វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ចំណុច​សំខាន់​ប្រាំបួន​យ៉ាង​ដែល​អ្នក​គួរ​ដឹង​ពី​«​ឈាម​»
26, Oct 2019 , 10:30 pm        
រូបភាព
 ​ឈាម​ជា​សារធាតុ​រាវ​ម្យ៉ាង​ដែលមាន​តួនាទី​សំខាន់​ក្នុង​សារពាង្គកាយ​មនុស្ស​សត្វ​។ ខាងក្រោម​នេះ​គឺជា​ការដកស្រង់​ទិន្នន័យ​ខ្លី​ដែល​បង្ហាញ​ពី​ចំណុច​សំខាន់ៗ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​អំពី​ឈាម ពី​គេហទំព័រ ThoughtCo៖

 
​ទី​១៖ មិនមែន​ឈាម​ទាំងអស់​សុទ្ធតែ​មាន​ពណ៌​ក្រហម​នោះទេ​។ សារពាង្គកាយ​សត្វ​ដទៃទៀត​មាន​ឈាម​ពណ៌​ខុសៗ​គ្នា​ជាច្រើន​។ ពពួក​ពីងពាង មឹក នឹង​អាកត្រូប៉ូត​មួយចំនួនទៀត​មាន​ឈាម​ពណ៌​ខៀវ ចំណែកឯ​ពពួក​ជន្លេន ឬ​ឈ្លើង​មួយចំនួន​មាន​ឈាម​ពណ៌​បែ​តង​។ ចំណែកឯ​កញ្ចែ ឬ​មេអំបៅ​ខ្លះ​មាន​ឈាម​ពណ៌​ថ្លា ឬ​ពណ៌​លឿង​ស្រាល​។ ឈាម​មនុស្ស​មាន​ពណ៌​ក្រហម​ដោយសារតែ​សារធាតុ​«​អេ​ម៉ូ​ក្លូ​ប៊ី​ន​»​ដែលមាន​នៅក្នុង​កោសិកា​ឈាមក្រហម​។ 
 
​ទី​២៖ បរិមាណ​ឈាម​របស់​អ្នក​អាចមាន​ទម្ងន់​ដល់ទី​៧​ឬ​៨​ភាគរយ​នៃ​ទម្ងន់​ខ្លួនប្រាណ​របស់​អ្នក​។ 
 
​ទី​៣៖ ឈាម​របស់​អ្នកភាគច្រើន​ផ្ទុក​«​ផ្លា​ស្មា​»​។ នៅក្នុង​ឈាម ៥៥​ភាគរយ គឺជា​ផ្លា​ស្មា ៤០​ភាគរយ​គឺជា​កោសិកា​ឈាមក្រហម ៤​ភាគរយ​គឺជា​ផ្លា​កែ​ត និង​១​ភាគរយ​គឺជា​កោសិកា​ឈាម ស​។ 
 
​ទី​៤៖ នៅក្នុង​ឈាម​របស់​អ្នកមាន​«​មាស​»​។ ប៉ុន្តែ​មិនមែន​ក្នុង​បរិមាណ​ច្រើន​សម្រាប់​ប្រើប្រាស់​បាន​នោះទេ​។ នៅក្នុង​ខ្លួន​មនុស្ស​មាន​ពពួក​អាតូម​លោហៈ​ជាច្រើន​ទៀត​ដូចជា ដែក ក្រូម ម៉​ង់​កា​ណែ​ស ស័ង្កសី ជាដើម​។ មាន​មាស​ប្រមាណ​ជា​០,២​មី​លី​ក្រាម​ដែលមាន​វត្តមាន​នៅក្នុង​ឈាម​មនុស្ស​។ 
 
​ទី​៥៖ ឈាមក្រហម​ត្រូវបាន​ផលិត​នៅក្នុង​ខួរឆ្អឹង​។ ចំពោះ​មនុស្សពេញវ័យ ខួរឆ្អឹង​ភាគច្រើន​មាន​វត្តមាន​នៅតាម ឆ្អឹងជំនី ឆ្អឹងខ្នង និង​ឆ្អឹងត្រគាក​។ សារី​រា​ង្គ​មួយចំនួនទៀត​ក៏មាន​នាទី​ផលិត​ឈាមក្រហម​ដែរ​ដូចជា ថ្លើម ប្រ​ម៉ាត់ ឬ​ក្រ​ពេញទី​មុ​ស​ជាដើម​។​
 
​ទី​៦៖ ឈាមមាន​អាយុ​រស់នៅ​ខុសៗ​គ្នា​។ កោសិកា​ឈាមក្រហម​មាន​អាយុ​រហូត​ទៅដល់​៤​ខែ ផ្លា​កែ​ត​មាន​អាយុប្រមាណ​ជា​៩​ថ្ងៃ និង​កោសិកា​ឈាមស ពី​ពីរ​បី​ម៉ោង រហូតដល់​ពីរ​បី​ថ្ងៃ​។ 
 
​ទី​៧៖ កោសិកា​ឈាមក្រហម​គ្មាន​ណ្វៃ​យ៉ូ​នោះទេ​។ ដោយឡែក កោសិកា​ដទៃៗ​មាន​ផ្នែក​ដូចជា ណ្វៃ​យ៉ូ (​ចំណុចកណ្តាល និង​សំខាន់​សម្រាប់​កោសិកា​) មី​តូ​កុង​ទ្រី និង​រី​បូ​សូម​។ ចំណែកឯ​កោសិកា​ឈាមក្រហម​វិញ ប្រើប្រាស់​ទំហំ​របស់ខ្លួន​សម្រាប​ផ្ទុក​ម៉ូលេគុល​អេ​ម៉ូ​ក្លូ​ប៊ី​ន​ជាច្រើន​លាន​ម៉ូលេគុល​។ 
 
​ទី​៨៖ កម្ម​រស្មី UV អាចជួយ​បន្ថយ​សម្ពាធ​ឈាម​។ ការដាក់​ស្បែក​នៅក្រោម​កាំរស្មី UV អាចជួយ​ឲ្យ​ខ្លួនប្រាណ​របស់​អ្នក​ផលិត នី​ទ្រី​ច​អុកស៊ីត នៅក្នុង​ឈាម​។ នី​ទ្រី​ច​អុកស៊ីត​មាន​នាទី​ក្នុង​ការជួយ​បន្ថយ​សម្ពាធ​នៅក្នុង​សរសៃឈាម​។ តែ​ការ​ហាលថ្ងៃ​ក្រោម​កាំរស្មី UV ច្រើនពេក​អាចបង្កើត​ឲ្យ​មាន​ជំងឺមហារីក​ស្បែក ការ​នៅក្រោម​កំដៅថ្ងៃ​ក្នុង​រយៈពេល​សមស្រប​អាចជួយ​អ្នក​បាន​។ 
 
​ទី​៩៖ ប្រភេទ​ឈាម​ប្រែប្រួល​ទៅតាម​តំបន់​មនុស្ស​រស់នៅ​។ ចំពោះ​សហរដ្ឋអាមេរិក ប្រភេទ​ឈាម​ដែល​សម្បូរ​ជាងគេ​គឺ O+ ចំណែកឯ AB- វិញ​មាន​ចំនួន​តិចជាងគេ​។ ចំពោះ​ជប៉ុន ឈាម​ដែល​សម្បូរ​ជាងគេ​គឺ A+ ៕

Tag:
 ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com