សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាល​គៀរ​ហ្ស៊ី​សុីស្ថាន ពឹង​សិល្បករ​ឲ្យ​ជួយ​អប់រំ​ពលរដ្ឋ​លើ​បញ្ហា​ហិរញ្ញវត្ថុ​
27, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ធនាគារកណ្តាល​គៀរ​ហ្ស៊ី​សុីស្ថាន​បាន​អំពាវនាវ​ដល់​ក្រុម​អ្នកចម្រៀង​ប្រពៃណី​ឲ្យ​ដល់​ខ្លួន លើ​ការអប់រំ​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ ជាពិសេស​អត្រា​ប្រាក់កម្ចី និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​ជាដើម​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The Epoch Times​។​

 
«​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​ក្នុងការ​ណែនាំ​មនុស្ស​ធម្មតា​ឲ្យ​យល់​ពី​ការងារ​របស់​យើង​»​។ ធនាគារកណ្តាល​គៀ​រហ្សី​សុីស្ថាន បាន​អះអាង​យ៉ាង​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដោយ​យល់ឃើញថា ការប្រើប្រាស់​មធ្យោបាយ​បែប​បុរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​សិល្បករ នឹងមាន​ឥទ្ធិពល​ច្រើន​លើ​ប្រជាជន​។​
 
 
 
​ស្ថាប័ន​ថ្នាក់ជាតិ​មួយ​នេះ បានរៀបចំ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​ក្រុម​អ្នកចម្រៀង​ប្រជាប្រិយ ដែល​តុបតែង ពាក់មួក និង​មាន​សម្លៀកបំពាក់​បែប​ប្រពៃណី ជាមួយនឹង​ការប្រគំ​ឧបករណ៍​ភ្លេង Komuz​។ ក្នុង​ពាណិជ្ជកម្ម​ដំបូង លោក Baian Akhmatov អ្នកចម្រៀង​ប្រពៃណី​ដ៏​ល្បីល្បាញ ច្រៀង​ពន្យល់​ទាក់ទង​នឹង​អត្ថន័យ អតិផរណា និង​ណែនាំ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​ការប្រើប្រាស់​លុយ និង​ក្រេ​ឌី​ត ជាដើម​។​
 
​មន្ត្រី​ធនាគារកណ្តាល បាន​ពន្យល់ថា ការអប់រំ​តាមរយៈ​អ្នកចម្រៀង ពិតជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​យល់ដឹង​ច្រើន ក្នុងនោះ​ដូចជា ការពន្យល់​ពី​អត្រា​ការប្រាក់ នយោបាយ​ហិញ្ញ​ប្ប​ទាន ទាំងពីរ​ការគ្រប់គ្រង​ថវិកា​គ្រួសារ​។ កន្លងមក អត្រា​ប្រាក់កម្ចី បាន​ឡើង​ជាង​២០​ភាគរយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ រហូតដល់​មានការ​តវ៉ា​នៅមុខ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​
 
​បញ្ហា​ទាំងនេះហើយ ដែល​ធនាគារកណ្តាល​គៀរ​ហ្ស៊ី​សុីស្ថាន​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ពី​ក្រុម​សិល្បករ ដើម្បី​ឲ្យ​ពួកគេ​ជួយ​ពន្យល់​ពលរដ្ឋ​ទាក់ទង​នឹង​មូលហេតុ​ជុំវិញ​ការឡើង​អត្រា​ការប្រាក់ ពីព្រោះ​ភាគី​ខាង​ធនាគារ​ហាក់ដូចជា​និយាយ​មិន​ចូល​ត្រចៀក​ពួកគេ​នោះឡើយ​។​
 
​គៀរ​ហ្ស៊ី​សុីស្ថាន ជា​ប្រទេស​ទី​ពីរ​ដ៏​ក្រ​ជាង​ក្នុងចំណោម​ប្រទេស​ចំនួន​១៥​ដែល​ធ្លាប់​ស្ថិតក្រោម​សាធារណរដ្ឋ​សូ​វៀត​។ ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ​៦​លាន​នាក់ មាន​ជាង​ពាក់កណ្តាល​រស់​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ហើយ​រាប់ពាន់នាក់​ធ្វើ​អន្តោប្រវេសន៍​ទៅ​រុស្ស៊ី និង​ប្រទេស​ដទៃ​ដើម្បី​ធ្វើ​ការងារ​៕
 

 

Tag:
 ធនាគារ​
  គៀរ​ហ្ស៊ី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com