ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អាជីវករលក់ទូរសព្ទស៊េរីចាស់ៗថា Nokiaជំនាន់មុន នៅតែលក់ដាច់ច្រើន
× ភ្នំពេញ៖ កំពុងមមាញឹកលក់ទូរសព្ទស៊េរីចាស់ៗនៅលើវិថីទេពផន អ្នកស្រី ម៉ី ស្រីម៉ុច បានអះអាងថា បច្ចុប្បន្ន ទូរសព្ទម៉ាកNokia ស៊េរីចាស់ ដែលជាទូរសព្ទដ៏ល្បីល្បាញកាលពីមួយទសវត្សរ៍កន្លងទៅ នៅតែលក់ដាច់គ្រាន់បើដែរ។ បើតាមស្ត្រីវ័យ២៥ឆ្នាំរូបនេះ នៅក្នុងមួយថ្ងៃ អ្នកស្រីអាចលក់ទូរសព្ទស៊េរីចាស់ៗទាំងនេះបានជាង១០គ្រឿង ដោយមានអតិថិជនជាអ្នករត់ម៉ូតូឌុប រត់កង់បី ចាស់ៗនៅជនបទ និងម្ចាស់ក្រុមហ៊ុននានាផងដែរ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកសារព័ត៌មាននៃគេហទំព័រថ្មីៗ និងអ្នកស្រី ម៉ី ស្រីម៉ុច ដូចតទៅ៖
បើទោះបីទូរសព្ទស៊េរីទំនើប បាននឹងកំពុងពេញនិយមខ្លាំងនៅកម្ពុជា និងលើពិភពលោកក៏ដោយ ប៉ុន្តែ ទូរស័ព្ទម៉ាក Nokia ស៊េរីចាស់ៗ នៅតែដណ្តើមបានចំណែកទីផ្សារខ្លះនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ម៉ី ស្រីម៉ុច អាជីវករលក់ទូរស័ព្ទស៊េរីចាស់ៗនៅផ្លូវទេពផនក្នុងក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន ទូរស័ព្ទ Nokia ស៊េរីចាស់ទាំងមួយទឹក និងថ្មី នៅតែមានអតិថិជនជាច្រើនបន្តគាំទ្រ និងទិញយកទៅប្រើជាបន្តបន្ទាប់។
បើតាមស្ត្រីវ័យ២៥ឆ្នាំរូបនេះ នៅក្នុងមួយថ្ងៃ អ្នកស្រីបានលក់ដាច់នូវទូរស័ព្ទ Nokiaស៊េរីចាស់ៗ ចន្លោះពី១០ទៅជាង១០គ្រឿង។ អ្នកស្រីរៀបរាប់ថា សម្រាប់ទូរស័ព្ទមួយទឹកស៊ីមមួយ មានតម្លៃចន្លោះពី២៥០០០ដល់៤៥០០០រៀល។ ចំណែកទូរស័ព្ទមួយទឹកស៊ីម២វិញ មានតម្លៃចន្លោះពី៥៥០០០ទៅ៧០០០០រៀល។ ចំណែកទូរស័ព្ទស៊េរីទំនើបសម្រាប់ប្រើជាមួយអ៊ិនធឺណេតវិញមានតម្លៃចាប់ពី២៥ដុល្លារទៅ១០០ដុល្លារ។
អ្នកស្រីរៀបរាប់យ៉ាងដូច្នេះថា៖ «នៅលើតុនេះ មានទូរស័ព្ទមួយទឹក និងថ្មី ដូចជា ស៊េរី Nokia1200, 6300, 1202, 105, 107។ ទូរស័ព្ទទាំងអស់នេះ ខ្ញុំយកមកពីប្រទេសថៃ មួយទឹកប្រទេសថៃ តែម៉ាស៊ីនហ្ស៊ីនរបស់វា។ ធម្មតាស៊េរីចាស់មែន ប៉ុន្តែម៉ាស៊ីនវានៅល្អ។ ភាគច្រើនជាអ្នកដឹកអីវ៉ាន់អនឡាញ ព្រោះគេប្រើទូរស័ព្ទទំនើបមួយគ្រឿង តែគេត្រូវការថែមទូរស័ព្ទមួយគ្រឿងទៀត ដើម្បីប្រើស៊ីមច្រើនប្រព័ន្ធ។ ក្រុមហ៊ុន តែងតែទិញឲ្យបុគ្គលិកប្រើ ព្រោះសម្រាប់បុគ្គលិកក្រុមហ៊ុន ពួកគេគ្រាន់តែCallទាក់ទងអតិថិជន ហើយវាមានសំឡេងច្បាស់ល្អ និងកាន់ថ្ម។ ក្រៅពីហ្នឹង មានអតិថិជនជាអ្នករត់ម៉ូតូឌុប តៃកុងឡាន និងអ្នកធ្វើការនៅកន្លែងCall Center»។
អ្នកស្រីបន្ថែមថា ភាគច្រើនអតិថិជនមានទូរស័ព្ទទំនើបមួយហើយ តែពួកគេចង់បានទូរស័ព្ទNokiaមួយទៀត ព្រោះពួកគេចង់ប្រើស៊ីមច្រើនប្រព័ន្ធ។ ម្យ៉ាងទូរស័ព្ទម៉ាក Nokia ស៊េរីចាស់កាន់ថ្ម សំឡេងច្បាស់ល្អ និងធន់ប្រើបានយូរ។
សម្រាប់អាជីវកររូបនេះ បើទោះបីអ្នកស្រីលក់ទូរស័ព្ទតាមចិញ្ចើមផ្លូវមែន តែអ្នកស្រីមានការធានាចំពោះថ្ម និងម៉ាស៊ីនទូរស័ព្ទរយៈពេលមួយសប្តាហ៍ទៅ១០ថ្ងៃ ដោយអ្នកស្រីមានតែមបញ្ជាក់ថាបានទិញពីអ្នកស្រីផ្ទាល់ទៀតផង។
គេសង្កេតឃើញថា ទូរស័ព្ទ Nokia ស៊េរីចាស់ ក្រៅពីមានលក់នៅផ្លូវទេពផន ក៏មានដាក់លក់ជាហូរហែនៅផ្សារទួលសង្កែ និងជាប់របងវត្តទួលសង្កែផងដែរ។ ហើយបើតាមអាជីវករខាងលើនេះ មិនត្រឹមតែដាក់លក់តាមផ្លូវ និងទីប្រជុំជននោះទេ ទូរស័ព្ទមួយទឹកស៊េរីចាស់នេះ ក៏ត្រូវបានគេដឹកលក់តាមម៉ូតូកង់បី ឬឡាន ទៅលក់នៅតំបន់រោងចក្រកាត់ដេរជាដើម៕
Tag:
ទូរសព្ទស៊េរីចាស់
Nokia
© រក្សាសិទ្ធិដោយ thmeythmey.com