ជាតិ
សង្គមជាតិ
សាលារាជធានីភ្នំពេញ កែសម្រួលខ្សែរត់រថយន្តក្រុងខ្លះ ដើម្បីងាយស្រួលឲ្យពលរដ្ឋធ្វើដំណើរ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលកំពុងដឹកជញ្ជូនពលរដ្ឋនៅតាមរាជធានីភ្នំពេញ
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងកែសម្រួលខ្សែរត់រថយន្តក្រុងចំនួន៤ ខ្សែនៅរាជធានីភ្នំពេញ ដើម្បីឲ្យពលរដ្ឋអាចប្រើប្រាស់រថយន្តក្រុងបានដោយល្អប្រសើរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតឲ្យរដ្ឋាករ និងក្រុមជំនាញJICA ផ្លាស់ប្តូរ និងកែសម្រួលខ្សែរត់រថយន្តក្រុង។
ខ្សែរត់រថយន្តក្រុងដែលសាលារាជធានីភ្នំពេញ នឹងកែសម្រួលនោះ មានខ្សែទី១B ដែលពីមុនរត់ចេញពីចំណតច្បារអំពៅ ទៅ ផ្សារគគីរ ត្រូវប្តូរមករត់នៅចំណតបឹងឈូក ទៅផ្សារគគីរវិញ។ ខ្សែទី៥ រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារអ៊ីអន២ ទៅផ្សារអ៊ីអន១ ត្រូវប្តូរមកជាពីរខ្សែវិញ ដោយខ្សែទី៥A រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ និងខ្សែទី៥B រត់ពីផ្សារអ៊ីអន១ ដល់ផ្សារអ៊ីអន២(វិលជុំ)។
សម្រាប់ខ្សែរថយន្តទី១០ ដែលពីមុនរត់ចេញពីផ្សារស៊ិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូកត្រូវបានកែសម្រួលឲ្យរត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស ដល់ផ្សារច្បារអំពៅ រួចវិលត្រឡប់មកវិញ។ និងខ្សែទី១៣ កាលពីមុនរត់ចេញពីចំណតរង្វង់មូលកួចកាណុង ទៅដល់រង្វង់មូលផ្សារដើមថ្កូវ ត្រូវប្តូរឲ្យរត់ចេញពីចំណតរាជាស្ម័យយាន ទៅដល់រង្វង់មូលផ្សារដើមថ្កូវវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែតុលា។
សាលារាជធានីភ្នំពេញ បានផ្តល់សិទ្ធិពិសេស សម្រាប់កម្មករ-កម្មការិនី សិស្ស និស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា មន្ត្រីរាជការ និងកីឡាករ ដោយមិនយកលុយពីការជិះរថយន្តក្រុងសាធារណៈឡើយ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ចំពោះពលរដ្ឋដែលមិនទទួលបានការលើកលែងថ្លៃសេវាជិះរថយន្តក្រុងនោះទេ អាចបង់ថ្លៃតែម្តង គ្រាន់តែបង្ហាញកន្ទុយសំបុត្រលើកទី១ ដល់ភ្នាក់ងារអ្នកបម្រើសេវារថយន្តក្រុង។
បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរថយន្តក្រុងសាធារណៈចំនួន២៣៥គ្រឿងដែលកំពុងតែដឹកជញ្ជូនដល់ពលរដ្ឋសម្រាប់ទៅទីតាំងរបស់ពូកគេចង់ទៅ ដោយក្នុងមួយថ្ងៃមានពលរដ្ឋជិត៣ពាន់នាក់ដែលជ្រើសរើសសេវាជិះរថយន្តក្រុងទាំង១៣ខ្សែនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ៕
Tag:
រាជធានីភ្នំពេញ
រថយន្ត
ចរាចរណ៍
ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com