ONE Championship
កីឡាជាតិ
គ្រូបង្វឹក ហ៊ុន ច័ន្ទ​រាជ្យ ដាក់​គោលដៅ​បណ្ដុះ​កីឡាករ​ក្មេងជំនាន់ក្រោយ​ឲ្យ​កាន់តែខ្លាំង​
27, Oct 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក​និង​ជា​ម្ចាស់​ក្លិប Cambodian Top Team ដាក់​គោលការណ៍​ទទួល​កីឡាករ​វ័យ​ក្មេងជំនាន់ក្រោយ​ដើម្បី​ស្នង​តំណែង​គុន​ខ្មែរ និង គុន​ចម្រុះ​ក្នុង​គោលដៅ​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ឲ្យ​កាន់​តែមាន​លទ្ធផល​ល្អប្រសើរ​។


 
​ម្ចាស់​ក្លិប Cambodian Top Team ប្រាប់ថា​៖«​បាទ​បង​... យើង​ហាត់​សុខភាព​ផង ប៉ុន្តែ មិន​ភ្លេច​ចំពោះ​កូនសិស្ស​អាជីព​នោះទេ​។ កូនសិស្ស​អាជីព​ខ្ញុំ​ទទួល​ហាក់​រើស​បន្តិច មិនមែន​ចេះតែ​យកៗ​ទេ​។ បច្ចុប្បន្ន ខ្ញុំ​មាន​កីឡាករ​វ័យក្មេង ៣ នាក់​ដែល​មើលទៅ​មាន​ទេពកោសល្យ​ល្អ​។ ឥឡូវនេះ​មានកូន​សិស្ស​ក្មេង ម​ត្ស្យ ច័ន្ទ​រាជ្យ ទើប​អាយុ ១០ ឆ្នាំ ប៉ុន្តែ​ឡើង​ប្រកួត​បាន​ចំនួន ៤ ដង ឈ្នះ ២ និង ចាញ់ ២​ដង​។ គេ​មាន​វ៉ៃ​មាន​ក្បាច់​ល្អ និង ទេពកោសល្យ​ល្អ​»​។​
 
​ការដាក់​គោលដៅ​រើស​កីឡាករ​ក្មេងៗ​នេះ ដើម្បី​បន្ថែម​ពីលើ​កូនសិស្ស​ដែលមាន​ស្រាប់ ដូចជា រិ​ន សា​រ័ត្ន​, អរុណា ច័ន្ទ​រាជ្យ​, ឡុង ឡា​, ស៊ឹម ប៊ុន​ស្រ៊ន់​, មាស ម៉ើ​, និង ចាន់ សំអាត ជាដើម​។ គ្រូបង្វឹក​ដដែល​សង្កត់​ធ្ងន់​ថា ៖«​ក្មេងៗ​ខ្លះ គេ​ចង់​ហាត់​ណាស់​ហើយ​អាណាព្យាបាល​ក៏​ចង់​ឲ្យ​ហ្វឹកហាត់​ដែរ ប៉ុន្តែ ពួកគេ​ធ្វើតេស្ត​ធ្លាក់ ដូច្នេះ​ខ្ញុំ​សម្រេច​អត់​យកមក​ហាត់​ទេ​។ មិន​ថា​ឥឡូវ ឬ ឆ្នាំ​ថ្មី ខ្ញុំ​នៅ​បន្ត​រើស​កុមារ​តូចៗ​មក​ហ្វឹកហាត់​ទៀត​នៅ​ក្លិប​របស់ខ្ញុំ​ជា​បន្តបន្ទាប់​បើសិន​មាន​ដុង​»​។ 

  
 
​ជាមួយគ្នា​នោះ កីឡាករ​វ័យក្មេង ម​ត្ស្យ ច័ន្ទ​រាជ្យ មាន​ត្រឹម​វ័យ ១០ ឆ្នាំ​មកពី​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​បាន​បង្ហើប​ថា​៖«​ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​ស្រលាញ់​ប្រដាល់ គាត់​ជំរុញ​ខ្ញុំ​ហ្វឹកហាត់​។ ខ្ញុំ​ចង់​ល្បី​ដូច សុខ ធី ព្រោះ​គាត់​ខ្លាំង ហើយ ខ្ញុំ​ចង់​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ដូច​គាត់​ដែរ​។ ខ្ញុំ​មក​ហាត់​នៅ​ក្លិប​ប្រហែល ១ ឆ្នាំ​មកហើយ​។ ខ្ញុំ​ចង់​ឡើង​ប្រកួត ហើយ​សប្បាយចិត្ត​»​។​
 
​ក្រៅពី​បង្ហាត់​កីឡាករ​អាជីព Cambodian Top Team ក៏​កំពុង​បង្ហាត់​កូនសិស្ស​ដែល​មក​ហាត់​សុខភាព​ជាង ៣០ នាក់​ផងដែរ​ជា​រៀងរាល់ថ្ងៃ​នាពេល​ល្ងាច​ដល់​ម៉ោង ៨ យប់​បន្ទាប់​កូនសិស្ស​អាជីព​ហ្វឹកហាត់​ចាប់ពី​ម៉ោង ៤ រសៀល​ដល់​ម៉ោង ៦ ល្ងាច​។ ថ្មីៗ​នេះ លោក ហ៊ុន ច័ន្ទ​រាជ្យ មិន​ត្រឹមតែ​រវល់​ច្រើន​ក្នុងការ​បង្ហាត់​កូនសិស្ស​ទេ ប៉ុន្តែ​ថែមទាំង​មមាញឹក​ក្នុងតួនាទី Promoter នាំ​កីឡាករ​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ដូចជា​ថៃ , មី​យ៉ាន់​ម៉ា និង កម្មវិធី ONE Championship ជាដើម​។ 
 
​ក្លិប Cambodian Top Team ត្រូវបាន​បង្កើតឡើង​យ​ដោយ​លោក ហ៊ុន ច័ន្ទ​រាជ្យ នៅ​ឆ្នាំ ២០១៣ ដែលមាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅផ្ទះ​លេខ #2s ផ្លូវ​លេខ ៤៦៨ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ ចំការមន​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ​។ បើ​មានកូន​សិស្ស​ចង់​ហ្វឹកហាត់​អាជីព ឬ ហាត់​ដើម្បី​សុខភាព​មាំមួន ឬ ចង់​ចេះ​ក្បាច់គុន សូម​ទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ​ពីរ​ខ្សែ មាន​ភាសា​ខ្មែរ 012 282 282 និង និយាយ​ជា​ភាសា​អង់គ្លេស​តាមរយៈ​លេខ 089 333 705​។ 
 
​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS​៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com