កីឡារាំនឹងទទួលបានមេដាយណាមួយពីការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនចុងឆ្នាំនេះ។ នេះជាការបង្ហាញភាពជឿជាក់របស់លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ក្រោយប្រភេទកីឡានេះទើបដណ្តើមបានមេដាយមាស១ និងប្រាក់២ពីការប្រកួត WDSF Taipei Open 2019 នៅឆាយនីយតៃប៉ិ។
ក្រោយទទួលបានជោគជ័យយ៉ាងធំធេង តាមរយៈដណ្តើមបានមេដាយមាស១ និងប្រាក់២ពីព្រឹត្តិការណ៍ WDSF Taipei Open ប្រចាំឆ្នាំ២០១៩នៅឆាយនីសតៃប៉ិ ថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជាជឿជាក់ថា កីឡាករខ្លួននឹងអាចសាងកំណត់ត្រាជាប្រវត្តិសាស្ត្រសម្រាប់សហព័ន្ធ ក៏ដូចជាប្រទេសជាតិក្នុងព្រឹត្តិការណ៍ SEA Games នៅហ្វីលីពីនឆ្នាំនេះ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហបព័ន្ធបានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា៖«ទោះបីស៊ីហ្គេមធ្វើឡើបាន៣០លើក ហើយកីឡារាំទើបចូលរួមលើកដំបូងក៏ដោយ ប៉ុន្តែតាមរយៈការខិតខំរបស់ថ្នាក់ដឹនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនី ក៏ដូចជាបទពិសោធប្រកួតអន្តរជាតិធំៗកន្លងមក ខ្ញុំជឿជាក់ថា កីឡាករយើងនឹងបង្កើតបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ជាតិរបស់ខ្លួននៅក្នុងស៊ីហ្គេមឆ្នាំ២០១៩នេះ»។
កីឡាករ ច័ន្ទ វិទ័រ ម្ចាស់មេដាយមាសនៅ Taipei Open
កត្តាដែលធ្វើឲ្យលោកស្រី ស៊ីមន ជឿជាក់ដូច្នេះ គឺដោយសារកីឡាករកីឡាការិនី ដែលសហព័ន្ធគ្រោងបញ្ជូនឲ្យចូលរួមសុទ្ធសឹងមានសមត្ថភាពខ្ពស់ និងជាម្ចាស់មេដាយមាស និងប្រាក់កម្រិតអាស៊ី ដែលទើបដណ្តើមកាលពីពេលថ្មីៗ។ អគ្គលេខាធិការរូបនេះបានអះអាងថា ក្រុមកីឡាកររាំកម្ពុជាកំពុងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងសកម្មនៅទីស្នាក់ការខ្លួនក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ។
សម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង សហព័ន្ធកីឡារាំកម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីចំនួន៤រូបឲ្យចូលរួមរួមមានកីឡាករខ្មែរអ៊ុយក្រែន ច័ន្ទ វិទ័រ, សេង សុគីម, កីឡាការិនីខ្មែរអ៊ុយក្រែន ព្រាប ដានីអែលឡា និងកីឡាការិនី ម៉ូវ ដានីតា។ ពួកគេនឹងប្រកួតលើ៦វិញ្ញាសាដូចជា Samba, Cha Chacha, Ruba, Paso Doble, Jive និង S,C,R,P,J។
លោកស្រី ហង់ ស៊ីមន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាករកីឡាការិនីកូនកាត់ខ្មែរអ៊ុយក្រែនទាំងពីររួប ច័ន្ទ វិទ័រ និង ព្រាប ដានីអែលឡា ទើបដណ្តើមបានមេដាយមាស១ និងប្រាក់២ពីព្រឹត្តិការណ៍ WDSF Taipei Open 2019។ មេដាយមាសដណ្តើមបានក្នុងការប្រកួត ADSF Asain Adult Open Latin Dance 2019 និងមេដាយប្រាក់ដណ្តើមបានក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble។
ប្រតិភូកីឡារាំកម្ពុជាបានចាកចេញពីឆាយនីសតៃប៉ិ មកដល់មាតុភូមិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដោយទទួលបានការស្វាគមន៍ពីមន្ត្រីសហព័ន្ធ និងកីឡាករកីឡាការិនីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រសួងអប់រំយុវជននិងកីឡានឹងបញ្ជូនប្រភេទកីឡាចំនួន៣០ឲ្យចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ កម្ពុជាដណ្តើមបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ១២៕