ជាតិ
សង្គមជាតិ
សាលា​រាជធានី​ភ្នំពេញ កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង​ខ្លះ ដើម្បី​ងាយស្រួល​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​
26, Oct 2019 , 10:01 am        
រូបភាព
រថយន្តក្រុង​​របស់​​​​សាលារាជធានីភ្នំពេញ ដែល​កំពុង​​​​​ដឹក​ជញ្ជូន​ពល​រដ្ឋ​​នៅ​តាម​រាជធានីភ្នំពេញ​
រថយន្តក្រុង​​របស់​​​​សាលារាជធានីភ្នំពេញ ដែល​កំពុង​​​​​ដឹក​ជញ្ជូន​ពល​រដ្ឋ​​នៅ​តាម​រាជធានីភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង​ចំនួន​៤ ខ្សែ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​រថយន្តក្រុង​បាន​ដោយ​ល្អប្រសើរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានអនុញ្ញាត​ឲ្យ​រដ្ឋាករ និង​ក្រុម​ជំនាញ​JICA ផ្លាស់ប្តូរ និង​កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង​។

 
​ខ្សែ​រត់​រថយន្តក្រុង​ដែល​សាលា​រាជធានី​ភ្នំពេញ នឹង​កែសម្រួល​នោះ មាន​ខ្សែ​ទី​១B ដែល​ពីមុន​រត់​ចេញពី​ចំណត​ច្បារអំពៅ ទៅ ផ្សារ​គគីរ ត្រូវ​ប្តូរ​មករ​ត់​នៅ​ចំណត​បឹង​ឈូក ទៅ​ផ្សារ​គគីរ​វិញ​។ ខ្សែ​ទី​៥ រត់​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ កាត់​តាម​ផ្សារ​អ៊ី​អន​២ ទៅ​ផ្សារ​អ៊ី​អន​១ ត្រូវ​ប្តូរ​មកជា​ពីរ​ខ្សែ​វិញ ដោយ​ខ្សែ​ទី​៥A រត់​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ផ្សារ​អ៊ី​អន​២ និង​ខ្សែ​ទី​៥B រត់​ពី​ផ្សារ​អ៊ី​អន​១ ដល់​ផ្សារ​អ៊ី​អន​២(​វិលជុំ​)​។ 
 
​សម្រាប់​ខ្សែ​រថយន្ត​ទី​១០ ដែល​ពីមុន​រត់​ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ដល់​ចំណត​បឹង​ឈូក​ត្រូវបាន​កែសម្រួល​ឲ្យ​រត់​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ផ្លូវ​២០០៤ ជាប់​របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស ដល់​ផ្សារ​ច្បារអំពៅ រួច​វិល​ត្រឡប់មកវិញ​។ និង​ខ្សែ​ទី​១៣ កាលពីមុន​រត់ចេញ​ពី​ចំណត​រង្វង់​មូល​កួច​កាណុង ទៅដល់​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ត្រូវ​ប្តូរ​ឲ្យ​រត់​ចេញពី​ចំណត​រាជា​ស្ម័យ​យាន ទៅដល់​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​វិញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​២១ ខែតុលា​។ 
 
​សាលា​រាជធានី​ភ្នំពេញ បានផ្តល់​សិទ្ធិ​ពិសេស សម្រាប់​កម្មករ​-​កម្មការិនី សិស្ស និស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា មន្ត្រីរាជការ និង​កីឡាករ ដោយ​មិន​យកលុយ​ពី​ការ​ជិះ​រថយន្តក្រុង​សាធារណៈ​ឡើយ​។  បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំពោះ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​ការលើកលែង​ថ្លៃ​សេវា​ជិះ​រថយន្តក្រុង​នោះទេ អាច​បង់ថ្លៃ​តែម្តង គ្រាន់តែ​បង្ហាញ​កន្ទុយ​សំបុត្រ​លើក​ទី​១ ដល់​ភ្នាក់ងារ​អ្នក​បម្រើសេវា​រថយន្តក្រុង​។​
 
​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ មាន​រថយន្តក្រុង​សាធារណៈ​ចំនួន​២៣៥​គ្រឿង​ដែល​កំពុងតែ​ដឹកជញ្ជូន​ដល់​ពលរដ្ឋ​សម្រាប់​ទៅ​ទីតាំង​របស់​ពូកគេ​ចង់ទៅ ដោយ​ក្នុង​មួយថ្ងៃ​មាន​ពលរដ្ឋ​ជិត​៣​ពាន់​នាក់​ដែល​ជ្រើសរើស​សេវា​ជិះ​រថយន្តក្រុង​ទាំង​១៣​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្តីបញ្ជាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕  

Tag:
 ​រាជធានី​ភ្នំពេញ​
  រថយន្ត​
 ​ចរាចរណ៍​
 ​ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com