សង្គមអន្តរជាតិ
អន្តរជាតិ
អាមេរិកខាងជើងសំបូរសាកលវិទ្យាល័យល្អៗ ខណៈអាស៊ី មាន២នៅសិង្ហបុរី និង១នៅចិន
× សារព័ត៌មានអាមេរិក U.S. News បានបង្ហាញតារាងចំណាត់ថ្នាក់សាកលវិទ្យាល័យល្អចំនួន៥០សម្រាប់ឆ្នាំ២០២០ (The 50 Best Global Universities)។ ការវាយតម្លៃផ្អែកលើគុណភាពនៃការស្រាវជ្រាវ និងគុណតម្លៃផ្សេងៗរបស់សាលា និងសិស្សដែលបញ្ចប់ការសិក្សា។
ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង៥០សម្រាប់ឆ្នាំ២០២០ សារព័ត៌មាន U.S. News រកឃើញថា ៣២សាកលវិទ្យាល័យស្ថិតនៅអាមេរិកខាងជើង ១២ស្ថិតនៅអឺរ៉ុប ៣នៅអាស៊ី និង៣ទៀតនៅអូស្ត្រាលី ដោយរួមមានទាំងសាលារដ្ឋ និងឯកជន។
នៅអាមេរិកខាងជើង សាកលវិទ្យាល័យភាគច្រើនស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដោយគ្រឹះស្ថានឯកជនដូចជា Harvard University ឈរជាប់ក្នុងចំណាត់ថ្នាក់លេខ១ បន្តដោយ Massachusetts Institute of Technology រីឯសាលារដ្ឋដូចជា University of California-Berkeley និង University of Washington ជាដើមនៅតែស្ថិតជាជម្រើសដ៏ល្អ។
សាកលវិទ្យាល័យដល់ទៅ៦នៅទ្វីបអឺរ៉ុប ស្ថិតក្នុងចំណោម Top 10 ជាពិសេស University of Oxford និង University of Cambridge។ សាកលវិទ្យាល័យដ៏គួរឲ្យចាប់អារម្មណ៍ ហើយបង្ហាញវត្តមាននៅក្នុង Top 50 មានដូចជា University of Amsterdam របស់ហូឡង់ និង Sorbonne Université របស់បារាំង។ សាកលវិទ្យាល័យផ្សេងទៀត មាននៅអាល្លឺម៉ង់ ស្វីស និងដាណឺម៉ាក។
អាស៊ី មានសាកលវិទ្យាល័យចំនួន៣ដែលស្ថិតក្នុងចំណោម Top 50 ដែលក្នុងនោះមាន National University of Singapore និង Nanyang Technoliogical University របស់សិង្ហបុរី និង Tsinghua University របស់ចិន។ រីឯអូស្ត្រាលី មានចំនួន៣ គឺ University of Melbourne, University of Sydney និង University of Queensland Australia។
សាកលវិទ្យាល័យកំពូលៗជាច្រើនស្ថិតនៅតំបន់ទីក្រុង ដូចជា Tsinghua University និង University of Sydney ។ សាកលវិទ្យាល័យស្ថិតនៅតំបន់ដែលមានពលរដ្ឋតិចជាង១៥០ ០០០នាក់ មានដូចជា University of Michigan-Ann Arbor របស់អាមេរិក និង Ecole Polytechnique Federale of Lausanne របស់ស្វីស ជាដើម៕
Tag:
អប់រំ
សាកលវិទ្យាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com