បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ចៅសង្កាត់​សាលា​កំរើក​ស្រមៃ​ចង់បាន​តំបន់​ខ្លួន​គ្មាន​ប្លា​ស្លិ​ក​និង​មាន​ភាព​បៃតង​
27, Oct 2019 , 8:30 pm        
រូបភាព
​សៀមរាប​៖ សង្កាត់​សាលា​កំរើក ក្នុង​ក្រុង​សៀមរាប ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន ទៅនឹង​សកម្មភាព​នានា​ដែល​បង្ហាញ​សារ​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។ ចៅសង្កាត់​បាន​បេ្ដ​ជ្ញា​ចិត្ត​ខ្ពស់​ទៅលើ​ការងារ​នេះ ក្នុងនោះ​ថ្នាក់ដឹកនាំ​ចង់​ប្រែ​សង្កាត់​នេះ ឱ្យ​ក្លាយជា​សង្កាត់​គំរូ​ក្នុង​ក្រុង​សៀមរាប ដែល​គ្មាន​សំរាម​ប្លា​ស្ទិ​ក មាន​ភាព​បៃតង និង​មាន​ពលរដ្ឋ​មានចំណេះដឹង​ផ្នែក​បរិស្ថាន​ខ្ពស់​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​



 
​សង្កាត់​សាលា​កំរើក មាន​ក្ដី​ស្រមៃ​ចង់ឱ្យ​តំបន់​របស់ខ្លួន​មាន​ភាព​បៃតង និង​គ្មាន​សំរាម​ប្លា​ស្ទិ​ក​។ ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​នេះ ថ្នាក់ដឹកនាំ​បាន​រិះរក​និង​ធ្វើ​សកម្មភាព​ច្រើនលើកច្រើនសារ ទាំង​ការបញ្ជ្រាប​ចំណេះដឹង​ដល់​ពលរដ្ឋ​ឱ្យ​កាន់តែ​យល់​ពី​ផលប៉ះពាល់​នៃ​សំរាម​ប្លា​ស្ទិ​ក​នេះ​។​
 
 
 
​ចៅសង្កាត់​សាលា​កំរើក លោក សាម ឡ​ន តាំងចិត្ត​និង​មាន​ភាពជឿជាក់​ខ្ពស់ ទៅនឹង​អ្វីដែល​សង្កាត់​របស់លោក​ខំប្រឹងប្រែង​លើ​ការងារ​បរិស្ថាន​។ លោក​ចៅសង្កាត់​ប្រាប់ថា សង្កាត់​សាលា​កំរើក​មាន​សក្កា​នុព​ល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ ដូច្នេះ​ចាំបាច់​ណាស់​ដែល​ត្រូវ​រៀបចំ​បរិស្ថាន​ឱ្យ​ស្អាត ធ្វើឱ្យ​ទេសចរ​ទទួលយកបាន និង​ចង់​មក​ម្ដងទៀត​។ ជាមួយនឹង​គោលដៅ​នេះ សង្កាត់​មាន​គោលការណ៍​និង​សកម្មភាព​ច្រើន ដូច​ជាការ​ប្រារព្ធ​ទិវា​បរិស្ថាន​ដោយ​រើស​សំរាម​ជាដើម​។​
 
​ដោយសារ​ផ្ដោតលើ​វិស័យ​ទេសចរណ៍​ជា​ចម្បង ដូច្នេះ​អ្នករកស៊ី​លើ​វិស័យនេះ​មាន​ទាំង​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ បានបង្ហាញ​ស្មារតី​ចូលរួម​និង​បាន​កំពុង​អនុវត្តន៍​គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក​ផងដែរ​។ ក្នុងនោះ សម្ភារ​ប្រើប្រាស់ ការ​វេច​ខ្ចប់​នានា ក៏បាន​គិតគូរ​លើ​ផ្នែក​នេះ​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សាម ឡ​ន​។​
 
 
 
​ក្រៅពី​មានការ​ផ្សព្វផ្សាយ​ទៅតាម​បណ្ដា​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ​ហើយ​នោះ ចៅសង្កាត់​សាលា​កំរើក ក៏មាន​ផែនការ​ចុះ​អប់រំ​ពលរដ្ឋ​តាម​មូលដ្ឋាន​ផងដែរ​។ លោក សាម ឡ​ន ប្រាប់ថា ចង់​ផ្លាស់ប្ដូរ​ទម្លាប់​ប្រជាពលរដ្ឋ​ឱ្យ​ងាក​ទៅប្រើ​សម្ភារ​នៅ​សម័យមុន​វិញ ដូចជា​ពេល​ទៅ​ផ្សារ​មាន​កន្ដ្រក ហើយ​ការ​វេច​ខ្ចប់​ក៏​អាច​ប្រើ​ស្លឹកចេក​ជំនួស​បានដែរ​។ គោលការណ៍​ដែល​ចៅសង្កាត់​គ្រោង​ផ្សព្វផ្សាយ​រឿង​សំរាម​ដល់​ពលរដ្ឋ​មូលដ្ឋាន​នោះ​មានដូចជា ដាក់​ធុងសំរាម​តាម​ផ្ទះ​ឱ្យបាន​គ្រប់គ្រាន់ លើក​ស្លាក​សញ្ញា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក រួម​និង​ផែន​ការចុះ​អប់រំ​ឱ្យ​ផ្ទះ​ជាដើម​។​ល​។ ការងារ​នេះ​ទាំងនេះ គឺ​ដោយសារ​មហិច្ឆតា​របស់​លោក​ចៅសង្កាត់ ដែល​ចង់ឱ្យ​សង្កាត់​របស់ខ្លួន ក្លាយជា​គំរូ​នៅក្នុង​ក្រុង​ទេសចរណ៍​សៀមរាប​ដែល​គ្មាន​សំរាម និង​មាន​ភាព​បៃតង​។ យ៉ាងណាក៏ដោយ លោក​ចៅសង្កាត់​ទទួលស្គាល់ថា ការអប់រំ​ពលរដ្ឋ​ជា​រឿង​លំបាក​បន្ដិច និង​ទាមទារ​ពេលវេលា​យូរ​។​
 
 
 
​លោក​ចៅសង្កាត់​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ពលរដ្ឋ​វិញ គាត់​មិនទាន់​ស៊ីជម្រៅ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ទេ នៅតែ​ចូលចិត្ត​ប្រើ មិនទាន់​យល់​ពី​ការ​ទុកដាក់​យ៉ាងម៉េច​ទេ​...​ប្រើ​ហើយ​ចោលៗ មិនទាន់​យល់ យើង​នៅ​បន្ត​ការអប់រំ ច្បាប់​របស់​យើង​មានតែ​យើង​មិនទាន់​អនុវត្តន៍​ដោយសារ​ពលរដ្ឋ​យើង​មានការ​យល់ដឹង​តិច​...»​។​
 
​ការឱ្យ​ពលរដ្ឋ​ចេះ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​សង្កាត់​មួយ​ដែល​គ្មាន​សំរាម​ជា​អ្វីដែល​ចៅសង្កាត់​សាលា​កំរើក​ចង់ឃើញ​ក្រោម​ការដឹកនាំ​របស់លោក​។ យ៉ាងណា​លោក​ថា ដើម្បី​សម្រេច​កិច្ចការ​ទាំងនេះ​បាន គឺ​ទាមទារ​ឱ្យ​ពលរដ្ឋ​និង​អ្នករកស៊ី​លើ​វិស័យ​ទេសចរណ៍​ទាំងអស់ ត្រូវ​ចូលរួម និង​សហការគ្នា​ដើម្បីឱ្យ​គោលដៅ​សម្រេច​ជោគជ័យ​ទាំងអស់គ្នា​៕
 
 
​ 

Tag:
 ប្លា​ស្ទិ​ក​
  សង្កាត់​សាលា​កំរើក​
  សាម ឡ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com