ផ្កាថ្ម​សមុទ្រ​មាន​សារសំខាន់ ប៉ុន្តែ​កំពុង​រង​ការបំផ្លិចបំផ្លាញ​ពី​សំណាក់​មនុស្ស​
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ផ្កាថ្ម​សមុទ្រ​មាន​សារសំខាន់ ប៉ុន្តែ​កំពុង​រង​ការបំផ្លិចបំផ្លាញ​ពី​សំណាក់​មនុស្ស​
27, Oct 2019 , 2:49 pm        
រូបភាព
​ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​មាន​សម្រស់​ស្រស់ស្អាត​នៅតាម​ឆ្នេរ​ល្បី​នានា​ជុំវិញ​ពិភពលោក តំបន់​ផ្កាថ្ម ឬ​ជា​ភាសា​អង់គ្លេស​ហៅថា​«Coral Reef»​មាន​នាទី​សំខាន់​មិនអាច​ខ្វះ​បាន​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​។ ប៉ុន្តែ​ផ្កាថ្ម​នេះ​កំពុង​ស្ថិតក្រោម​ការបំផ្លិច​បំផ្លាញ​។

 
​គេហទំព័រ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​ឈ្មោះថា Reef Relief ពន្យល់ថា តំបន់​ផ្កាថ្ម​មានមុខ​ងារ​ក្នុងការ​ទប់ស្កាត់​ការ​បោកបក់​ខ្លាំង​ពី​រលក​សមុទ្រ ការពារ​តំបន់​ព្រៃ​លិច​ទឹក រុក្ខជាតិ​នៅ​បាតសមុទ្រ​រាក់​នានាៗ និង​ជាពិសេស​ឆ្នេរសមុទ្រ​ដែល​ជាទី​ក្រុងមាន​មនុស្ស​រស់នៅ​ច្រើន​ម៉ឺន ច្រើន​សែន​នាក់​។ 
 
​ដោយ​ដើរតួរ​ជា​អ្នកការពារ​លំហ​សមុទ្រ តំបន់​ផ្កាថ្ម​ក៏​ជា​អ្នកការពារ​សង្វាក់​នៃ​បណ្តាញ​អាហារ​ផងដែរ​។ តាំងពី​ពពួក​ត្រី ស្លែ សិប្បីសត្វ (​ដូចជា​មឹក​) និង​គ្រូ​ស្តា​សេ (​ពពួក​ក្តាម បង្កង់​) រហូតដល់​សត្វ​ធំៗ​ជាច្រើន​ទៀត​ដែល​ហៅ​តំបន់​ផ្កាថ្ម​នេះ​ជា​ផ្ទះ​របស់​ពួកគេ​។ សត្វ​ទាំងឡាយ​នេះ​សុទ្ធ​តែមាន​មុខងារ​សំខាន់ៗ​រៀងៗ​ខ្លួន​នៅក្នុង​បណ្តាញ​អាហារ ក្នុងការ​គ្រប់គ្រង​ចំនួន​នៃ​ពូជ​សត្វ​នីមួយៗ​ឲ្យ​នៅមាន​តុល្យ​ភាពល្អ​។ តំបន់​ផ្កាថ្ម​ក៏​ជួយ​ចម្រោះ​ទឹកសមុទ្រ​ផងដែរ​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ជាមួយនឹង​ប្រភព​អាហារ​ដ៏​សម្បូរបែប តំបន់​ផ្កាថ្ម​ក៏​ជា​កន្លែង​នេសាទ​ដ៏​សំខាន់​នៅតាម​ប្រទេស​មាន​ព្រំដែន​ជាប់​សមុទ្រ​ផងដែរ ក្នុងការ​លើកស្ទួយ​ជីវភាព​សេដ្ឋកិច្ចជាតិ​។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ សកម្មភាព​របស់​មនុស្ស​បាន​បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទៅកាន់​តំបន់​ផ្កាថ្ម ដែល​ត្រូវបាន​សមាគមន៍​បរិស្ថាន​នានា​ជុំវិញ​ពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ 
 
​គេហទំព័រ​របស់​អង្គការ​ការពារ​សត្វព្រៃ​ពិភពលោក WWF ក៏បាន​លើកឡើង​ដែរ​ថា តំបន់​ផ្កាថ្ម​មិនអាច​រស់នៅក្នុង​កម្រិត​សីតុណ្ហភាព​ក្តៅ​ដែល​បង្កដោយ​ការកើនឡើង​កម្តៅ​ផែនដី​នោះទេ​។ បើក​ម្តៅ​ភពផែនដី​នៅតែ​បង្ក​កើនឡើង នោះគេ​រំពឹងទុក​ថា ផ្កាថ្ម​ជាច្រើន​តំបន់​ទៀត​នឹងត្រូវ​បាត់​បង់ជីវិត​ក្នុងពេល​ដី​ខ្លី​ខាងមុខ​។ សកម្មភាព​នេសាទ​មួយចំនួន​ក៏​ជួយ​ព​ន្លើ​ន​ល្បឿន​នៃ​ការបំផ្លាញ​ផ្កាថ្ម​ផងដែរ ដូចជា​ការនេសាទ​ដោយ​ប្រើប្រាស់​គ្រាប់បែក​ផ្ទុះ ការ​វាយកម្ទេច​ផ្កាថ្ម និង​ការនេសាទ​ហួស​កម្រិត​ជាច្រើន​ករណី​
​ទៀត​។​
 
 សកម្មភាព​ទេសចរណ៍​មួយចំនួន​ក៏មាន​អំពើ​អវិជ្ជមាន​ទៅកាន់​តំបន់​ធម្មជាតិ​នេះដែរ​។ ការសាងសង់​សំណង់​នៅតាម​តំបន់​ផ្កាថ្ម ការទម្លាក់​យុទ្ធ​ការ​ពី​កប៉ាល់ ការចុះ​ទៅលេង​ក្នុង​ទឹក​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង​ការបង្ហូរ​សារធាតុ​កខ្វក់​ចូលទៅក្នុង​ទឹកជា​ដើម និង​មួយវិញទៀត​ការនេសាទ​ផ្កាថ្ម​ជា​វត្ថុ​អនុ​ស្សវ​រី​យ៍ សុទ្ធសឹងតែ​ជា​សកម្មភាព​ដែល​មនុស្ស​កំពុងតែ​មើលរំលង​ផលប៉ះពាល់​របស់​ពួកវា​៕ 

Tag:
 ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com