួមចំណែកជួយឱ្យកុមារបង្ការពីភាពក្រិន។ កម្មវិធីនេះបានជួយស្ដ្រីនៅតាមជនបទដែលធ្លាប់អនុវត្តន៍ការរស់នៅបែបប្រណៃណី ខ្វះអនាម័យ ឱ្យយល់ដឹងពីសុខភាពចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ដែលជាអំឡុងពេលសំខាន់ក្នុងការវិវត្តន៍រាងកាយរបស់កុមារ។
ចង់ដឹងថា គម្រោងនេះបានជួយស្ដ្រីអ្វីខ្លះដើម្បីបង្ការកុមារពីភាពក្រិន សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋមិនទាន់ល្អប្រសើរទាំងស្រុងឡើយ។ បញ្ហាអនាម័យបរិស្ថាន ជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងស្ដារឱ្យមានភាពប្រសើរឡើងវិញ ដ្បិតថាការជួយឱ្យប្រជាពលរដ្ឋមានសុខភាពល្អ នឹងជំរុញឱ្យសង្គមមួយមានធនធានរឹងមាំនាពេលអនាគត។
គម្រោងណូរីសរបស់អង្គការ សង្គ្រោះកុមារ ឬ Save The Children ក៏បាននិងកំពុងរួមចំណែកអភិវឌ្ឍន៍វិស័យសុខុមាលភាព និងអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋផងដែរ។ គម្រោងនេះបានចុះអនុវត្តន៍តាមទីជនបទក្នុងប្រទេសកម្ពុជា ដោយបានបង្រៀនស្ដ្រីមានផ្ទៃពោះឱ្យចេះថែទាំ ហូបអាហារចម្រុះ និងជួយឱ្យមានសុខភាពល្អដល់ទារក។ នេះជាផ្នែកមួយដើម្បីជួយកុមារបង្ការពីភាពក្រិនពេលកើតមក។
ប្រធានបច្ចេកទេសគម្រោង ណូរីស របស់អង្គការ Save The Children លោក ផន យឿម បានឱ្យដឹងថា ការបង្ការភាពក្រិនរបស់កុមារបាន គឺមានតែអំឡុងពេល១ពាន់ថ្ងៃដំបូងរាប់ចាប់ពីស្ដ្រីផ្តើមមានផ្ទៃពោះ ដល់កុមារមានអាយុ២ឆ្នាំ។ ភាពក្រិនរបស់កុមារ គឺជាបញ្ហាស្មុគស្មាញរបស់កម្ពុជាដែលបណ្ដាលមកពីការបរិភោគទឹកមិនស្អាត កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ក៏ដូចជាការឆាប់ផ្ដាច់ដោះទារកជាដើម។
នៅក្នុងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប គម្រោងណូរីសបានចូលមកនៅឆ្នាំ២០១៦ ដោយក្នុងនោះបានជួយអ្នកភូមិឱ្យអនុវត្តន៍ឥរិយាបថមួយចំនួនដើម្បីបង្ការកុមារពីភាពក្រិះក្រិន ដូចជាការបរិភោគអាហារត្រឹមត្រូវ ការធ្វើម្សៅត្រី ហើយការងារនេះអនុវត្តន៍បានតាមរយៈក្រុមទ្រទ្រង់សុខភាពភូមិដែលដើរតួយ៉ាងសំខាន់លើគម្រោងនេះ។
គម្រោង ណូរីស បានធ្វើការគ្របដណ្ដប់ចំនួន ៥៦៥ ឃុំទូទាំង៣ខេត្តរួមមានខេត្ត ពោធិ៍សាត់ បាត់ដំបង និងសៀមរាប។ ក្នុងនោះមានអ្នកទទួលផលដោយផ្ទាល់និងប្រយោលមានប្រមាណជាង ៦០ម៉ឺននាក់ ហើយសម្រាប់ក្រុមម្ដាយៗមានចន្លោះពី៣ទៅ៤ម៉ឺននាក់។ រីឯនៅខេត្តសៀមរាប គម្រោងនេះបានជួយ២ឃុំ មានឃុំដានរុន និងឃុំកំពង់ឃ្លាំង។
ប្រធានគណៈកម្មការទទួលបន្ទុកស្ដ្រីនិងកុមារឃុំដានរុន អ្នកស្រី ឈន់ វង់ ដែលដើរតួសំខាន់ក្នុងគម្រោងណូរីសនេះបាននិយាយថា រាល់ថ្ងៃអ្នកស្រីហៅក្មេងៗអាយុក្រោម២៣ខែឱ្យថ្លឹងគីឡូ រីឯស្ដ្រីមានផ្ទៃពោះផ្សព្វផ្សាយឱ្យយល់ពីសារប្រយោជន៍នៃការថែទាំផ្ទៃពោះ ឱ្យពិនិត្យទៀងទាត់ ណែនាំឱ្យហូបអាហារចម្រុះគ្រប់មុខឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់សុខភាពដល់ខ្លួនឯងនិងកូនក្នុងពោះ។ ក្នុងនោះ អ្នកស្រី វង់ ក៏ចុះអប់រំពីការប្រើប្រាស់បង្គន់អនាម័យ និងការសម្អាតអនាម័យខ្លួនប្រាណផងដែរ។ ក្រោយមានគម្រោងនេះចូលដល់ភូមិ មានការកត់សម្គាល់ថា ស្ដ្រីក្នុងភូមិមានការផ្ដាស់ប្ដូរច្រើន ដោយបានគិតគូរពីសុខភាពរស់នៅ ពិសេសយកចិត្តទុកដាក់លើកូនៗឱ្យមានការហូបចុកត្រឹមត្រូវ និងរស់នៅស្អាត។
យ៉ាងណាក៏ដោយ អ្នកស្រី វង់ ដែលជាចាស់ទុំម្នាក់ក្នុងសហគមន៍ ទទួលស្គាល់ថា ការងារនេះមិនមែនងាយស្រួលប៉ុន្មានទេ។ អ្នកស្រីថា ទម្រាំឱ្យអ្នកភូមិយល់ពីការថែរក្សាកូនៗ គឺត្រូវនិយាយអប់រំច្រើនដង អ្នកខ្លះក៏មិនយកចិត្ដទុកដាក់ដោយយកលេសរវល់ការងារជាដើម។ បញ្ហានេះក៏ត្រូវបានកាត់បន្ថយ បន្ទាប់ពីស្ដ្រីទាំងនោះមើលឃើញពីការវិវត្តន៍របស់កូនៗខ្លួន និងផ្តើមយកចិត្តទុកដាក់ឡើងវិញ។
«ចុះអប់រំរាល់ថ្ងៃ ព្យាយាមលើម្ដាយ ខ្ញុំសួរគាត់ថាស្រឡាញ់កូនអត់ គាត់ថាស្រឡាញ់ ខ្ញុំថាបើស្រឡាញ់កូនយើង ត្រូវចេះថែទាំពីយើងមានផ្ទៃពោះរហូតសម្រាលកូនបាន២៣ខែ អំឡុងពេលនោះជាឱកាសមានឱកាសប្រាក់ឱកាសពេជ្រសម្រាប់កូនយើង ជាអនាគតកូនយើងទៅមុខ បើសិនអត់យកចិត្តទុកដាក់ទេ កូនអត់មានអនាគតល្អពីព្រោះកូនយើងអត់ឆ្លាត និងក្រិះក្រិន។ ពីមុនដល់សព្វថ្ងៃ ផ្លាស់ប្ដូរច្រើន ពីមុនគាត់ថែរក្សាកូនទៅតាមធម្មតាដែលគាត់ធ្លាប់ធ្វើតៗគ្នា តែមានគម្រោងណូរីស គាត់កែប្រែច្រើន ហើយក្មេងៗកាត់បន្ថយអត្រាឈឺ...មានសុខភាពល្អជាងមុន»។ នេះជាពន្យល់បន្ថែមរបស់អ្នកស្រី វង់។
លោក ផន យឿម ក៏កត់សម្គាល់ឃើញថា គម្រោងណូរីស បានជួយកាត់បន្ថយអត្រាភាពក្រិះក្រិននៅកម្ពុជាបានមួយផ្នែក។ ក្នុងនោះ តាមការសិក្សាដំណាលគ្នានៅក្នុងឆ្នាំ២០១៣ និង២០១៤ ការស្រាវជ្រាវនៅកម្រិតថ្នាក់ជាតិ គឺមានអត្រាក្រិនលើក្មេងអាយុក្រោម៥ឆ្នាំមាន៣២ភាគរយ ដោយឡែកក្នុងតំបន់ដែលគម្រោងអនុវត្តន៍ថយចុះប្រមាណ៥ទៅ៦ភាគរយឯណោះ។ ជាមួយគ្នានោះ អត្រាការបំបៅដោះម្ដាយនៅម៉ោងដំបូង ការប្រើប្រាស់បង្គន់អនាម័យ ការទទួលបាននូវអាហារូបត្ថម្ភត្រឹមត្រូវសម្រាប់ស្ដ្រីមានផ្ទៃពោះ ក៏មានការកើនឡើងខ្ពស់ដែរ។
ជាអ្នកអប់រំក្នុងសហគមន៍មួយរូបដែលយល់ពីសារសំខាន់នៃការថែទាំសុខភាពម្ដាយនិងទារក អ្នកស្រី វង់ ចង់ឱ្យស្ដ្រីបន្តការយកចិត្តទុកដាក់ដល់កូនៗ កុំឱ្យមានការស្ដាយក្រោយពេលកូនមានបញ្ហាសុខភាព៕