ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​៖​ ម្ហូបអាហារ ជា​ទូត​នាំសារ​ពី​វប្បធម៌ អត្តសញ្ញាណ ទៅ​ភ្ញៀវ​អន្តរជាតិ
27, Oct 2019 , 10:10 am        
រូបភាព
រូបពីក្រសួងទេសចរណ៍៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងនៅក្នុងពិព័រណ៌ផ្សព្វផ្សាយផលិតផល ស្រា និងម្ហូបអាហារទូទាំងប្រទេសកម្ពុជា និងពិភពលោក
រូបពីក្រសួងទេសចរណ៍៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងនៅក្នុងពិព័រណ៌ផ្សព្វផ្សាយផលិតផល ស្រា និងម្ហូបអាហារទូទាំងប្រទេសកម្ពុជា និងពិភពលោក
ដោយ: ថ្មីៗ
​ដោយ​៖ ផាត ដា​ណេ​​
ភ្នំពេញ​៖ ម្ហូបអាហារ​ជា​ទូត​នាំសារ​អំពី​វប្បធម៌ អត្តសញ្ញាណ​នៃ​ការរស់នៅ​ក្នុង​តំបន់ ទៅ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លើកឡើង​បែបនេះ នៅក្នុង​ពិព័រណ៍​«Wonderful28-lifestyle, Wine and Dine Expo 2019»​។  វេទិកា​អន្តរជាតិ​នេះ ជាការ​ដាក់​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល ស្រា ម្ហូបអាហារ​ទូទាំងប្រទេស​កម្ពុជា និង​ពិភពលោក​។​
​ថ្លែង​ចំពោះមុខ​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​នៅ​កម្ពុជា លោក ប៉ាក់ សុខុម បាន​និយាយថា កម្ពុ​ជាមាន​សក្ដានុពល​ដ៏​សម្បូ​បែប នៃ​សម្បត្តិ​វប្បធម៌​ជាតិ បេតិកភណ្ឌ​រូបិយ អ​រូបិយ​ដែល​មិនទាន់​បានរៀបចំ និង​ផ្សព្វផ្សាយ​ទូលំទូលាយ​ខ្លាំង​ដល់​ពិភពលោក​បានដឹង​នៅឡើយ តួយ៉ាង​ដូចជា​ម្ហូបអាហារ​ជាដើម​។ « ដូច​អ្នក​ទាំងអស់គ្នា​បានដឹង​ហើយ វិស័យ​ទេសចរណ៍ និង​ម្ហូបអាហារ​មាន​ទំនាក់ទំនង ជា​សារ​វ័​ន្ត​យ៉ាងតិច​លើ​វិសាលភាព​ចំនួន​២​រួមមាន ម្ហូបអាហារ​ជា​ផលិតផល​ទេសចរណ៍ ឬ​សេវាកម្ម​ទេសចរណ៍ និង​ម្ហូបអាហារ​ជា​ចំណែក​ទីផ្សារ​ទេសចរណ៍​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាក់ សុខុម​។​
 
​សម្រាប់​លោក ប៉ាក សុខុម ម្ហូបអាហារ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​បង្កើត​ភាព​ចងចាំ ដល់​ភ្ញៀវទេសចរ ។ «​ម្ហូបអាហារ​ជា​ទូត​នាំសារ​អំពី​វប្បធម៌ អត្តសញ្ញាណ ការរស់នៅ ទៅ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​»​។ នេះ​ជាការ​បន្ថែម​របស់លោក សុខុម ដែល​អះអាងថា វិស័យ​ទេសចរណ៍ ជា​កត្តា​លី​ករ​មួយ​ដ៏​សំខាន់ ក្នុង​ការជំរុញ​សន្តិភាព សាកល​ភា​រូបនីយកម្ម សមាហរណកម្ម​តំបន់ ដែល​ផ្សារភ្ជាប់​រវាង​ប្រជាជាតិ និង​ប្រជាជន​។​
 
​កាលពី​ឆ្នាំ​២០១៨​កន្លងមក កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ​៦.២​លាន​នាក់ ក្នុង​អត្រាកំណើន​១០,៧​ភាគរយ​នៃ​វិស័យ​ទេសចរណ៍ ដោយបាន​បង្កើន​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ​៤,៣៦៥​លាន​ដុល្លារ ស្មើនឹង​១២,៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បាន​បង្កើត​ការងារ​ដោយផ្ទាល់​៦២​ម៉ឺន​នាក់ ស្មើ​១៣​ភាគរយ​នៃ​ការងារ​សរុប​។ នេះ​បើតាម​របាយការណ៍​ក្រសួងទេសចរណ៍​។​
 
​របាយការណ៍​ដដែល បាន​បន្ថែមថា តាមរយៈ​កំណើន​នៃ​ភ្ញៀវទេសចរ​អន្ដរជាតិ ចេញដំណើរ​កម្សាន្ដ ក្នុង​ពិភពលោក​ទាំងមូល​ក្នុង​ឆ្នាំ​២០១៨ រហូតដល់​១,៤០០​លាន​នាក់ នៃ​អត្រាកំណើន​៦​ភាគរយ បាន​ចូលរួម​បង្កើត​ការងារ​រហូតដល់​១០​ភាគរយ នៃ​ការងារ​សរុប​បង្កើត​ចំណូល​សរុប​បាន​១,៧​ទ្រី​លាន​ដុល្លារ​អាមេរិក ស្មើនឹង​១០​ភាគរយ នៃ​ផ​លិ​ផល​សរុប​ក្នុងស្រុក​របស់​ពិភពលោក​។ ដោយឡែក​នៅ​ឆ្នាំ​២០១៩​វិញ វិស័យ​ទេសចរណ៍​ពិភពលោក ត្រូវបាន​គេ​រំពឹងថា នឹង​បន្ដ​កើនឡើង​ទៀត ក្នុង​អត្រា​៤​ភាគរយ ហើយនឹង​បន្ត​ទទួលបាន​ភ្ញៀវ​អន្ដរជាតិ​១,៦០០​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​១,៨០០​លាន​នាក់​នៅ​ឆ្នាំ​២០៣០៕ 

© រក្សាសិទ្ធិដោយ thmeythmey.com