ជាតិ
នយោបាយជាតិ
ប្រធានាធិបតីហុងគ្រី នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ចុងខែតុលានេះ រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួបប្រធានធិបតីហុងគ្រី Janos ADER ក្នុងដំណើរទស្សនកិច្ចនិងចូលរួមសន្និសីទស្តីពី ទឹក នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១៩
× ភ្នំពេញ៖ ប្រធានធិបតីហុងគ្រី លោក យ៉ាណូស អាឌ័រ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់៣០ តុលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ តុលានេះ។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីហុងគ្រី នឹងចូលគាល់ព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហមុនី រួមទាំងជាពិភាក្សាជាមួយប្រធានរដ្ឋសភា សម្ដេច សាយ ឈុំ និងប្រធានរដ្ឋសភា សម្ដេច ហេង សំរិន ផងដែរ។ ដោយឡែកក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន វិញ ប្រធានាធិបតីហុងគ្រី នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេរភាគីលើគ្រប់វិស័យរួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួមគ្នា។
ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ដូច្នេះថា៖«ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ឯកឧត្តមប្រធានាធិបតី នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
ក្រៅពីនេះ ប្រធានាធិបតីហុងគ្រី យ៉ាណូស អាឌ័រ និងភរិយា ក៏នឹងទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗទៀត នៅក្នុងខេត្តសៀមរាបផង។
កាលពីថ្ងៃទី១៥ តុលា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅចូលរួមសន្និសីទស្តីពី បញ្ហាទឹក នៅក្នុងប្រទេសហុងគ្រីផងដែរ។ ក្នុងជំនួបពិភាក្សាគ្នាទ្វេរភាគីរវាងសម្ដេច ហ៊ុន សែន និងប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី ជេណូស អាឌឺ (Janos ADER) ក៏បានលើកឡើងពីបញ្ហាអនុគ្រោះពន្ធ(Everything But Arms) ផងដែរ។ ក្នុងប្រធានាធិបតី ហុងគ្រី សន្យាបន្តគាំទ្រកម្ពុជា លើការដោះស្រាយបញ្ហាប្រព័ន្ធអនុគ្រោះពន្ធនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com