ភ្នំពេញ៖ អ្នកវិនិយោគមកពីជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។ គម្រោងនេះត្រូវបានក្រុមហ៊ុន Top Planning Japan Co., Ltd លើកឡើងនៅក្នុងជំនួបលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ២៤ ខែតុលា។
ផ្អែកតាមការសិក្សា និងស្រាវជ្រាវរបស់ក្រុមហ៊ុនជប៉ុនរួចមក ជាលទ្ធផលអ្នកវិនិយោគជប៉ុនបានកត់សម្គាល់ថា រសជាតិគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានរសជាតិល្អជាងរសជាតិគ្រាប់ស្វាយចន្ទីរបស់ប្រទេសវៀតណាម ឥណ្ឌា និងអាហ្វ្រិក។ ទាក់ទងនឹងគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ លោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd បានបញ្ជាក់ថា ទោះបីគ្រាប់ស្វាយចន្ទីកម្ពុជាមានរសជាតិល្អក៏ពិតមែន តែបរិមាណនៃការដាំនិងការកែច្នៃគ្រាប់ស្វាយចន្ទី គឺស្ថិតនៅក្នុងកម្រិតមួយដែលមិនទាន់ឆ្លើយតបនឹងស្តង់ដារអន្តរជាតិនៅឡើយ។
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Murayama Tsetuo បានបញ្ជាក់ប្រាប់លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម យ៉ាងដូច្នេះថា៖«ជារួមគុណភាព អនាម័យ បរិមាណផលិត ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅមានកម្រិត ហើយកត្តាអវិជ្ជមានទាំងនេះ ធ្វើឲ្យក្រុមហ៊ុនមានឆន្ទៈចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាកម្រិតស្តង់ដារអន្តរជាតិ ធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលុបបំបាត់ចំណុចអវិជ្ជមានទាំងនេះ ដើម្បីឈានទៅលើកកម្ពស់បរិមាណ គុណភាព និងអនាម័យគ្រាប់ស្វាយចន្ទីកម្ពុជាឲ្យស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលអនាគត»។
ដើម្បីឲ្យគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះប្រព្រឹត្តទៅដោយភាពជោគជ័យនឹងសមស្របទៅតាមស្តង់ដារអន្តរជាតិ លោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងសហការគ្នា ដើម្បីជំរុញឲ្យចង្វាក់ខ្សែផលិតកម្មមួយនេះ ប្រកបដោយភាពជោគជ័យ។
ឆ្លើយតបនឹងបំណងរបស់ក្រុមហ៊ុនជប៉ុនដែលចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា គម្រោងនេះ គឺស្របនឹងគោលនយោបាយរបស់ក្រសួង ដែលកំពុងតែខិតឲ្យចង្វាក់ផលិតកម្ម មានការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ កែច្នៃ និងការវេចខ្ចប់ ប្រកបដោយគុណភាព អនាម័យ។
លោក វេង សាខុន ក៏ជឿជាក់ថា គម្រោងនេះនឹងអាចឆាប់លេចចេញជារូបរាង និងដំណើរការបានយ៉ាងរលូន។ រដ្ឋមន្ត្រីកសិកម្មរូបនេះ បានស្នើឲ្យក្រុមហ៊ុនជប៉ុន រៀបចំផែនការដាំដុះ ឯកសារផ្លូវច្បាប់ បច្ចេកទេស ចងក្រងសហគមន៍ផលិត និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឲ្យពលរដ្ឋដែលជាកសិករ មានការងារធ្វើ និងរកចំណូលពីការដាំស្វាយចន្ទី និងផ្តល់ផលប្រយោជន៍សម្រាប់ក្រុមហ៊ុន និងសេដ្ឋកិច្ចជាតិ។
ក្រៅពីគ្រាប់ស្វាយចន្ទី ក្រុមហ៊ុនក៏កំពុងតែពិចារណាលើ ការដាំដុះ និងកែច្នៃសណ្តែកផ្កាយ ការចិញ្ចឹមឃ្មុំក្នងចម្ការស្វាយចន្ទី និងការចិញ្ចឹមជ្រូកសាច់សរីរាង្គផងដែរ។
បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ៤កន្លែងតែប៉ុណ្ណោះ ក្នុងនោះមាននៅក្នុងខេត្ត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងព្រះវិហារ។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មដដែល នៅឆ្នាំ២០១៨ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាង១៧ម៉ឺនហិកតា ដែលអាចផ្តល់ផលគ្រាប់ស្វាយចន្ទីបានជិត ១៣៧ម៉ឺនតោន៕