វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​បុគ្គល​ណា​ជា​អ្នក​ឡើង​ទៅដល់​កំពូលភ្នំ​អេ​វើ​រ៉េ​ស​មុនគេ​?
26, Oct 2019 , 1:48 pm        
រូបភាព
​កំពូលភ្នំ​អេ​រើ​រ៉េ​ស (Everest) ត្រូវបាន​មនុស្ស​មួយចំនួន​ដាក់ឈ្មោះថា​ជា​«​ដំបូល​នៃ​ពិភពលោក​»​។ កំពូលភ្នំ​ដែលមាន​វត្ត​មាននៅ​ជួរ​ភ្នំ​ហិមាល័យ​មួយ​នេះ មាន​កម្ពស់​រហូត​ទៅដល់​៨៨៥០​ម៉ែត្រ ហើយ​ស្ថិតនៅ​ចន្លោះ​ប្រទេស​ណេ​ប៉ាល់ និង​តំបន់​ទី​បេ​នៃ​ប្រទេស​ចិន​។ ដើម្បី​ឡើងដល់​កំពូល វា​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​សុខភាព ដ្បិតថា ខ្លួនប្រាណ​របស់​មនុស្ស​មិនអាច​ទ្រាំទ្រ​ជាមួយនឹង​សីតុណ្ហភាព បរិមាណ​អុកស៊ីសែន និង​សណ្ឋាន​ដី​ដ៏​គ្រោះថ្នាក់​សម្បើម​នោះឡើយ​។

 
​ដោយឡែក បុគ្គល​ដែល​បាន​ឡើង​ទៅដល់​កំពូលភ្នំ​មួយ​នេះ​មុនគេ​ដោយ​ទទួលជោគជ័យ គឺ​កើតមានឡើង​កាលពី​ប៉ុន្មាន​ទសវត្ស​មុន​ប៉ុណ្ណោះ​។ គេហទំព័រ ThoughtCo បាន​ពន្យល់ថា នៅ​ថ្ងៃទី​២៩ ខែឧសភា​នៃ​ឆ្នាំ​១៩៥៣ បុរស​ពីរ​នាក់ ក្នុងនោះ​មាន​លោក Edmund Hillary ជនជាតិ​នូ​វែ​ល​សេ​ឡង់ និង​លោក Tenzing Norgay ជនជាតិ​ណេ​ប៉ាល់ គឺជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ឡើង​ទៅដល់​កំពូល​នៃ​ភ្នំ​អេ​វើ​រ៉េ​ស​។​
 
 តែ​នេះ​មិនមែន​មានន័យថា ពួកគេ​ទាំងពីរ​នាក់​គឺជា​មនុស្ស​ដំបូង​ដែល​ខំប្រឹង​ឡើង​នោះទេ​។ នៅក្នុង​ឆ្នាំ​១៩២៤ លោក George Leigh Mallory និង​លោក Andrew Irvine បាន​សាកល្បង​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ​ផងដែរ តែ​ពួកគេ​ទាំងពីរ​បានទទួល​មរណភាព​មុនពេល​ដែល​ឡើង​ទៅដល់​កំពូល​។ 
 
​មកទល់​សព្វថ្ងៃ គេ​មិនអាច​និយាយបានថា តើ​អ្នក​ទាំងពីរ​អាច​ឡើងទៅ​ដល់​កំពូល​ដែល​ឬ​យ៉ាងណា​នោះទេ បើ​ពួកគេ​នៅមាន​ជីវិត​នៅពេល​ធ្វើដំណើរ​ឡើង​។ គ្រោះ​មួយចំនួន​មានដូចជា សីតុណ្ហភាព​ដ៏​ត្រជាក់ ដែល​ខ្លួនប្រាណ​មនុស្ស​ពិបាក​នឹង​ទប់ទល់​បាន ការ​រអិលដួល​ធ្លាក់​ពីលើ​ថ្ម និង​កង្វះ​អុកស៊ីសែន​គ្រប់​
​គ្រាន់​។ ដើម្បី​ជៀសវាង​បញ្ហា​ប៉ុន្មាន​ខាងលើនេះ អ្នក​ឡើង​ភ្នំ​សម្រប​ខ្លួនប្រាណ​របស់​ពួកគេ​បន្តិច​ម្តងៗ​ជាមួយនឹង​បរិស្ថាន​ថ្មី​មួយ​នេះ ដោយ​ពេលខ្លះ​ប្រើពេល​ដល់​ពីរ ឬ​បី​សប្តាហ៍​។​
 
 ជាមួយនឹង​អាហារ​ហូបចុក នៅលើ​ភ្នំ​អេ​វើ​រ៉េ​ស​មិនមែនជា​តំបន់​ដែល​អាច​ដាំ​ដុះ​រុក្ខជាតិ​បាន​នោះទេ ហើយក៏​មិនមែនជា​កន្លែង​ដែល​អាច​ចិញ្ចឹមសត្វ​បាន​ងាយស្រួល​នោះដែរ​។​
 
 អ្នក​ឡើង​ភ្នំ​ត្រូវ​ចរចា​គ្នា​ក្នុងការ​ផ្គត់ផ្គង់​អាហារ​ជា​ក្រុម ហើយ​ពួកគេ​តែង​ដាក់​ការងារ​នេះ​ទៅលើ​មនុស្ស​មួយក្រុម​ដែល​គេ​ហៅថា Sherpa ដែល​ពួកគេ​គឺជា​អ្នកភូមិ​រស់នៅ​តំបន់​នេះ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការឡើង​ភ្នំ​។ 
 
​លោក Edmund និង Tenzing ត្រូវបាន​ដឹកនាំ​ដោយ​លោក Colonel John Hunt ដែលជា​ក្រុម​បេសកកម្ម​របស់​ចក្រភព​អង់គ្លេស​។ អ្នក​ទាំងពីរ​បាន​បង្កើត​តំបន់​សម្រាក​បណ្តោះអាសន្ន ដែល​ហៅថា​«Camp»​ចំនួន​៩​កន្លែង​មុននឹង​ទៅដល់​កំពូល ដែល​មួយចំនួន​នៅ​ត្រូវបាន​ប្រើប្រាស់​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ 
 
​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក អ្នក​ទាំងពីរ​បានជា​ន់​នៅលើ​ផ្នែក​ខ្ពស់​ជាងគេ​បង្អោះ​នៃ​សណ្ឋាន​ដី​របស់​ភពផែនដី និង​មាន​ចំណាយពេល​ប្រមាណ​តែ​១៥​នាទី​ក្នុងការ​ពិនិត្យមើល ថតរូប និង​កត់ត្រា ដោយសារតែ​បរិមាណ​អុកស៊ីសែន​នៅក្នុង​ធុង​មានកំណត់ មុននឹង​ត្រលប់​ចុះមក​ក្រោម​វិញ​។ ព័ត៌មាន​នៃ​ការឡើង​របស់​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​កាលពី​ពេលនោះ​៕

Tag:
 ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com