ជាតិ
សង្គមជាតិ
សង្កាត់​សៀមរាប​ធ្វើ​យុទ្ធនាការ​រើស​សំរាម​តាម​ដងផ្លូវ​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​យល់​ពី​បញ្ហា​បរិស្ថាន​
26, Oct 2019 , 4:30 pm        
រូបភាព
រូបភាព៖ លោក ប៊ុន សុភារិទ្ធិ ១
រូបភាព៖ លោក ប៊ុន សុភារិទ្ធិ ១
សៀមរាប​៖ សង្កាត់​សៀមរាប ក្នុង​ក្រុង​សៀមរាប បានរៀបចំ​យុទ្ធនាការ​ដ៏​ធំ​មួយ ធ្វើការ​រើស​សំរាម​តាមផ្លូវ​សំខាន់ៗ​ក្នុងភូមិ​សាស្ដ្រ​របស់ខ្លួន​ដើម្បី​បំផុស​ចលនា​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ពី​បញ្ហា​បរិស្ថាន ដែលជា​បញ្ហា​សាកលលោក​។ យុទ្ធនាការ​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​ធ្វើ​ពី​ចំណុច​ស្ពាន​ផ្លូវ​ក្រវ៉ាត់​ក្រុង រហូតដល់​ភ្នំ​ក្រោម​ដែលជា​ព្រំប្រទល់​ជាប់​សង្កាត់​ចុង​ឃ្នៀ​ស​។​
 
​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សៀមរាប បានបង្ហាញ​ស្មារតី​ចូលរួម​ក្នុងការ​យុទ្ធនាការ​សម្អាត​បរិស្ថាន ដែល​រៀបចំឡើង​ដោយ​សង្កាត់​។ ចៅសង្កាត់​សៀមរាប លោក ម៉ៃ សុមេត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា យុទ្ធនាការ​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា មាន​គោលដៅ​សំខាន់​ទាក់ទង​នឹង​ការសម្អាត​បរិស្ថាន លើកមុខ​មាត់​វិស័យ​ទេសចរណ៍ និង​សុខភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​ល​។ លោក​បន្តថា សកម្មភាព​នេះ​ក៏​ត្រៀម​ទទួល​ពិធី​បុណ្យអុំទូក និង​ការទទួល​ប្រតិភូ​សំខាន់ៗ​ដែល​គ្រោង​មក​ទស្សនកិច្ច​ក្រុង​សៀមរាប​ផងដែរ​។​
 
 
 
​បន្ថែម​ពី​សកម្មភាព​រើស​សំរាម​នៅពេលនេះ លោក ម៉ៃ សុមេត ប្រាប់ថា កន្លងមក​សង្កា​ត់រប​ស់លោក​តែង​ចុះ​អប់រំ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ក៏ដូចជា​លើក​ស្លាក​សញ្ញា​អប់រំ​ការ​ចោល​សំរាម​នៅតាម​ទីសាធារណ​ជាដើម ក្នុងនោះ​ក៏​ធ្លាប់​ចាប់​ផាកពិន័យ​ដល់​ពលរដ្ឋ​ណា​លួច​ដឹក​សំរាម​មកចាក់​ចោល​តាម​ដងផ្លូវ​ផងដែរ​។​
 
​នៅពេល​សួរថា ហេតុអ្វី​មាន​ពលរដ្ឋ​យក​សំរាម​មក​បោះចោល​តាម​ទីសាធារណ​នោះ  លោក​ចៅសង្កាត់​សៀមរាប ប្រាប់ថា ទំនង​ផ្ទះ​ពួកគេ​ពុំមាន​ឡាន​ដឹក​សំរាម​ទៅដល់ ឬ​ឆ្ងាយ​ពី​ផ្លូវធំ​ជាដើម និង​សេវា​ប្រមូល​សំរាម​ក្នុង​ក្រុង​នៅមាន​ចន្លោះប្រហោង​។ ត្រង់ចំណុច​នេះ ឆ្លងតាម​ការប្រជុំ​ក្រុមប្រឹក្សា​ក្រុង​នាពេល​ថ្មីៗ​នេះ លោក ម៉ៃ សុមេត ប្រាប់ថា អាជ្ញាធរ​គ្រោង​នឹងមាន​ការដាក់ឱ្យ​ដេញថ្លៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​បន្ថែម និង​ចុះ​ផាកពិន័យ​ដល់​ពលរដ្ឋ​ដែល​បោះ​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​ទាំងនោះ​។​
 
​ក្រៅពី​ការដើរ​រើស​សំរាម​តាម​ដងផ្លូវ វា​មិន​គ្រប់គ្រាន់​ទេ​ក្នុងការ​ធ្វើឱ្យ​បរិស្ថាន​សង្កាត់​សៀមរាប​មាន​សោភ័ណ​ភាពល្អ​។ នៅ​ថ្ងៃទី​៧ វិច្ឆិកា​ខាងមុខនេះ អាជ្ញាធរ​គ្រោង​ដឹកនាំ​កម្លាំង​ពលរដ្ឋ​ចុះ​សម្អាត​តាម​ដងស្ទឹង​ផងដែរ​។ លោក​ចៅសង្កាត់​ពន្យល់ថា ការងារ​នេះ​នឹង​ប្រើ​ទូក​ដើម្បី​ប្រមូល បារ​សំរាម​ចេញពី​ស្ទឹង និង​កម្លាំង​មួយក្រុម​ទៀត​ចុះ​កាត់​ដើមឈើ​ឬ​មែកឈើ​សងខាង​ស្ទឹង​ផងដែរ​៕
 
 

 

Tag:
 សំរាម​
  សង្កាត់​សៀមរាប​
  ម៉ៃ សុមេត​
© រក្សាសិទ្ធិដោយ thmeythmey.com