រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកាជាតិ​ជាង​៨​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២០
ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកាជាតិ​ជាង​៨​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០២០
26, Oct 2019 , 12:47 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
​ភ្នំពេញ​៖ ថវិកាជាតិ​ជាង​៨​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​នៅក្នុង​ឆ្នាំ​២០២០ ត្រូវបាន​រដ្ឋាភិបាល​អ​នុ​ម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥ តុលា​។​


​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២០ ដែល​គណៈរដ្ឋមន្ត្រី​បានអនុម័ត​នោះ គឺ​គ្រោង​ចំណាយ​ថវិកា​ចំនួន​៣៣,៣៣៩,៦៣៣​លាន​រៀល ស្មើនឹង​ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​សម្ដេច ស ខេង ដែលមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​អនុម័ត​នោះ បាន​សរសេរ​បញ្ជាក់ថា ថវិកា​ឆ្នាំ​២០២០​នេះ ត្រូវបាន​រៀបចំឡើង​តាម​គោលនយោបាយ​វិត្ថារ​កម្ម​ថវិកា (​ផែនការ​លម្អិត​) ដោយ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​មនុស្ស និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ដែលមាន​អភិបាលកិច្ច​ជា​ស្នូល ដែល​រដ្ឋាភិបាល​ឱ្យនិយមន័យ​ថា «​ជា​ថវិកា​យុទ្ធសាស្ត្រ​នៃ​ការ​ផ្គួប​កម្លាំង​សរុប ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។​
 
«​ការ​ទប់ទល់​នេះ គឺ​តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្ទៃក្នុង ដោយ​ជំរុញ​ឱ្យបាន​ខ្លាំងក្លា​នូវ​ការកែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច ដើម្បី​ធានា​សុខសន្តិភាព ស្ថេរភាព និង​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច សំដៅ​លើកកម្ពស់​សុខាមាលភាព​ជូន​ប្រជាជន លើ​មាគ៌ា​ឆ្ពោះទៅ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០»​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ ដែល​បាន​បន្ថែមថា ការដាក់ចេញយុទ្ធសាស្ត្រ​នេះ គឺស្របតាម​គោលដៅ​សំខាន់ៗ​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា ខណៈសភាពការណ៍​តំបន់ និង​ពិភពលោក​កាន់​តែមាន​ភាពស្មុគស្មាញ ។ ជាពិសេស​សំដៅ​ទៅលើ​ការរក្សា​សន្តិភាព ស្ថេរភាព និង​ការ​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍ​ឈានឡើង​កម្ពុជា​។​
 
​ថវិកា​ចំណាយ​សរុប ៣៣,៣៣៩,៦៣៣​លាន​រៀល (​ស្មើនឹង​ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​)​នេះ ស្មើនឹង​២៨,០១ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផសស​) និង​មាន​កំណើន​២២,៧​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩​។ ថវិកា​ទាំងនេះ ត្រូវ​ចំណាយ​ចរន្ត​ថវិការដ្ឋ ចំនួន​១៩,៨១៨,៣០៦​លាន​រៀល ត្រូវជា​១៦,៦៥​ភាគរយ នៃ​ផសស គឺមាន​កំណើន​១០,៧​ភាគរយ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩ និង​ការចំណាយ​មូលធន​ថវិការដ្ឋ​មាន​ចំនួន ១៣,៥២១,៣២៧​លាន​រៀល ត្រូវជា​១១,៣៦ ភាគរយ​នៃ​ផសស គឺមាន​កំណើន​៤៦,១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៩​។​នេះ​បើតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​
 
​ក្រសួង​សេដ្ឋកិច្ច បាន​បន្ថែមថា ចំណូល​ចរន្ត​ក្នុងប្រទេស​ថវិការដ្ឋ ឬ​ថវិកាជាតិ ត្រូវបាន​គ្រោង​២៦ ៣៣៦ ៤៤៣​លាន​រៀល ស្មើនឹង​២២,១៣​ភាគរយ នៃ​ផសស និង​មាន​កំណើន​២៤,៣​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ របាយការណ៍​ក្រសួង​សេដ្ឋកិច្ច បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុង​ក្របខណ្ឌ​នៃ​គោលដៅ​ខាងលើ រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ចំណូល​សរុប​ថវិការដ្ឋ ឬ​ចំណូល​សរុប​ថវិកាជាតិ​ឱ្យ​ស្មើនឹង ៣២ ៦៣៩ ៦៣៣​លាន​រៀល ក្នុងនោះ​ចំណូល​ចរន្ត​ថ្នាក់ជាតិ​ឱ្យ​ស្មើនឹង​២៣,៨៩៩,៣២៤ លាន​រៀល (​ដែល​រួមមាន​ចំណូល​សារពើពន្ធ​រួមមាន​២១,០៩១,១៤៥ លាន​រៀល និង​ចំណូល​មិនមែន​សារពើពន្ធ​២,៨០៨,១៧៩​លាន​រៀល​)​។ ដោយឡែក​សម្រាប់​ចំណូល​មូល​ធនធាន​ថវិការដ្ឋ ត្រូវបាន​គ្រោង​ចំនួន​៦,៤៩៦,៥៣១​លាន​រៀល ត្រូវជា​៥,៤៦​ភាគរយ នៃ​ផសស គឺមាន​កំណើន​១២,៧​ភាគរយ បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៩​។ ក្នុងនោះ​ចំណូល​មូលធន​ដោយ​ហិរញ្ញប្បទាន​ពី​ក្រៅប្រទេស​ស្មើនឹង​ប្រមាណ​១៩​ភាគរយ​នៃ​ចំណាយ​ថវិកា​សរុប​រដ្ឋ​ឆ្នាំ​២០២០​ប៉ុណ្ណោះ​»​។​
 
​បើតាម​ក្រសួង​សេដ្ឋកិច្ច ក្នុងការ​ចំណាយ​ថវិកាជាតិ ៣៣,៣៣៩,៦៣៣​លាន​រៀល (​ស្មើនឹង​ប្រមាណ​៨,២២៣​លាន​ដុល្លារ​អាមេរិក​)​នេះ ក៏មាន​កម្ចី​បរទេស​១៤០០​លាន SDR (Special Drawing Right រង្វាស់​ខ្នាត​របស់ International Monetary Fund) (​ស្មើនឹង​១,៩២៧​លាន​ដុល្លារ​)​។ ត្រង់ចំណុច​នេះ ក្រសួង​សេដ្ឋកិច្ច បាន​សង្កត់ធ្ងន់ថា ការខ្ចី​បរទេស​សម្រាប់​ការចំណាយ​សរុប​នៅ​ឆ្នាំ​២០២០​នេះ គឹ​រដ្ឋាភិបាល​ផ្អែកទៅលើ កំណើន​តម្រូវការ​ទុនវិនិយោគ​ដ៏​គំហុក ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាសាធារណៈ​, គម្រោង​អភិវឌ្ឍន៍​ដែល​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ក្នុង​ឆ្នាំ​២០២០, ស្ថានភាព​បំណុល​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុង​រយៈពេល​មធ្យម និង​វែង នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប , ការបន្ត​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ការអនុវត្ត​គម្រោង និង​ចុងក្រោយ​កម្ចី​ទាំងនោះ​សុទ្ធតែជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់​។ 
 
​ដើម្បី​សម្រេច​បំណង​នៃ​គោលនយោបាយ​រដ្ឋាភិបាល ក៏ដូចជា​ការ​គ្រប់​គ្រង់​ថវិកាជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ក្រសួង​សេដ្ឋកិច្ច ក៏បាន​កំណត់​ទិសដៅ​តាម​គោលការណ៍​អភិក្រម​ចំនួន​៩​រួមមាន គោរព​ឱ្យបាន​នូវ​ក្របខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​, ធានា​ចីរភាព​និង​សមិទ្ធកម្ម​នៃ​ចំណូល​,​ការផ្សាភ្ជាប់​ការប្រមូល​ចំណូល ,​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង​លទ្ធផល​ការងារ​ជាមួយនឹង​ការ​វិភា​ជ​ថវិកា ,​ការកំណត់​លំដាប់​អទិភាព សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​វិភា​ជ​ថវិកា​, ការយកចិត្តទុកដាក់​លើ​មនុស្ស ,​ការកំណត់​តម្លៃ​ជាក់ស្ដែង​នៃ​កម្មវិធី /​សកម្មភាព​, ការផ្ទេរ​ថវិកា​ដល់​អ​ង្គ​ភាព​អនុវត្ត​, ការរក្សា​តុល្យភាព​និង​ចីរភាព​ថវិកា និង​ការបន្ត​ពង្រឹង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​គ្រប់គ្រង​បំណុល​សាធារណៈ​។​
 
​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​អំពី​យន្ត​ការដកហូត​សិទ្ធិ​ផ្គត់ផ្គង់​ការប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ,​ការបន្ត​មិន​យកពន្ធ​លើដី​ស្រែចំការ និង​ប្រាក់បៀវត្ស​ទាប​បំផុត ,​គម្រោង​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ឆ្នាំ​២០២០ និង​ផែនការ​ពង្រាយ​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​៕
 
 

Tag:
 ស ខេង
  ហ៊ុន សែន​
  ថវិកាជាតិ​២០២០
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com